loading...

Tuesday, September 26, 2017

ជំងឺ​បាក់​ទឹក​ចិត្ត ដែល​អ្នក​ណា​ក៏​​នឹង​ត្រូវ​ឆ្លង​កាត់​យ៉ាង​ហោច​ម្ដង



ពេល​ខ្លះ​យើង​មិន​យល់​ថា​ហេតុ​អ្វី​មនុស្ស​កំពុង​នៅ​សុខ​ៗ​ម៉េច​ក៏​ក្លាយ​ជា​ស្ងប់​ស្ងាត់​មិន​និយាយ​ស្ដី តែ​ដល់​ពេល​ខ្លួន​ឯង​ឆ្លង​កាត់​ម្ដង ទើប​ដឹង​ថា​វា​ពិបាក​យ៉ាង​ណា។
បាក់​ទឹក​ចិត្ត តើ​អ្នក​ធ្លាប់​ឃើញ​អ្នក​ណា​មាន​ជំងឺ​នេះ ឬ​ឆ្លង​កាត់​ដោយ​ខ្លួន​ឯង​ទេ?
កាល​ពី​មុន ខ្ញុំ​ធ្លាប់​គិត​ថា​នេះ​គឺ​ជា​ជំងឺ​ដ៏​កម្រ​ណា​មួយ តែ​មិន​នឹក​ស្មាន​ថា​ដល់​ថ្ងៃ​ណា​មួយ​ខ្ញុំ​ជា​អ្នក​ត្រូវ​ឆ្លង​កាត់​វា​សោះ ព្រោះ​វា​ឈាន​ចូល​ជីវិត​ខ្ញុំ​ដោយ​ស្ងៀមស្ងាត់​បំផុត។ កំឡុង​ពេល​នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​ខ្លាច។
រយៈ​ពេល​នោះ ដោយ​សារ​តែ​ការងារ បូក​រួម​នឹង​គ្រួសារ ខ្ញុំ​ហាក់​ដូច​ធ្លាក់​ក្នុង​រណ្ដៅ​ងងឹត​មួយ គ្មាន​ពន្លឺ​ថ្ងៃ។
មាន​យប់​ខ្លះ ខ្ញុំ​អង្គុយ​ធ្មឹង មើល​ទៅ​ផ្ទៃ​មេឃ​ដ៏​ងងឹត នៅ​ក្នុង​បន្ទប់​ក៏​ងងឹត ដោយ​មិន​ចង់​និយាយ​ជា​មួយ​អ្នក​ណា។ ពេល​ខ្លះ​ទប់​អារម្មណ៍​មិន​បាន ខ្ញុំ​ហែក​អាវ និង​ស្រោម​ខ្នើយ​ដូច​មនុស្ស​ឆ្កួត។ នឹក​ឃើញ​ឡើង​វិញ ខ្ញុំ​ពិត​ជា​អាណិត​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ពេល​នោះ​ខ្លាំង​ណាស់។​
ខ្ញុំ​ត្រូវ​ចំណាយ​ពេល​អង្គុយ​ជាមួយ​ពេទ្យ​ចិត្ត​វិទ្យា​រាប់​ម៉ោង ហើយ​គេ​សន្មត​ថា​ខ្ញុំ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត បើ​មិន​ឆាប់​ព្យាបាល​ទេ ទុក​ថ្ងៃ​ក្រោយ​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ។
ក៏​មាន​ពេល​ខ្លះ មនុស្ស​មួយ​ចំនួន​ថា​ខ្ញុំ​គ្មាន​ជំងឺ​អ្វី​ទេ មក​តែ​ពី​ចរិត​ខ្ញុំ ខ្មោច​ចេញ​ខ្មោច​ចូល​តែ​ប៉ុណ្ណឹង តែ​គេ​មិន​មែន​ខ្ញុំ​ផង គេ​ម៉េច​នឹង​អាច​យល់​ពី​ខ្ញុំ​ទៅ? ប្រសិន​បើ​អ្នក​កំពុង​ឆ្លង​កាត់​បែប​នេះ​ដែរ​នោះ អ្នក​អាច​រក​មនុស្ស​ណា​ម្នាក់​ដែល​ពូកែ​ស្ដាប់​ដើម្បី​ចែក​រំលែក ឬ​ជួប​ពេទ្យ​តែ​ម្ដង​ក៏​បាន​ដើម្បី​កុំ​ឲ្យ​វា​ទៅ​ជា​ធ្ងន់ធ្ងរ​ជាង​នេះ៕

No comments:

Post a Comment