ខ្ទឹមបារាំងក្រហមត្រូវគេដឹងថា មានអត្ថប្រយោជន៍ច្រើនសម្រាប់ជួយសុខភាពឲ្យបានល្អប្រសើរឡើងព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមដូចជា quercetin, allicin, anthocyanin និង chromium សម្រាប់ប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរី ផ្សិត កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ ជំនួយសរសៃឈាមបេះដូង និងអាចសម្រកទម្ងន់បានយ៉ាងល្អ។
ការសិក្សាថ្មីចុងក្រោយមួយថ្មីៗបានរកឃើញថា បន្លែមួយនេះអាចប្រឆាំងនឹងជំងឺមហារីកពោះវៀន និងមហារីកសុដន់បានទៀតផង។ "យើងបានរកឃើញថា ខ្ទឹមនេះល្អប្រសើរមែនទែនដើម្បីសម្លាប់កោសិកាមហារីក"។ នេះបើតាមការអះអាងរបស់លោក Abdulmonem Murayyan ជានិស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Guelph ក្នុងទីក្រុង Ontario ប្រទេសកាណាដា។
ការរកឃើញគួរឲ្យចាប់អារម្មណ៍ខាងលើ បានចុះផ្សាយនៅលើទស្សនាវដ្ដីកាណាដា Journal Food Research International ដោយបង្ហើបថា ខ្ទឹមក្រហមបានផ្ទុកសារធាតុ quercetin និង anthocyanin។ សារធាតុ quercetin តែមួយមុខក៏អាចបន្ថយអាការៈរលាក និងប្រឆាំងអាលែហ្ស៊ីជាដើម ឯ Anthocyanin ជាសារធាតុផ្ដល់ពណ៌ដល់បន្លែផ្លែឈើដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់កោសិកាមហារីក។
ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបង្ហើបថា មិនមែនគ្រប់ខ្ទឹមបារាំងសុទ្ធតែអាចសម្លាប់កោសិកាមហារីកបានភាគរយខ្ពស់ទាំងអស់នោះទេ គេត្រូវចេះមើលប្រភេទដូចជា ស្វែងរកខ្ទឹមបារាំងណាហាប់ណែន រឹង រាងដូចអំពូលពងមាន់ និងមានពណ៌ក្រមដិតខ្លាំងនៅផ្នែកកំពូល៕
ប្រភព៖ Sabay
No comments:
Post a Comment