loading...

Friday, September 22, 2017

អាន​អត្ថបទ​នេះ​ទើប​ដឹង​ថា ជំងឺ​ផ្សិត​ប៉ះ​ពាល់​ដល់​រាង​កាយ​ច្រើន​មែន​ទែន



អ្នក​ប្រហែល​ជា​កើត​ជំងឺ​ផ្សិត​ហើយ បើ​មាន​អារម្មណ៍​ថា​រមាស់ និង​មាន​ស្នាម​ក្រហម ដោយ​ជំងឺ​នេះ​អាច​កើត​ឡើង​នៅ​ផ្នែក​ផ្សេងៗ​លើ​រាងកាយ (ស្បែក ក្បាល ជើង ចង្កា ក្រលៀន គូទ ក្រចក​ជើង ក្រចកដៃ) ហើយ​ជា​ធម្មតា​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត​នៅ​កន្លែង​មាន​សំណើម​ ដូចជា ស្បែក​ជើង​បែក​ញើស ការ​ងូត​ទឹក​ផ្កាឈូក​រួម និង​បន្ទប់​ចាក់​សោ​ជិត។ មិន​មែន​ជំងឺ​ផ្សិត​ទាំង​អស់ សុទ្ធ​តែ​មាន​រោគសញ្ញា​ដូចគ្នា​នោះ​ទេ។ ជំងឺ​ផ្សិត​មាន​ច្រើន​ប្រភេទ៖
១. ជំងឺ​ស្រែង
ជា​ជំងឺ​ផ្សិត​នៅ​លើ​ស្បែក​ដែល​អាច​បណ្ដាល​ឲ្យ​ឆ្លង​ដោយ​ផ្ទាល់​តាម​រយៈ​ការ​ប៉ះ​ពាល់​ស្បែក​នឹង​ស្បែក ការ​ប្រើ​កន្សែង សំលៀក​បំពាក់ ឬ​កម្រាល​រួមគ្នា ដោយ​ជា​ទូទៅ តំបន់​រង​ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត រួម​មាន ស្បែក ក្បាល ជើង នៅ​ក្រោម​សុដន់ និង​ក្រលៀន ហើយ​អ្នក​​កើត​ជំងឺ​ស្រែង មាន​អាការៈ​រមាស់​ខ្លាំង និង​ឈឺ ទំពែក​ដុំៗ​លើ​សក់ កន្ទួល​ពណ៌​ក្រហម ពង​បែក និង​ក្រចក​ប្រែជា​ពណ៌​លឿង ឬ​ពណ៌​ស​ខុស​ពី​ធម្មតា។
២. ជំងឺ​ផ្សិត​ទ្វារមាស
ស្ត្រី​មាន​ជំងឺ​ផ្សិត​ទ្វារ​មាស ក៏​ទំនង​ជា​ឆ្លង​មេរោគ​​ដទៃ​ទៀត​តាម​ទ្វារ​មាស​ផង​ដែរ ដោយ​អ្នក​ជំងឺ​អាច​រមាស់ រលាក​ក្នុង​ទ្វារ​មាស ដែល​មាន​ពណ៌​ក្រហម​ខ្លាំង ឈឺ​ចាប់​ពេល​នោម អំឡុង​ពេល​រួមភេទ និង​ហូរ​សារធាតុ​រាវ​ពី​ទ្វារ​មាស​ខុស​ធម្មតា។
៣. ជំងឺ​ផ្សិត Candidiasis ស្បែក និង​ក្រចក
ជំងឺ​ផ្សិត Candidiasis បង្ក​ឡើង​ដោយ​មេរោគ Candida និង yeast មាន​ក្នុង​រាងកាយ​លូត​លាស់​ច្រើន​ខុស​ធម្មតា ហើយ​អ្នក​កើត​ជំងឺ​នេះ​អាច​មាន​អាការៈ រមាស់ កន្ទួល ស្នាម​សៗ​លើ​ស្បែក ស្បែក​ស្ងួត រលាក​ស្បែក ត្រអក (តាអក) និង​ជំងឺ​ស្បែក psoriasis។ ជំងឺ​នេះ​បណ្ដាល​ឲ្យ​ក្រចក​អ្នក​ឡើង​ក្រាស់ មិន​រលោង ឬ​រាប​ស្មើ ផុយ​ស្រួយ និង​ធ្វើ​ឲ្យ​សាច់​នៅ​ជុំវិញ​ក្រចក​របក និង​ធ្វើ​ឲ្យ​ក្រចក​ប្ដូរ​ពណ៌ និង​ឈឺ។ ពេល​ខ្លះ ជើង​មាន​ក្លិន​ស្អុយ ក៏​អាច​ជា​សញ្ញា​ជំងឺ​ផ្សិត។
ចុះ​ត្រូវ​ព្យាបាល​ម៉េច​ទៅ?
ថ្នាំ​អង់ទីប៊ីយ៉ូទីក អាច​ព្យាបាល​ជំងឺ​បណ្ដាល​មក​ពី​បាក់តេរី​ប៉ុណ្ណោះ តែ​មិន​មែន​មេរោគ​ផ្សិត ឬ​វីរុស​ឡើយ។ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បើក​ថ្នាំ​មក​ព្យាបាល ហើយ​ថ្នាំ​ទាំង​នោះ​អាច​ស្ថិត​ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់ ក្រែម ជែល ឬ​ថ្នាំ​សុល អា​ស្រ័យ​លើ​ប្រភេទ​ជំងឺ​ផ្សិត ហើយ​អ្នក​គួរ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ៕

No comments:

Post a Comment