ចំពោះអ្នកប្រើផលិតផល iPhone និង iPad ជាដើម អាចលំបាកក្នុងការរកកម្មវិធី ថតសកម្មភាពលើអេក្រង់ទូរសព្ទ ដោយសារ Apple ពុំអនុញ្ញាតឲ្យកម្មវិធី Screen Recorder ណាមួយមានលើ App Store ឡើយ។ មូលហេតុតែមួយគត់ គឺ Apple បារម្ភពីសុវត្ថិភាពអ្នកប្រើប្រាស់។
Apple បារម្ភថា ការដំឡើង Screen Recorder លើ iPhone អាចឲ្យកម្មវិធីនោះថតរាល់សកម្មភាពផ្សេងៗដែលម្ចាស់ iPhone បានវាយ ទាំងពួកគេមិនដឹងខ្លួន។
បើតាមការចុះផ្សាយមួយរបស់ Techcrunch កាលពីដើមខែមករាឆ្នាំ ២០១៦ បង្ហាញថា Apple បានដកកម្មវិធី Screen Recorder មួយឈ្មោះ Vidyo ចេញពី App Store ក្រោយដាក់ឲ្យទាញយកក្នុងតម្លៃ ៤,៩៩ ដុល្លារ បានតែប៉ុន្មានថ្ងៃ។
មូលហេតុចម្បងពីក្រោយការដកកម្មវិធីនេះ ព្រោះ Apple រកឃើញថា Vidyo មានលទ្ធភាពខ្លាំងរហូតអាចប្រើប្រាស់ AirPlay លើ iPhone និង iPad ដែលអាចឲ្យវាកត់ត្រារាល់សកម្មភាពលើទូរសព្ទបាន ទោះបីពួកគេមិនកំពុងប្រើកម្មវិធីនេះក៏ដោយ។
មកទល់បច្ចុប្បន្ន Apple នៅមិនអនុញ្ញាតឲ្យមានកម្មវិធី Screen Recorder គ្រប់ប្រភេទ ចរាចរលើ App Store នៅឡើយ។ បើចង់ដំឡើង មានតែកម្មវិធី Screen Recorder ពី 3rd Party ប៉ុណ្ណោះអាចទៅរួច តែអាចជួបហានិភ័យ។
ចំពោះ កម្មវិធី Screen Recorder (3rd Party) ដែលនិយមប្រើ ដោយមិនមានការអនុញ្ញាតពី Apple ដូចជា Airshou ក៏លែងអាចឲ្យដំឡើងលើ iPhone ដំណើរការដោយ iOS 10.1.1 បានដែរ។ នេះបើតាមការតេស្តផ្ទាល់របស់ក្រុមការងារបច្ចេកវិទ្យា Sabay។
បើចង់ថតសកម្មភាពលើ iPhone ដោយសុវត្ថិភាពហើយមានការទទួលស្គាល់ពី Apple ប្រិយមិត្តអាចប្រើកម្មវិធី QuickTime លើ Mac ជំនួសវិញ៕
ប្រភព៖ Sabay
No comments:
Post a Comment