ការតុបតែងនិងរៀបចំផ្ទះត្រូវការនារីជាចាំបាច់ ព្រោះនារីត្រូវបានចាត់ទុកជាទ្រព្យសំណាងសម្រាប់គ្រួសារ។ បើនាងមានគំនិតចេះរៀបចំទុកដាក់ផ្ទះសម្បែងបានល្អ នោះគ្រួសារនឹងមានក្ដីសុខ រួមទាំងប្រាក់កាក់ក៏រត់ចូលទៅតាមនោះដែរ។ មានវិធីតុបតែងផ្ទះមួយចំនួនដែលអាចនាំឱ្យគ្រួសារសុខសប្បាយ ហើយរកស៊ីធូរជាមួយនឹងរបៀបរៀបរយ និងសោភ័ណភាពនៅក្នុងផ្ទះ។
១- បើកទ្វារបង្អួចឱ្យស្រឡះ ដើម្បីពន្លឺព្រះអាទិត្យជះចូល បណ្ដេញថាមពលអាក្រក់៖
ផ្ទះងងឹត គ្មានពន្លឺគ្រប់គ្រាន់ អាចនាំភាពស្មុគស្មាញដល់គ្រួសារ ថែមទាំងបង្កលទ្ធភាពដល់ជំងឺផ្សេងៗ និងសត្វចង្រៃបានទៀតផង។ ដូចនេះភរិយាវ័យឆ្លាតគួរចេះរៀបចំផ្ទះឱ្យបានស្រឡះ ដោយការបើកទ្វារបើកបង្អួចឱ្យបានធំៗ ទទួលយកខ្យល់អាកាសពីខាងក្រៅ និងបន្ថែមថាមពលដោយប្រើផ្កាស្រស់ដែលមានក្លិនក្រអូបៗ ដើម្បីធ្វើឱ្យសមាជិកគ្រួសារមានអារម្មណ៍ស្រស់ស្រាយ ពេលបានឈានជើងចូលដល់ក្នុងផ្ទះ។
២- ប្រមូលរបស់ចាស់ៗ ឬបាក់បែកចោលឱ្យអស់៖
របស់បាក់បែកឬរបស់ចាស់ៗច្រើនពេក នាំឱ្យក្នុងផ្ទះមើលទៅមានតែភាពសោះកក្រោះ និងមិនស្រណុកក្នុងចិត្តឡើយ។ គួរប្រមូលរបស់ណាដែលគិតថា ប្រើលែងកើត ឬប្រេះស្រាំចោលឱ្យអស់ ហើយជំនួសមកវិញដោយរបស់ថ្មី ភ្លឺថ្លាចែងចាំង ឬរបស់ណាដែលអាចជួសជុលប្រើវិញបាន គួរជួសជុលជាថ្មី ដើម្បីបង្កើនថាមពលដល់គ្រួសារទាំងមូល ចៀសវាងនៅបន្តប្រើទាំងខូចខាត។
៣- សម្អាតទ្វារនិងផ្លូវចូលឱ្យបានស្អាត៖
តាមផ្លូវហុងស៊ុយ ទ្វារគឺជាកន្លែងដែលគួរយកចិត្តទុកដាក់ជាងគេ ព្រោះលុយហូរចូលឬមិនចូលគឺតាមទ្វារនេះហើយ។ គួរជូតសម្អាតទ្វារ និងផ្លូវចូលឱ្យស្អាតជាប្រចាំ កុំឱ្យធូលីដី និងហាមដាក់របស់អ្វីរាំងផ្លូវចូល។
៤- ផ្ទះបាយ៖
ផ្ទះបាយក៏ជានិមិត្តរូបនៃទ្រព្យសម្បត្តិក្នុងផ្ទះដែរ។ ដូច្នេះដើម្បីរក្សាទ្រព្យក្នុងផ្ទះបានគង់វង្ស មេផ្ទះឬភរិយាត្រូវចេះចង្ក្រានជើងឆ្នាំង ប្រដាប់ប្រដាផ្ទះបាយឱ្យមានរបៀបរៀបរយ មានបន្លែបង្ការគ្រប់គ្រាន់កុំឱ្យដាច់ និងគ្រឿងទេស ចៀសវាងដើរខ្ចីឬសុំគេ។
៥- រៀបចំក្នុងផ្ទះ និងបន្ទប់គេងឱ្យមានសណ្ដាប់ធ្នាប់៖
មានដែលចាប់អារម្មណ៍ទេថា កាលដែលអ្នកឧស្សាហ៍មានអារម្មណ៍ធុញ ឬខ្ជិល ដោយសារតែឃើញរបស់ក្នុងផ្ទះរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ ជាពិសេសក្នុងបន្ទប់គេង បើបើកទ្វារចូលទៅ ឃើញខោអាវនៅរប៉ាត់រប៉ាយ របស់របរផ្សេងទៀតគរដូចភ្នំ អ្នកនឹងគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់ ក្រៅពីវាសរកកន្លែងគេងឱ្យផុត។ ដូច្នេះកាត់បន្ថយអារម្មណ៍អួអាប់ និងនាំសិរីសួស្ដីដល់ខ្លួន ដោយការរៀបចំរបស់របរដាក់តាមកន្លែង និងកុំភ្លេចដាក់របស់ណាមានក្លិនក្រអូបៗនៅក្បែរខ្លួនផង៕
ចុចអាន៖
No comments:
Post a Comment