ជានិស្សិតអាហារូបករណ៍ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងត្រៀមបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតឯកទេ្ទសសោភ័ណ្ឌសល្យសាស្ត្រ (Plastic surgery) នៅឆ្នាំក្រោយ យុវតីកម្ពុជាមួយរូប មានគោលបំណងធំពីរ ដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។
មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ កញ្ញា ម៉ម គឹមអេង មានគោលបំណងទី១ គឺចង់ក្លាយជាគ្រូពេទ្យមួយរូប មានទាំងសមត្ថភាព និងមានសីលធម៌ល្អ ខណៈកន្លងមកមានការរិះគន់ពីអ្នកជំងឺថា បានប្រើពាក្យសំដីមិនសមរម្ យពីគ្រូពេទ្យមួយចំនួនតូច។
“ពាក្យអាក្រក់ក៏មួយម៉ាត់ ពាក្យល្អក៏មួយម៉ាត់ ការទម្លាប់ប្រើប្រាស់ពាក្យល្អ ក៏ជួយមួយផ្នែកលើការព្យាបាលខាងចិត្តសាស្ត្រផងដែរ។ គោលបំណងទី២ គឺចង់បង្កើតមូលនិធិថែទាំសុខភាពមនុស្សចាស់។ មនុស្សចាស់មួយចំនួន បានប្រឈមទាំងសុខភាព និងគ្មានចំណីអាហារ និងការថែទាំ។ ដោយឡែកបំណងបង្កើតមូលនិធីមនុស្សចាស់ ខ្ញុំកត់សំគាល់ថា ឃើញចាស់ៗខ្លះគាត់គ្មានកូនចៅទំនុកបម្រុង ប្រឈមទាំងផ្នែកសុខភាព និងចំណីអាហារ”។
មែនទែនទៅ គឹមអេង ក៏ធ្លាប់មានប្រវត្តិប្រឡូក ក្នុងកិច្ចការងារធ្វើការងារសង្គមជាច្រើនផងដែរ។ តាំងពីអាយុ ១៣ ឆ្នាំ កញ្ញាធ្លាប់ជាប្រធានកម្មវិធី នៃគណៈកម្មការកុមារ ដើម្បីការពារសិទ្ធិកុមារ។ ឆ្នាំ ២០០៤ ជាតំណាងកុមារកម្ពុជា ចូលរួមសនិ្នបាតមេគង្គប្រឆាំងការ ជួញដូរកុមារ និងស្ត្រី។ ២០១១ ដោយស្រលាញ់មុខវិជ្ជាវះកាត់ កញ្ញាបានស្ម័គ្រចិត្តជា Medical Assistant ឱ្យអង្គការ Humanittera ក្រុមគ្រូពេទ្យបារាំង វះកាត់ជូនប្រជាជន ដោយមិនគិតថ្លៃ។ ២០១១ ស្ម័គ្រចិត្តធ្វើការនៅ Clinic De Belle Vie ។ ២០១៤ ស្ម័គ្រចិត្តជា Medical Assistant ឱ្យអង្គការ Operation Smile និង Smile Cambodia វះកាត់មាត់ឆែបជូនប្រជាជន ដោយមិនគិតថ្លៃ។
