loading...

Thursday, August 31, 2017

អ្នក​កាន់​ស្មាតហ្វូន​ចែក​ឲ្យ​ដាច់​រវាង​ Micro USB, microSD និង microSDHC

ពាក្យ​បច្ចេកទេស ៣ ផ្ដើម​ដោយ Micro ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​មួយ​ចំនួន​ធំ​មាន​ការ​ភ័ន្ត​ច្រឡំ​និង​ខ្លះ​ទៀត​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​អត្ថន័យ​របស់​វា​នៅ​ឡើយ។​ ថ្ងៃ​នេះ Sabay ធ្វើ​ការ​ពន្យល់​អំពី​និយមន័យ​និង​អត្ថប្រយោជន៍​ប្រើប្រាស់​រវាង​ពាក្យ Micro USB, microSD និង microSDHC។​
១.Micro USB
USB មាន​ពាក្យ​ពេញ​ Universal Serial Bus ជា​ប្រព័ន្ធ​នៃ​រន្ធ​ដោត​ត​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ដូច​ជា ស្មាតហ្វូន, ម៉ាស៊ីន​ចាក់ MP3, ឧបករណ៍ GPS, ឧបករណ៍​ Print រូបភាព​និង​ឌីជីថល​កាមេរ៉ា។ ផ្ដោត​ទៅ​លើ​ស្មាតហ្វូន យើង​និយម​លឺ​តែ ២ ប៉ុណ្ណោះ គឺ Micro USB និង USB Type C ដែល​ប្រភេទ C ទើប​តែ​លេចចេញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ វា​ខុស​គ្នា​នឹង Micro USB ត្រង់​ល្បឿន​នៃ​ការ​ផ្ទេរ​ទិន្នន័យ​និង​ល្បឿន​សាក​បញ្ចូល​ថ្ម។
ទូរសព្ទ​ដែល​គាំទ្រ​ USB Tpye C មិន​អាច​ប្រើ​ខ្សែ Micro USB ទៅ​ដោត​បាន​ឡើយ។ ពពួក​ស្មាតហ្វូន​ទំនើប​បច្ចុប្បន្ន​មាន​គាំទ្រ USB C រួម​មាន​ម៉ូដែល Galaxy Note 8, Galaxy S8 និង Mate 9 Pro។​
២.microSD
បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SanDisk ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ១៣ កក្កដា ឆ្នាំ ២០០៥។ ដំបូង​ឡើយ​មាន​ឈ្មោះ T-Flash បន្ទាប់​មក​ TransFlash ទើប​ចុង​ក្រោយ​បង្អស់​ប្រែ​ជា microSD។​ ជា​ប្រភេទ​អង្គ​ចងចាំ​ខាង​ក្រៅ​ដែល​អាច​ដោះដូរ​បាន និង​ផ្ទុក​ទៅ​ដោយ​ទិន្នន័យ​តាម​ទំហំ។
ជា​ធម្មតា​វា​មាន​វិមាត្រ​តួ​ខ្លួន ១៥មមx១១មមx១មម ទំហំ​ប្រហែល​ប៉ុន​ម្រាម​កូន​ដៃ។​ ប្រភេទ​ទំហំ 16MB និង 32MB រាប់​បញ្ចូល​ជា TransFlash ប៉ុន្តែ​ពី 64MB ឡើង​ដល់ 32GB យើង​ហៅ​ថា microSD។
៣.microSDHC
microSDHC និង microSDXC ជា​ប្រភេទ microSD Card ជំនាន់​ថ្មី​ចុង​ក្រោយ​បង្អស់ ដែល​ក្រុមហ៊ុន SanDisk ប្រកាស​ដាក់​បង្ហាញ​នៅ​ខែ ​កុម្ភៈ ឆ្នាំ ២០១៤ ។ ចន្លោះ​ពី 4GB ទៅ 64GB យើង​ហៅ​ថា microSDHC រី​ឯ microSDXC រាប់​ពី​ទំហំ 8GB ទៅ 256GB។ អ្នក​រមែង​ឃើញ​អក្សរ​តំណាង​ទាំង​នេះ លើ​បន្ទះ​នៃ​កាត​ microSD ទាំង​នោះ បើ​អ្នក​ទិញ​របស់​ដែល​មាន​ស្លាកយីហោ​ច្បាស់លាស់។​
ល្បឿន​ផ្ទេរ​នៃ​ពពួក SDHC លឿន​ជាង SD ធម្មតា ប៉ុន្តែ​ចំពោះ​ឧបករណ៍​ណា​ដែល​កំណត់​ការ​ប្រើ​ថា​គាំទ្រ mciroSDHC វា​អាច​ចាប់​ស្គាល់​ទាំង​ microSDHC និង​កាត​ជំនាន់​ចាស់ microSD ផ្ទុយ​ទៅ​វិញ​ករណី​បើ​ឧបករណ៍​នោះ​ដាក់​ថា​គាំទ្រ​តែ microSD នោះ​វា​មិន​អាច​ចាប់​ស្គាល់ microSDHC បាន​ឡើយ លើក​លែង​តែ​គេ​បញ្ជាក់​ពី​ទំហំ​ផ្ទុក​បន្ថែម ឧទាហរណ៍​ដល់ 256GB អ្វី​ជា​ដើម។
​​

ប្រភព៖ Sabay

No comments:

Post a Comment