ផ្អែកតាមប្រព័ន្ធវេបសាយមួយឈ្មោះថា Social Blade បានធ្វើការទស្សន៍ទាយថា តារាចម្រៀងក្មេងខ្មែរ កៅ ពន្លឺ អាចរកចំណូលតាមរយៈយូធូបក្នុងមួយខែចន្លោះពី ៨៨៩ ទៅ១៤,២ម៉ឺនដុល្លារ និងក្នុងមួយឆ្នាំអាចបានចន្លោះពី ១០,៧ ទៅ ១៧០,៧ សែនដុល្លារ។
យ៉ាងណាមិញជួបជាមួយសាមីខ្លួន កៅ ពន្លឺ បានស្រាយចម្ងល់ចំពោះទិន្នន័យដែលវេបសាយខាងលើបានចុះផ្សាយ គឺមិនមែនជាការពិតទេ ហើយលោកក៏មិនដឹងថាវេបសាយខាងលើបានទិន្នន័យបែបនេះពីណាមកដែរ។
ពន្លឺ ថ្លែង៖ "ខ្ញុំភ្ញាក់ផ្អើលដែរ ពេលដែលបានឃើញវេបសាយយូធូបមួយនេះដាក់ថា ខ្ញុំមួយខែអាចរកបានជាង ១ម៉ឺនដុល្លារ។ ខ្ញុំធ្លាប់បានឃើញច្រើនដងដែរបង ប៉ុន្តែខ្ញុំគិតថាប្រហែលគេចេះតែដាក់ទេមើលទៅបង"។
ជាក់ស្ដែងម្ចាស់បទ "បុណ្យភូមិ" ប្រាប់ថាក្នុងមួយខែតាមរយៈយូធូបលោករកបានចន្លោះ ៥០០ ទៅ៦០០ដុល្លារ ដែលតម្លៃនេះមិនរាប់បញ្ចូលនឹងកម្មវិធីការប្រគំតន្ត្រីផ្សេងៗឡើយ។
“រាល់ថ្ងៃបើខ្ញុំរកបានដូចដែលគេចុះថាបានជាង ១សែន ដុល្លារក្នុងមួយឆ្នាំ មែន ខ្ញុំក្លាយជាអ្នកមានហើយបង។ ប៉ុន្តែជាក់ស្ដែងបានត្រឹមតែជួយគ្រួសារមួយចំណែក និងខ្លួនឯងតែប៉ុណ្ណឹង។ ណាមួយថ្ងៃមុនខ្ញុំទើបតែធ្វើស្ទូឌីយោរួចរាល់អស់ប្រមាណជាង៣ពាន់ដុល្លារដែរបង"។ ម្ចាស់បទ "ខូចចិត្ត" បន្ថែម។
កៅ ពន្លឺ អះអាងថាមួយរយៈចុងក្រោយ មុនពេលព្រះរាជពិធីបុណ្យអ៉ុំទូកនេះលោក ក៏ដូចជាក្រុមក្មេងខ្មែមានភាពមមាញឹកច្រើន ដែលមួយសប្ដាហ៍លោកថាសឹងតែរកពេលសម្រាកមិនបានផង។ ដរាបណាកំពុងតែមានកេរ្ត៍ឈ្មោះល្បី និងនៅអាចមានសមត្ថភាពរកចំណូលបាន ពន្លឺ ថាត្រូវតែខំប្រឹង ព្រោះមិនអាចប៉ាន់ស្មានដឹងមុនថារយៈពេលទៅមុខមួយឆ្នាំទៀត លោកនៅតែរក្សាការគាំទ្រពីទស្សនិកជន ដូចសព្វថ្ងៃឬយ៉ាងណា៕
ប្រភព៖ Sabay
No comments:
Post a Comment