មុនឈានដល់ការប្រកាសចេញ iPhone ជំនាន់ថ្មីបីម៉ូដែល ដែលមាន iPhone 8, 8 Plus និង iPhone X នាយប់នេះ កន្លងមកមានការបែកធ្លាយដំណឹងក្ដៅៗជាច្រើន។ តាមរយៈដំណឹងដែលបែកធ្លាយទាំងអស់ ធ្វើឲ្យ iPhone X ក្លាយជាម៉ូដែល ដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ។ ខាងក្រោមនេះជារឿងរ៉ាវដែលគេដឹងពី iPhone X ៖
១. ការរចនារូបរាងថ្មី ៖
ផ្អែកតាមប្រភពជាច្រើនឲ្យដឹងថា Apple នឹងធ្វើការផ្លាស់ប្ដូរទាំងស្រុងលើរចនាបថ iPhone X ដោយមានរចនាបថតាមទំនោរដ៏ពេញនិយម Bezel-Less (មានស៊ុមអេក្រង់រាងស្ដើង) ហើយមិនមានប៊ូតុង Home ឡើយ។ iPhone X នេះទៀតសោតក៏មានរចនាបថផ្នែកខាងក្រោយធ្វើពីកញ្ចក់ ស្រដៀងទៅនឹងអ្វីដែល Apple បានធ្វើលើ iPhone 4 ដែរ។
២. ប្រើអេក្រង់ OLED ៖
iPhone X នឹងជា iPhone ដំបូងគេបំផុតដែលប្រើអេក្រង់ OLED ដោយវាប្រើប្រាស់ថាមពលតិចជាងមុន និងអាចបង្ហាញរូបភាពបានកាន់តែច្បាស់ត្រជាក់ភ្នែក។ iPhone 8 និង 8 Plus ដែលរំពឹងថានឹងប្រកាសចេញជាមួយ iPhone X នឹងប្រើអេក្រង់ LCD ដដែល។
៣. មិនមានទ្រនាប់ស្កេនខ្ចៅដៃ ៖
វីដេអូបង្ហាញពីដំណើរការកំណត់មុខងារស្កេនមុខ
iPhone X នឹងមិនមានទ្រនាប់ស្កេនខ្ចៅដៃឡើយ ដោយគម្រោងបង្កប់ Sensor ស្កេនខ្ចៅដៃក្រោមផ្ទៃអេក្រង់របស់ Apple មិនអាចធ្វើទៅបាន។ ប៉ុន្តែ iPhone X នឹងមានបំពាក់កាមេរ៉ាពិសេសមួយនៅផ្នែកខាងមុខ ដែលមានបង្កប់នូវ Sensor សម្រាប់ចំណាំផ្ទៃមុខ ដើម្បីដំណើរការមុខងារស្កេនមុខ។ មុខងារនេះនឹងអាចប្រើប្រាស់សម្រាប់ការដោះសោទូរសព្ទ ដោយវាអាចជំនួសទ្រនាប់ស្កេនខ្ចៅដៃបានទាំងស្រុង។
៤. ជម្រើសពណ៌ថ្មី ៖
ពីមុនលើ iPhone 7 មានជម្រើសពណ៌ដល់ ៦ ប្រភេទរួមមានពណ៌ខ្មៅរលោង, ខ្មៅធម្មតា, មាស, ប្រាក់, ផ្កាឈូក និង ពណ៌ក្រហមដែលបានបញ្ចេញនៅខែមីនា។ យ៉ាងណាក្ដីចំពោះ iPhone X នឹងមានជម្រើសពណ៌តែបីប៉ុណ្ណោះ រួមមានពណ៌ខ្មៅ, ស និងពណ៌ទង់ដែង។
៥. សាកថ្មឥតប្រើខ្សែ ៖
iPhone X នឹងអាចសាកថ្មដោយឥតប្រើខ្សែបានដូចជាស្មាតហ្វូន Android ដទៃទៀតដែរ គ្រាន់តែគេមិនច្បាស់ថា Apple នឹងប្រើបច្ចេកវិទ្យា Qi ឬ Airfuel។
៦. បន្ទះឈីប A11 និង RAM ទំហំ ៣ GB ៖
iPhone បីម៉ូដែលដែលប្រកាសយប់នេះនឹងប្រើបន្ទះឈីប A11 ដែលមាន CPU ដល់ទៅ ៦ គ្រាប់ (២ គ្រាប់កម្លាំងខ្លាំង និង ៤ គ្រាប់កម្លាំងខ្សោយ)។ ចំពោះ iPhone 8 Plus និង iPhone X មានបំពាក់ RAM ទំហំ ៣ GB ដើម្បីទ្រទ្រង់កាមេរ៉ាភ្លោះ។
៧. តម្លៃ ៖
មានការប៉ាន់ស្មានពីអ្នកជំនាញជាច្រើនអំពីតម្លៃ iPhone X ដោយភាគច្រើនថាតម្លៃនឹងមានចាប់ពី ៩៩៩ ដុល្លារសម្រាប់ប្រភេទទំហំ ៦៤ GB ហើយសម្រាប់ប្រភេទទំហំធំជាងនេះនឹងមានតម្លៃថ្លៃជាង ១០០ ដុល្លារ។
៨. កាលបរិច្ឆេទទទួលការកុម្ម៉ង់ និងចេញលក់ ៖
ប្រភពជាច្រើនថា iPhone 8, 8 Plus និង iPhone X នឹងបើកទទួលការកុម្ម៉ង់នៅថ្ងៃទី ១៥ ខែកញ្ញា ហើយនឹងបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី ២២ ខែកញ្ញា។ ប៉ុន្តែចំពោះ iPhone X នឹងពិបាករកទិញបន្តិចព្រោះមានបញ្ហាកង្វះខាតលើអេក្រង់ OLED ដែលផ្គត់ផ្គង់ដោយ Samsung៕
No comments:
Post a Comment