loading...

Monday, November 28, 2016

អ្នក​ជំនាញ​បង្ហើប​ពី​រូបមន្ត​ពិសេស​ធ្វើ​ឲ្យ​សាច់ក្រក​ឆ្ងាញ់

ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​បាន​ទៅ​ដល់​ខេត្ត​សៀមរាប​ គឺ​មិនសូវ​រំលង​ទិញ​សាច់ក្រក​ផ្ញើ​ក្រុមគ្រួសារ​ពេល​ត្រឡប់​មក​ពី​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​គេ​និយម​ទិញ​សាច់ក្រក​ផ្ញើ​អ្នក​ផ្ទះ​ដូច្នេះ? ចម្លើយ​យ៉ាង​ខ្លី​សាច់ក្រក​សៀមរាប​ឆ្ងាញ់​ជាង​សាច់ក្រក​ខេត្ត​ណាៗ​ទាំង​អស់។ តើ​មាន​រូបមន្ត​អ្វី​ដើម្បី​ធ្វើ​ឲ្យ​សាច់ក្រក​នេះ​ឆ្ងាញ់ ដែល​ញុំា​ទៅ​ហើយ​មិន​អាច​បំភ្លេច​រសជាតិ​សាច់ក្រក​ខេត្ត​សៀមរាប?
ឆ្លើយ​តប​នឹង​សំណួរ​នេះ ម្ចាស់​ហាង​សាច់​ក្រក​ឆ្ងាញ់​សៀមរាប​យីហោ "លី ធាងសេង" បាន​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​ថា សាច់​ក្រក​ឆ្ងាញ់​គឺ​ត្រូវ​លាយ​គ្រឿង​ឲ្យ​សម​ល្មម​តាម​ក្បួន​ខ្នាត ហើយ​អ្វី​ដែល​ជាពិសេស​ជាង​គេ​នោះ គឺ​ការ​ជ្រើសរើស​សាច់​ជ្រូក​ស្រស់​ទើប​ធ្វើ​សាច់​ក្រក​ឆ្ងាញ់។ "សាច់​ជ្រូក​ត្រូវ​យក​ផ្លូវ ហើយ​ត្រូវ​ងើប​ពី​ព្រឹក​ទិញ​ទើប​សាច់​ស្រស់​ល្អ យើង​អត់​អាច​យក​សាច់​ក្លាសេ​បាន​ទេ ត្រូវ​តែ​សាច់​ថ្មីៗ​ទើប​ធ្វើ​ទៅ​សាច់​ក្រក​ឆ្ងាញ់"។
លោក លី ធាងសេង ម្ចាស់​ហាង​សាច់​ក្រក​នៅ​ភូមិ​វិហារ​ចិន ឃុំ​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​រៀបរាប់​ទៀត​ថា ហេតុ​ផល​សំខាន់​មួយ​ដែល​ភ្ញៀវ​មក​លេង​ខេត្ត​សៀមរាប​ ហើយ​មិន​សូវ​រំលង​ទិញ​សាច់ក្រក​ដើម្បី​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​នោះ ដោយសារ​តែ​សាច់ក្រក​ក្នុង​ខេត្ត​នេះ​ឆ្ងាញ់។ "តាំង​ពី​ដូនតា​មក​យើង​មាន​រូបមន្ត​ច្បាស់​លាស់​ត្រូវ​លាយ​អំបិល​ប៉ុន្មាន ស្ករ​ប៉ុន្មាន​ ហើយ​សាច់​ត្រូវ​តែជ្រើសរើស​អាល្អ (ស្រស់)​ ពេល​នោះ​សាច់​ក្រក​ឆ្ងាញ់​គេ​ចេះតែ​មក​ទិញ​ជា​បន្ត"។ លោក សេង និយាយ។
ម្ចាស់​ហាង​សាច់ក្រក​ដែល​មាន​ទីតាំង​នៅ​តាម​រង្វង់​មូល​ផ្សារ​ចាស់​បត់​ចុះ​ទៅ​ផ្សារ​ក្រោម​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​សាច់​ក្រក​នេះ​គឺចេះ​តាំង​ពី​ជីតា​មក រហូត​មក​ដល់​លោក​ ទើប​សាច់​ក្រក​ដែល​មាន​យីហោ លី ធាងសេង នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន។ "សាច់​ក្រក​ហាង​ខ្ញុំ​ គឺ​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៅ​ក្រសួង​ហើយ​មាន​យីហោ​ដែល​មាន​វាយ​បាកូដ​លើ​ផលិត​ ដូច្នេះ​ផលិត​ផល​មួយ​នេះ​មាន​ការ​ត្រួតពិនិត្យ​ត្រឹម ដែល​ជា​ការ​ទុក​ចិត្ត​ដល់​អតិថិជន"។
តើ​ត្រូវ​ធ្វើ​ម៉េច​ដឹង​ថា សាច់ក្រក​ល្អ និង​ឆ្ងាញ់? ងាយ​ស្រួល​ណាស់​ គឺ​សាច់ក្រក​ល្អ​ ត្រូវ​មើល​លើ​ពណ៌​ស្រស់​ថ្លា មានន័យ​ថា សាច់ក្រក​ថ្មីៗ ហើយ​បើ​សាច់​ធ្លាក់​គុណ​ភាព​ឡើង​ពណ៌ខ្មៅ។ លោក សេង និយាយ។
ចំពោះ​សាច់ក្រក​ដែល​ចង់​ទុក​បាន​យូរ​ គឺ​ត្រូវ​ទុក​នៅ​ក្នុង​ទូទឹកកក​​អាច​រក្សា​បាន​យ៉ាង​តិច​ ១ឆ្នាំ ហើយ​បើ​មិន​ទុក​ក្នុង​ទូទឹកកក អាច​រក្សា​បាន​ត្រឹមតែ​ ៣ខែ​ នឹង​ធ្វើ​ឲ្យ​ប្រែពណ៌​ខ្មៅ​មិន​ខាន ដូច្នេះ​សាច់​ក្រក​នឹង​ធ្លាក់​គុណភាព ញុំា​ទៅ​មិន​សូវ​ឆ្ងាញ់​ដូច​សាច់ក្រក​ស្រស់​នោះទេ។ នេះជា​ការ​ណែនាំ​បន្ថែម​ពី​លោក លី ធាងសេង៕
សូម​ទស្សនា​វីដេអូ​ នៃ​បទ​សម្ភាសន៍​ខាងក្រោម​នេះ

No comments:

Post a Comment