២០១៥ - ២០១៦ កញ្ញាបានបង្កើតមូលនិធិមួយឈ្មោះ Safe Cambodia ជួយដល់អ្នកជំងឺក្រីក្រ ជូនថវិការ អាហារហូបចុក និងសម្ភារៈផ្សេងៗ ឧបត្ថម្ភពីសប្បុរសជន។ ការចូលរួមក្នុងបេសកកម្ម និងការងារមនុស្សធម៌ ដូចបានរៀបរាប់ខាងលើ កញ្ញាបានទទួលលិខិតសសើរជាយុវជនគំរូ ពីសម្តេចតេជោផងដែរ។ បច្ចុប្បន្ន គឹមអេង កំពុងបំរើការងារជាគ្រូពេទ្យផ្នែកវះកាត់ នៅមន្ទីរពហុព្យាបាលខេមា Khema Clinic និងជា On Call សំរាប់ Clinic ផ្សេងៗទៀត។ និយាយពីការទំនុកបម្រុងការសិក្សាជាង ១០ ឆ្នាំមកនេះ គឹមអេង ដែលជាកូនពៅ ក្នុងចំណោមបងប្អូន ៦ នាក់ ឪពុកជាមន្ត្រីរាជការចូលនិវត្ត ម្តាយជាស្ត្រីមេផ្ទះ ហាក់មានការប្រឈមបន្តិចបន្តួច តែដោយមានការជួយជ្រោមជ្រែងពីឪពុកម្តាយ និងបងប្អូន គឹមអេង មានកម្លាំងចិត្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ។
រៀនពេទ្យត្រូវចំណាយពេលច្រើនទាំងលើការស្រាវជ្រាវទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ពេលអនុវត្តការងារដំបូង គឹមអេង ធ្លាប់ត្រូវមុតដៃនឹងម្ជុល កាំបិតនិងអំពូលថ្នាំ ព្រមទាំងលាងមុខរបួសអ្នកជំងឺ ដែលមានខ្ទុះឈាម ប៉ុន្តែមានការរីករាយទៅនឹងកិច្ចការងាររបស់ខ្លួន បើទោះជាពេលខ្លះត្រូវយាម និងធ្វើការវះកាត់ទល់ភ្លឺ និងស្ទើតែបាក់កម្លាំងក្តី ក៏នៅតែតស៊ូជម្នះការលំបាក ព្រោះនេះគឺជាឱកាសមួយ ដែលអាចឱ្យកញ្ញាក្រេបជញ្ជក់នូវចំណេះដឹង។
គឹមអេង ធ្លាប់ទៅចុះកម្មសិក្សា Plastic surgery រយៈពេលមួយខែនៅ មន្នីរពេទ្យ Saint Joseph , ទីក្រុង Marseille ប្រទេសបារាំង តាមរយៈអង្គការ Humaniterra ផងដែរ។ មានរឿងមួយដែលកញ្ញាចងចាំមិនអាចបំភ្លេចបាន និងធ្វើឱ្យមានអារម្មណ៍ក្តុកក្តួល នៅពេលដែល កញ្ញាបានប្រាប់ទៅប្រពន្ធអ្នកជំងឺម្នាក់ថា ប្តីគាត់ត្រូវទទួលយកការវះកាត់ ដោយមានប៉ះទង្គិចឈាមកកក្នុងខួរក្បាល និងបាក់ឆ្អឹងមុខ។ ស្រាប់តែប្រពន្ធគាត់យំឱបកញ្ញា ហើយនិយាយថា មេត្តាជួយប្តីគាត់ផង គាត់មានប្តីតែមួយហ្នឹងទេ។
ប្តីគេ បងគេ បងយើង ប៉ាគេ ប៉ាយើង អ្នកណាមិនខ្លាចបាត់បង់មនុស្សជាទីស្រលាញ់ ? ពេលនោះកញ្ញា និងក្រុមគ្រូ ពេទ្យសន្យាថា នឹងខំប្រឹងព្យាយាមអស់ពីសម្ថភាព។ ការវះកាត់ក៏ប្រព្រឹត្តិ ដោយជោគជ័យ។ នេះជាអ្វីដែលគ្រូពេទ្យគ្រប់រូបប្រាថ្នា។ កញ្ញាបានថ្លែងអំណរគុណដល់ លោកគ្រូ-អ្នកគ្រូ ដែលបានខិតខំអស់សមត្ថភាពបង្ហាត់បង្ហាញទាំងនៅសាលា និងមន្ទីរពេទ្យ ឱ្យកញ្ញាចេះកាន់កន្ត្រៃ កាំបិត និងដេរមុខរបួស ក្នុងគោលបំណងតែមួយ គត់គឺចង់ឃើញកូនសិស្សក្លាយជាគ្រូពេទ្យដ៏ល្អ និងមានក្រមសីលធម៌។ កញ្ញាចាត់ទុកការស្តីឱ្យរបស់លោកគ្រូ-អ្នកគ្រូ គ្រាន់តែជាការប្រៀនប្រដៅឱ្យសិស្សរបស់ខ្លួន ឱ្យមានចំណេះដឹងពិតប្រាកដ ដើម្បីចូលរួម ចំណែកបម្រើដល់វិស័យសុខភាពសាធារណៈ តែប៉ុណ្ណោះ។ បើគ្មានលោកគ្រូ-អ្នកគ្រូទេ ម្ល៉េះក៏គ្មានថ្ងៃនេះដែរ។ តាំងនាមឱ្យគ្រូពេទ្យជំនាន់ក្រោយ កញ្ញា គឹមអេង រួមទាំងរៀមច្បង ប្តេជ្ញាថា នឹងទាញយក ទំនុកចិត្តពីប្រជាជនកម្ពុជាមកវិញ ឱ្យបានជាអតិបរិមា ដើម្បីរក្សាសុខភាពប្រជាជន កម្ពុជាឱ្យមានសុខភាពល្អគ្រប់ៗគ្នា ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ អ្វីទាំងអស់។
គឹម អេង បានផ្តាំផ្ញើដល់ប្អូនៗជំនាន់ក្រោយដែលស្រលាញ់មុខវិជ្ជាពេទ្យ មុខវិជ្ជាពេទ្យ មិនមែនដើម្បីក្លាយជាអ្នកមាននោះទេ តែជាអ្នកសង្គ្រោះ។ ជីវិតនិស្សិតពេទ្យ ប្រឈមការលំបាកច្រើន ហើយត្រូវលះបង់ទាំងការចំណាយផ្សេងៗ និងទាំងពេលវេលា ច្រើនឆ្នាំ អាចដល់មួយទស្សវត្ស។ បើហត់ខ្លាំង ស្ត្រេសខ្លាំង សម្រាកបន្តិចទៅ ហើយដើរទៅមុខទៀត កុំខ្លាច នៅពេលដែលយើងមិនទាន់បានជោគជ័យ អ្វីដែលគួរឱ្យខ្លាច គឺភាពចុះចាញ់ នៃការបរាជ័យច្រើនលើកច្រើនសារ។ គ្មានអ្វីដែលបានមកស្រួលស្រួលទេ។ ទំនួលខុសត្រូវ វាបានហ្វឹកហាត់សមត្ថភាពឱ្យកាន់តែរឹងមាំឡើង បូករួមជាមួយភាពឧស្សាហ៍ព្យាយាមផងដែរ។ មិនមានអ្នកណាដែលមិនចេះខ្ជិលទេរួមទាំងកញ្ញាផងនោះ តែមនុស្សត្រូវកំណត់គោលថា ត្រូវតែសម្រេចវាឱ្យបាន។ ជានិស្សិតពេទ្យ ត្រូវចេះហាត់ពត់ក្រមសីលធម៌ ដូចជាការនិយាយពិរោះពិសារ បង្កើតឱ្យទៅជាទម្លាប់។
គឹមអេង ចាត់ទុកការបោះជំហានមកដល់ចំណុចនេះគឺជាភាពជោគជ័យជំហានទី១ សម្រាប់ខ្លួនឯង ប៉ុន្តែក៏មិនភ្លេចឡើយ អរគុណដល់លោកឪពុក-អ្នកម្តាយ បងប្អូនមិត្តភ័ក្កិ លោកគ្រូ អ្នកគ្រូ និង គ្លីនិក មន្ទីរពេទ្យ ទាំងអស់ ដែលបានគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសដល់កញ្ញា ដើម្បីក្លាយជាធនធានមនុស្សជួយដល់គ្រួសារ និងសង្គមជាតិ៕
- ប្រភព៖ Sabay
No comments:
Post a Comment