loading...

Wednesday, November 30, 2016

វិធី​សាស្រ្ត​គ្រប់គ្រង​​ប្រាក់​ចំណូល-ចំណាយ ​ដើម្បី​ឱ្យ​សល់​លុយ

"ពេល​មាន​លុយ​តិច​ក៏​ចាយ​ខ្វះ ដល់​តែ​ពេល​មាន​លុយ​ច្រើន​ហើយ​នៅ​តែ​ចាយ​ខ្វះ​ទៀត"។ ពាក្យ​មួយ​ឃ្លា​នេះ​​តែងតែ​លឺ​ជា​ញឹកញយ​ពី​មនុស្ស​មួយ​ចំនួន​ធំ។ កត្តា​ចម្បង​ដែល​បណ្ដាល​​ឱ្យ​ចាយ​លុយ​មិន​សល់​នោះ​ គឺ​មក​ពី​មិន​ចេះ​បែងចែក​ប្រាក់​ចំណូល-ចំណាយ​ឲ្យ​​បាន​ត្រឹមត្រូវ។ នេះ​ជា​ការ​លើកឡើង របស់ លោក ជី ដានិត ដែល​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន ឯកជន​មួយ​កន្លែង និង​ជា​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​ផង​នោះ​បាន​ចែក​រំលែក​វិធី​សាស្រ្ត​គ្រប់គ្រង​​ប្រាក់​ចំណូល​-ចំណាយ ខាង​ក្រោម៖​
១. លុយ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ​ ប្រាក់​ចំណូល​ដែល​យើង​រក​បាន​ក្នុង​មួយ​ខែៗ​ យើង​គួរ​ដក​មួយ​ផ្នែក​ទុក​ចាយ​វាយ​ប្រចាំ​ថ្ងៃ ហើយ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​នេះ​ទៀត គឺ​យើង​ត្រូវ​ធ្វើ​ការ​បែងចែក​ឱ្យ​ច្បាស់​លាស់​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​យើង​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ ហើយ​កំណត់​ថា​ក្នុង​មួយ​ថ្ងៃ ចាយ​អស់​ប៉ុន្មាន​។ ​ប្រសិន​បើ​យើង​មិន​បាន​ធ្វើ​ការ​បែង​ចែក​ឱ្យ​បាន​ត្រឹមត្រូវ​ដូចនេះ​ទេ ទោះ​មាន​ប្រាក់​ខែ​ប៉ុន្មាន​ក៏​មិន​សល់​លុយ​ដែរ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ជី ដានិត​។
២. លុយ​សម្រាប់​សន្សំ
ប្រាក់​ចំណូល​ដែល​រក​បាន​ក្នុង​មួយ​ខែ​ គួរ​ធ្វើ​ការ​បែងចែក​មួយ​ផ្នែក​សម្រាប់​​សន្សំ​ ពី​ព្រោះ​ថា​ប្រសិន​បើ​មិន​បាន​ធ្វើ​ការ​បែង​ចែក​ឱ្យ​បាន​ច្បាស់​លាស់​នោះ​ទេ ក្នុង​មួយ​ឆ្នាំ​ៗ​យើង​ប្រាកដ​ជា គ្មាន​លុយ​សល់​នោះ​ឡើយ​។ លោក​បាន​បញ្ជាក់​ទៀត​ថា លុយ​សម្រាប់​សន្សំ​នេះ​មិន​ចាំ​បាច់​ទាល់​តែ​មាន​ប្រាក់​ខែ​ច្រើន​ទើប​ធ្វើ​បាន​នោះ​ទេ។ ឧទាហរណ៍ ប្រសិន​បើ​ប្រាក់​ខែ ១០០ ដុល្លារ គួរ​ចាយ​តែ ៨០​ដុល្លារ​បាន​ហើយ​ទុក​២០​ដុល្លារ​សម្រាប់​សន្សំ​។ នៅ​ត្រង់​ចំណុច​នេះ​មានន័យ​ថា ចាយ​លុយ​ទៅ​តាម​លទ្ធភាព​ដែល​រក​បាន ហើយ​​ត្រូវ​ចេះ​សន្សំ​តាំង​ពី​ប្រាក់​ខែ​តិច​ឡើង​ទៅ​។
៣. លុយ​សម្រាប់​វិនិយោគ
