ក្រៅពីអាជីពជាកីឡាករបាល់ទាត់ ស៊ូ យ៉ាទី មានក្ដីស្រមៃមួយទៀតចង់ក្លាយជាតារាសម្ដែងខ្សែភាពយន្ត។ តែពេលនេះ យ៉ាទី បានសម្រេចបំណងប្រាថ្នាមួយហ្នឹងហើយបន្ទាប់ពីទទួលបានតម្លៃខ្លួនតាមការទាមទារ។
ស៊ូ យ៉ាទី បានប្រាប់ Sabay ថា កន្លងមកមានផលិតកម្មមួយចំនួនបានទាក់ទងឲ្យថតរឿងខ្នាតធំ និងរឿងភាគ តែនិយាយតម្លៃខ្លួនអត់ត្រូវរ៉ូវគ្នា ទើបមិនទទួលថតតែម្ដងទៅ ដោយរង់ចាំផលិតករណាមួយហ៊ានឲ្យតម្លៃខ្លួនតាមការចង់បានរបស់លោក។ ក្ដីទន្ទឹងរង់ចាំមិនបានធ្វើឲ្យ យ៉ាទី ខកបំណងឡើយ ទីបំផុតកីឡាកររូបនេះត្រូវបានផលិតកម្មថ្មីមួយទាក់ទងឲ្យសម្តែង ព្រមទាំងឲ្យតម្លៃខ្លួនតាមការទាមទារទៀតផង។ តម្លៃខ្លួនដែល យ៉ាទី ទទួលបានពីផលិតករ គឺមិនចាញ់តារាសម្ដែងជួរមុខក្នុងប្រទេសកម្ពុជាប៉ុន្មាននោះទេ។
“បាទបងរឿង "បន្តោងឆ្នាំងដី"នេះ ផលិតករគាត់បានឲ្យតម្លៃខ្លួនសមរម្យ តាមការទាមទាររបស់ខ្ញុំ ចំពោះតម្លៃខ្លួនជាក់ស្ដែងដែលផលិតករផ្ដល់ឲ្យខ្ញុំសុំមិនបញ្ចេញទេបង"។ ស៊ូ យ៉ាទី បន្ថែម។
កីឡាករបាល់ទាត់រូបនេះបញ្ជាក់ថា ទោះបីនេះជារឿងលើកដំបូងក៏ដោយ តែរូបគេជឿជាក់ថាខ្លួនអាចសម្ដែងទៅបានល្អ ព្រោះកន្លងមកមានបទពិសោធន៍ធ្លាប់ថតស្ប៉តឲ្យក្រុមហ៊ុនធំៗមួយចំនួនរួចមកហើយដូច្នេះគ្មានអ្វីពិបាកនោះទេ៕
ប្រភព៖ Sabay
No comments:
Post a Comment