loading...

Wednesday, November 23, 2016

វៀតណាម ​ត្រៀម​សង​សឹក​​ម៉ាឡេស៊ី​ នៅ​រសៀល​ថ្ងៃ​នេះ

ក្រុម​​បាល់ទាត់​​ជម្រើស​ជាតិ​វៀតណាម​ ​នឹង​ត្រូវ​ប៉ះ​គូ​ប្រជែង​ធំ​​ម៉ាឡេស៊ី​ ​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFF Suzuki Cup 2016 ​​ពូល​ B ​ប្រកួត​លើក​ទី​២ ​នៅ​ទីក្រុង​រ៉ង់ហ្គូន​ ​វេលា​ម៉ោង​​០៣:៣០​នាទី​​រសៀល​ថ្ងៃ​នេះ ដើម្បី​​​ស្វែង​រក​កៅអី​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ដើម្បី​សង​សឹក​ភាព​ឈឺចាប់​ផង​ដែរ។
ខ្សែ​ប្រយុទ្ធ​វៀតណាម Cong Vinh យំ ​ក្រោយ​ចាញ់​ម៉ាឡេស៊ី ធ្លាក់ AFF Suzuki Cup កាលឆ្នាំ​២០១៤​
វៀតណាម ​​ប្រកួត​បើក​ឆាក​ដំបូង​ បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ​២-១ ​ខណៈ​ដែល​ម៉ាឡេស៊ី ​បាន​ឈ្នះ​លើ​កម្ពុជា ​៣-២។ ដូច្នេះ​ក្រុម​ទាំង​២​នេះ​ ​បើ​ក្រុម​មួយ​ណា​ឈ្នះ​ នឹង​អាច​​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​ ទោះ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។
ក្រុម​ជម្រើស​ជាតិ​វៀតណាម ​បាន​ធ្លាក់​​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup ​កាល​ឆ្នាំ​២០១០ ​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី ​បន្ទាប់​ពី​ជើង​ទី​១​​នៅ​ម៉ាឡេស៊ី ​ពួក​គេ​ចាញ់​ ២-០ ​និង​ជើង​ទី​២ នៅ​ទីក្រុង​ហាណូយ ​​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ០-០។ ​
ជួប​គ្នា​​ម្ដង​ទៀត​ឆ្នាំ​​២០១៤ ​ពាន​រង្វាន់​ AFF Suzuki Cup ​នេះ​​ដដែល​ វៀតណាម​ធ្លាក់​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី​ទៀត​ បន្ទាប់​ពី​​ជើង​ទី​១​​នៅ​ម៉ាឡេស៊ី ​ពួកគេ​ឈ្នះ​ ២-១ ​និង​មាន​រឿង​រ៉ាវ​អ្នកគាំទ្រ​វាយ​គ្នា​បែក​ឈាម​ នា​ពេល​នោះ​ផង​ដែរ។ ត្រឡប់​មក​ជើង​ទី​២ ​ទឹក​ដី​ខ្លួន​ឯង​ វៀតណាម​​បែរ​ជា​ភ្លាត់​ចាញ់​ម៉ាឡេស៊ី​ដល់​ទៅ​ ៤-២ ​ទោះ​បី​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Le Cong Vinh ​ស៊ុត​បាន​ ២​គ្រាប់​ម្នាក់​ឯង​ក៏​ដោយ។
ការ​ធ្លាក់​​ក្រោម​​ថ្វី​ជើង​ម៉ាឡេស៊ី​ ​នៅ​​​ទឹក​ដី​ខ្លួន​ឯង​ឆ្នាំ​២០១៤ ​បាន​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​វៀតណាម​ជា​ច្រើន​ខក​​ចិត្ត​​​យំ​​គ្រប់​គ្នា ខណៈ​ដែល​អ្នកគាំទ្រ​​រាប់​​ម៉ឺន​នាក់ ដែល​ទៅ​ទស្សនា​​ផ្ទាល់​នៅ​កីឡដ្ឋាន​ជាតិ​ My Dinh ​​ក៏​បាន​បង្ហូរ​ទឹក​ភ្នែក​ឥត​ឈប់​ឈរ​ផង​ដែរ។ ដូច្នេះ​ចាំ​មើល​ថា ​ប៉ះ​គ្នា​ឆ្នាំ​២០១៦​ថ្ងៃ​នេះ​ វៀតណាម អាច​សង​សឹក​ម៉ាឡេស៊ី បាន​​ឬ​យ៉ាង​ណា ​សូម​រង់​ចាំ​តាម​ដាន​លទ្ធផល​ទាំង​អស់​គ្នា៕
​​​​ប្រភព៖ Sabay

No comments:

Post a Comment