loading...

Wednesday, August 16, 2017

មក​ស្គាល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី ២​កន្លែង​នៅ​កម្ពុជា​ សុទ្ធ​តែ​ចំណាយ​រាប់​រយលាន​ដុល្លារ

ព្រលាន​យន្តហោះ​អន្តរជាតិ​ ២​កន្លែង​ក្នុង​ខេត្ត​ផ្សេង​គ្នា នៅ​កម្ពុជា​ចាប់​ផ្ដើម​ដំណើរការ​សាងសង់​ហើយ និង​គ្រោង​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ តាម​រយៈ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​បរទេស។ តើ​ព្រលាន​យន្តហោះ​អន្តរជាតិ ២​កន្លែង​នោះ​ ស្ថិត​នៅ​ខេត្ត​ណា​ខ្លះ? តោះ​ទៅ​ស្គាល់​ទាំង​អស់​គ្នា!
១. ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​ខេត្ត​កោះកុង
​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋ​លេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់​អ្នក​សារព័ត៌មាន​​ក្នុង​ស្រុក​ថា ព្រលាន​យន្តហោះ​លំដាប់​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្ត​កោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​Union Development Group (UDG) របស់​ប្រទេស​ចិន កំពុង​ចាប់​ផ្តើម​សាងសង់​ហើយ​។ ​
លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ព្រលាន​យន្តហោះ​អន្តរជាតិ​នេះ ​ស្ថិត​នៅ​ក្នុង​ ស្រុក​បទុម​សាគរ ខេត្ត​កោះកុង តាម​គម្រោង​ព្រលាន​យន្តហោះ​នេះ ​គ្រោង​វិនិយោគ​ទឹកប្រាក់​ចន្លោះ​ពី ​៣០០​​ទៅ​៣៥០​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​នេះ ​កំពុង​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី ដើម្បី​រៀបចំ​ជា​ការដ្ឋាន​ហើយ​។លោក​បាន​បន្ថែម​ទៀត​ថា ព្រលាន​យន្តហោះ​នេះ​មាន​ទំហំ​ដី​៧៥០​ហិកតា ជា​លក្ខណៈ​​ខ្នាត​អន្តរជាតិ​តែ​ម្ដង ហើយ​អាច​ទទួល​ការ​ចុះចត​យន្តហោះ​មកពី​គ្រប់ទិសទី​។
អ្នកនាំពាក្យ​រដ្ឋ​លេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​រូប​នេះ​បាន​បញ្ជាក់​ថា​ ព្រលាន​យន្តហោះ​នេះ​អាច​ចុះចត​យន្តហោះ​ប្រភេទ​4C ជា​យន្តហោះ​ខ្នាត​មធ្យម​បាន។ ដោយ​ឡែក​ ចំពោះ​ការ​បញ្ចប់​ការសាងសង់​​នៅ​ពេលណា លោក​មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​។ ​ចំណែក​ឯ​ការសិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន ហើយ​ការសាងសង់​ស្ថិត​ក្រោម​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់​។
២. ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​ខេត្ត​សៀមរាប
​ ព្រលាន​យន្តហោះ​ថ្មី ក្នុង​ខេត្ត​សៀមរាប ​នឹង​ចាប់​​ផ្ដើម​សាងសង់​ឆ្នាំ​២០១៨ ក្រោយ​​កិច្ចព្រមព្រៀង និង​និតិ​វិធី​​នានា​រវាង​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​វិនិយោគ​ បាន​បញ្ចប់​រួចរាល់​​។​
រូបគំរូនៃព្រលានយន្តហោះថ្មី ខេត្តសៀមរាប
លោក​ស៊ិន ចាន់​សិរី​វុត្ថា​ ​ ដដែល​បាន​ថ្លែង​ឲ្យ​ដឹង​​ថា ព្រលាន​យន្តហោះ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​សូត្រ​និគម ខេត្ត​សៀមរាប ស្ថិត​នៅ​លើ​ផ្ទៃដី ប្រមាណ ​៧៥០​ហិចតា​ នឹង​ចាប់​ផ្ដើម​សាង​​សង់​នៅ​ឆ្នាំក្រោយ​នេះ ព្រោះ​អ្វីៗ​ស្ថិត​តែ​ក្នុង​ដំណាក់កាល​ចរចា​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​ព្រលាន​យន្តហោះ​កម្ពុជា SCA​ ប៉ុណ្ណោះ។ លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ឋិ​វិនិយោគ​ព្រលាន​នេះ គឺ​ក្រុមហ៊ុន​YUNAN Development Group បាន​ចាប់​ផ្តើម​ឈូស​ពង្រា​ប​ដី និង​ដោះ​មីន​បណ្តើរៗ​ហើយ​។​
លោក​បន្ត​ថា ព្រលាន​យន្តហោះ​នេះ នឹង​សាងសង់​ជា​ពីរ​ដំណាក់កាល ​ដោយ​ដំណាក់កាល​ទី​១ គ្រោង​ចំណាយ​ថវិកា​៥០០​លាន​ដុល្លារ ​ដែល​​អាច​ឲ្យ​​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​សម្រាប់​យន្តហោះ​ខ្នាត​4E និង​ដំណាក់កាល​ទី​២ គ្រោង​ចំណាយ​ថវិកា​​ជាង ៣០០លាន​ដុល្លារ​ទៀត ទើប​អាច​ចុះចត​យន្តហោះ​ខ្នាត​យក្ស​បាន។ ចំណែក​ឯ​ការសាងសង់​ព្រលាន​យន្តហោះ​នេះ​អាច​ចំណាយ​ពេល​ពី​៣​ទៅ​៥​ឆ្នាំ ដើម្បី​បញ្ចប់​ទាំង​ដំណាក់កាល​ទី​១​និង​ដំណាក់កាល​ទី២៕
ប្រភព៖  Sabay

No comments:

Post a Comment