លុយ​សម្រាប់​វិនិយោគ​ខុស​ពី​លុយ​សម្រាប់​សន្សំ​ លុយ​សន្សំ​ទុក​ប្រើប្រាស់​ក្នុង​ករណី​ចាំ​បាច់​ពេល​ការ​បន្ទាន់​ដូចជា​លុយ​ទុក​ទិញ​ផ្ទះ ទិញ​ឡាន ទិញ​ម៉ូតូ ជាដើម​។ ហើយ​លុយ​សម្រាប់​វិនិយោគ​នេះ​ ជា​ការ​បែងចែក​ប្រាក់​ចំណូល​មួយ​ផ្នែក​ទៀត​បន្ទាប់ ពី​មាន​ប្រាក់​ខែ​ច្រើន​ជាង​មុន ព្រោះ​ថា​កាល​មាន​ប្រាក់​ខែ​តិច​យើង​គ្មាន​លទ្ធភាព​ ក្នុង​ការ​សន្សំ​លុយ​សម្រាប់​រកស៊ី​ទេ ប៉ុន្តែ​នៅ​ពេល​ប្រាក់​ខែ​ច្រើន​ហើយ​ យើង​គួរ​បែង​ចែក​មួយ​ផ្នែក​ទៀត​ទុក​រកស៊ី​។ ដូច្នេះ​មាន​ន័យ​ថា យើង​អាច​បែងចែក​ប្រាក់​ចំណូល​របស់​យើង​បាន​បី​ផ្នែក​ហើយ​គឺ​លុយ​សម្រាប់​ចាយ​វាយ​ប្រចាំ​ថ្ងៃ លុយ​សម្រាប់​សន្សំ​ និង លុយ​សម្រាប់​ទុក​រកស៊ី​។
៤. លុយ​សម្រាប់​សុខភាព
មនុស្ស​យើង​ម្នាក់ៗ​មិន​ប្រាកដ​ថា សុខភាព​ល្អ​រហូត​នោះ​ទេ ដូចនេះ​ហើយ​គួរ​ធ្វើ​ការ​បែងចែក​ប្រាក់​ចំណូល​មួយ​ផ្នែក​ទៀត​ដើម្បី​មើល​ថែ​សុខភាព និង​នៅ​ពេល​ដែល​ឈឺ​គឺ​មាន​លុយ​ផ្សេង​ទៀត​សម្រាប់​ព្យាបាល​។ ការ​បែងចែក​លុយ​គឺ​ត្រូវ​ធ្វើ​ម្ដង​មួយ​ជំហាន​ៗ​ទៅ​តាម​លទ្ធភាព​លុយ​ដែល​រក​បាន លុយ​កាន់​តែ​ច្រើន​គឺ​ត្រូវ​ធ្វើ​ការ​បែង​ចែក​កាន់​តែ​ច្រើន​ដូច​គ្នា។ មិនមែន​លុយ​កាន់​តែ​ច្រើន​ហើយ​ការ​បែង​ចែក​លុយ​នៅ​តែ​ដដែល​នោះ​ទេ។ ជា​ពិសេស​សុខភាព​នេះ​តែ​ម្ដង​ត្រូវ​ធ្វើ​បែងចែក​លុយ​ដែល​រក​បាន គិតគូរ​លើ​សុខភាព​ខ្លះ​ផង ព្រោះ​ទាល់​តែ​សុខភាព​ល្អ​ទើប​អាច​រក​លុយ​បាន​ទៀត។
៥. លុយ​សម្រាប់​ដំណើរ​កម្សាន្ត ​ ​ត្រង់​ចំណុច​នេះ​លោក ជី ដានិត បាន​លើក​ឡើង​ថា៖ ជា​ការ​ពិត​ជីវិត​មនុស្ស​យើង​ម្នាក់ៗ មិន​អាច​ គិត​តែ​រឿង​រក​លុយ ភ្លេច​ផ្ដល់​សេចក្ដី​សុខ​ដល់​ខ្លួន​ឯង​នោះ​ទេ។ ដូចនេះ​យើង​គួរ​បែងចែក​ប្រាក់​ចំណូល​ដែល​រក​បាន​មួយ​ផ្នែក​ទៀត​ទុក​សម្រាប់​ដំណើរ​កម្សាន្ត។ លោក​បន្ត​ទៀត​ថា ដំណើរ​កម្សាន្ត​ទៀត​សោត​យើង​ត្រូវ រៀបចំ​គម្រោង​ឱ្យ​ច្បាស់លាស់ ថា​ចង់​ទៅ​កម្សាន្ត ក្នុង​ស្រុក​ឬ ក្រៅ​ប្រទេស​ ប្រសិន​បើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​អាច​ចំណាយ​អស់​ប៉ុន្មាន ហើយ​ក្រៅ​សុខ​អស់​ប៉ុន្មាន។ នៅ​ពេល​ដែល​យើង​រៀបចំ​គម្រោង​បាន​ច្បាស់​លាស់​ហើយ​ យើង​ចាប់​ផ្ដើម​ធ្វើ​ការ​សន្សំ​លុយ​ពី​ឥលូវ​ឱ្យ​ហើយ នៅ​ពេល​ដែល​ដល់​ថ្ងៃ គឺ​យើង​មាន​លុយ​ពេញ​ដៃ មិន​ចាំ​បាច់​ដក​លុយ​ពី​ផ្នែក​ផ្សេងៗ​ទៀត​នោះ​ទេ។

No comments:

Post a Comment