ដូចពាក្យចាស់ថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ដូច្នេះរឿងរ៉ាវក្នុងផ្ទះខ្លះមិនគួរយកទៅនិយាយប្រាប់អ្នកដទៃ ឬសូម្បីតែសាច់ញាតិ ព្រោះវាអាចធ្វើឱ្យប៉ះទង្គិចដល់ទំនាក់ទំនងប្ដីប្រពន្ធនិងសុភមង្គលគ្រួសារ។ ភរិយាឆ្លាតវៃ គួរចេះបែងចែករឿងរ៉ាវដែលគួរយកទៅពិភាក្សានឹងអ្នកដទៃ ក្រៅពីប្ដីខ្លួនឯង តួយ៉ាងដូចរឿងទាំង៣នេះ៖
១- ពេលមានអីៗជាមួយស្វាមី៖
រឿងផ្លូវភេទរវាងប្ដីប្រពន្ធគឺជារឿងដ៏រសើប បើមានការបែកធ្លាយដល់អ្នកដទៃ ឬសាច់ញាតិ។ វានឹងអាចក្លាយជាប្រធានបទអេចអូច ក្អែក១ជាក្អែក១០ជាមិនខាន។ ហើយមូលហេតុដែលភរិយាមិនគួរយករឿងនេះទៅនិយាយនឹងអ្នកដទៃ គឺវាបង្ហាញពីការមិនឱ្យតម្លៃស្វាមីខ្លួនឯង តើគាត់នឹងមានអារម្មណ៍ខ្មាសគេយ៉ាងណា បើដឹងថាប្រពន្ធគាត់យករឿងអាថ៌កំបាំងនេះទៅហែកកេរ្តិ៍ប្រាប់គេនោះ? ទោះបីអ្នកគ្មានចេតនាចង់និយាយពីចំណុចខ្សោយរបស់ប្ដីក៏ដោយ។
ដូច្នេះអ្នកដែលត្រូវស្ដាប់រឿងនេះពីអ្នក គឺមានតែប្ដីរបស់អ្នកប៉ុណ្ណោះ ព្រោះគាត់ជាដៃគូលើគ្រែរបស់អ្នក។ បើមានចំណុចណាមិនពេញចិត្ត គួរពិភាក្សាជាមួយគាត់ និងប្រាប់គាត់ត្រង់ៗ ចៀសវាងអន់ចិត្ត ហើយយកទៅនិយាយប្រាប់អ្នកផ្សេង។
២- ចំណុចខ្សោយរបស់ប្ដី៖
ក្រៅពីធ្វើឱ្យប្ដីអន់ចិត្ត ពេលបានដឹងហើយ ថែមទាំងអាចធ្វើឱ្យមនុស្សដែលធ្លាប់មានចេតនាមិនល្អ ឬច្រណែនអ្នកសប្បាយចិត្តក៏ថាបាន។ ហាមដាច់ខាត រឿងយកដើមប្ដីទៅនិយាយខាងក្រៅ ព្រោះទោះស្រណុកឬមានទុក្ខ មានតែគាត់ទេដែលនឹងនៅក្បែរអ្នកអស់មួយជីវិត។ ដូច្នេះស្រដៀងចំណុចខាងលើដែរ បើមានបញ្ហា ឬមិនពេញចិត្តត្រង់ណា គួរអង្គុយចុះនិយាយប្រាប់គាត់ត្រង់ៗ ហើយលើកទឹកចិត្តឱ្យគាត់កែប្រែដើម្បីក្ដីសុខគ្រួសារទាំងមូល។
៣- និយាយដើមគ្រួសារខាងប្ដី៖
ធម្មតាទេ ទម្លាប់គ្រួសារខាងគេមិនប្រាកដថាដូចគ្រួសារខាងយើង ហេតុនេះហើយទើបកូនប្រសាស្រីអាចជួបបញ្ហាខ្លះៗជាមួយសាច់ញាតិ និងគ្រួសារខាងប្រុស។ ប៉ុន្តែមិនថា មានបញ្ហាយ៉ាងណាក៏មិនត្រូវយករឿងមិនល្អពីគ្រួសារសាច់ថ្លៃទៅបើកកកាយប្រាប់អ្នកផ្សេងឱ្យដឹងដែរ ព្រោះវាក៏ធ្វើឱ្យតម្លៃស្វាមីរបស់អ្នកធ្លាក់ចុះទៅតាមនោះដែរ។ រឿងគ្រួសារ អ្នកណាក៏ត្រូវការពារដែរ បើដឹងថាអ្នកបាននិយាយអាក្រក់ពីគ្រួសារគាត់ ទោះបីមានភស្តុតាងពិតក៏ដោយ ក៏តម្លៃអ្នកក្នុងខ្សែភ្នែកស្វាមីនឹងត្រូវបាត់បង់ម្ដងៗបន្តិច ហើយបង្ហាញថាអ្នកមិនឱ្យតម្លៃលើអាពាហ៍ពិពាហ៍នេះឡើយ។
ដូច្នេះបើមានការថ្នាំងថ្នាក់ ប៉ះទង្គិច គួរប្រាប់ស្វាមីនូវការពិត ហើយគាត់នឹងដឹងថាគួរដោះស្រាយយ៉ាងណាល្អ តែបើគាត់មិនស្ដាប់ ហើយសុខចិត្តរើសគ្រួសារចោលប្រពន្ធកូន នោះជារឿងមួយផ្សេងទៀត៕
No comments:
Post a Comment