អ្នកចាត់ការទូទៅរបស់បឹងកេតអង្គរ លោក បែ មករា និងសមាជិកជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានធ្វើដំណើរទៅក្លឹប Fujieda នៅប្រទេសជប៉ុនកាលពីយប់មិញដោយគោលបំណងសំខាន់២។
លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លឹបបឹងកេតអង្គរបានឲ្យដឹងថា សម្រាប់រូបលោកក្នុងនាមជាអ្នកចាត់ការទូទៅក្លឹបបឹងកេតអង្គរ និង កីឡាករ ចាន់ វឌ្ឍនាកាទៅប្រទេសជប៉ុននេះដោយគោលដៅសំខាន់២។ ទី១ ក្លឹប Fujieda របស់ជប៉ុនបានអញ្ជើញក្នុងគោលបំណងពិភាក្សាគ្នាដើម្បីចុះអនុស្សារណៈយោគយល់គ្នា (MOU)ដូចជាគម្រោងដោះដូរកីឡាកររវាងក្លឹបទាំង ផែនការបណ្តុះយុវជនថ្នាលជាដើម។
អ្នកចាត់ការទូទៅរូបនេះបន្តថា ទី២ក្លឹប Fujieda ចង់ឲ្យខាងបឹងកេតអង្គរបានស្គាល់ក្លឹបរបស់គេដោយសារគេចាប់អារម្មណ៍នឹងកីឡាករ ចាន់ វឌ្ឍនាកា។ រយៈពេលនៅជប៉ុននេះកីឡាករកម្ពុជារូបនេះនឹងបានហ្វឹកហាត់នៅទីលានទីនោះផ្ទាល់។
លោក បែ មករា មិនបានបញ្ជាក់លំអិតអំពីថាតើគេចាប់អារម្មណ៍ ចាន់ វឌ្ឍនាកាដល់កម្រិតណានោះទេ។ ទោះជាយ៉ាងណាច្បាស់ណាស់ថា ក្លឹប Fujieda កំពុងចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះហើយ។
នៅចាំបានថា កាលពីឆ្នាំ២០១៥កន្លងទៅមានដំណឹងលេចឮថា ក្លឹបនៅលីគបាល់ទាត់កំពូលប្រទេសជប៉ុនចង់បាន ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុន ប៉ុន្តែមួយរយៈពេលក្រោយមកក៏ស្ងាត់ទៅវិញ។ ចុងឆ្នាំ២០១៦នេះ ស្ងាត់ៗស្រាប់តែកីឡាករកម្ពុជាដែលមានកំណើតនៅខេត្តកំពតរូបនេះរួមដំណើរជាមួយអ្នកចាត់ការរបស់ខ្លួនទៅជប៉ុន៕
ប្រភព៖ Sabay
No comments:
Post a Comment