អ្វីក៏ដោយតែងតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វា។ ជាក់ស្តែងការរៀបការគឺជាចំនុចចាប់ផ្ដើមនៃបន្លាស់ប្ដូរជីវិតមួយដ៏រំភើបសម្រាប់មនុស្សស្រីគ្រប់រូប។ សុភមង្គលនឹងចាប់ផ្តើម ជាមួយនិងការកសាងគ្រួសារថ្មី ដែលជាសមិទ្ធផលនៃការបញ្ចូលគ្នារវាងមនុស្សពីរនាក់ ព្រមទាំងគ្រួសារទាំងសងខាងផងដែរ។ យ៉ាងណាមិញ ផលវិបាក និង ទំនួលខុសត្រូវមួយចំនួនធំ ក៏ចាប់ផ្ដើមកើតមានដូចគ្នា ជាពិសេសគឺសម្រាប់មនុស្សស្រីតែម្តង។ ខាងក្រោមនេះគឺជាបញ្ហាមួយចំនួនដែលស្រីៗត្រូវជួបប្រទះក្នុងឆ្នាំដំបូងនៃជីវិតអាពាហ៍ពិពាហ៍៖
១. ចែករំលែករបស់ផ្ទាល់ខ្លួន
សាកស្រមៃមើលថា កាលពីអ្នកនៅក្មេង អ្នកពិតជាខឹង និងមួម៉ៅយ៉ាងខ្លាំងនៅពេលដែល ម៉ាក់ប៉ាអនុញ្ញាតឲ្យបងប្អូនប្រើរួមរបស់ផ្ទាល់ខ្លួនអ្នក។ ស្រដៀងគ្នានេះដែរ ក្រោយពីរៀបការរួច ស្វាមីរបស់អ្នក និងចូលមករស់នៅក្នុងពិភពឯកជនរបស់អ្នក ដោយគេងលើគ្រែជាមួយអ្នក ប្រើបន្ទប់ទឹករួមជាមួយអ្នក របស់គ្រប់យ៉ាងរបស់អ្នកក៏ក្លាយជាកម្មសិទ្ធិពាក់កណ្តាលរបស់គាត់។ ស្ដាប់មើលទៅដូចជារ៉ូមែនទិកណាស់ តែពេលខ្លះអ្នកនឹងមានអារម្មណ៍មួម៉ៅ ដោយមិនទាន់ទម្លាប់ជាមួយវាជាក់ជាមិនខាន។
២. ទំនាក់ទំនងថ្មី
អ្នកមិនមែនជាព្រះនាងដែកកំពុងរស់នៅក្នុងអាណាចក្រមាតាបិតារបស់អ្នកទៀតទេ។ ម្តាយឪពុកក្មេក បងប្អូនថ្លៃគឺជាមនុស្សថ្មីដែលអ្នកត្រូវយកចិត្ត និងរក្សាទំនាក់ទំនងល្អជាមួយ។ ដូច្នេះមុននឹងធ្វើអ្វីមួយត្រូវគិតដល់ចិត្តរបស់ពួកគេ សូម្បីតែធ្វើម្ហូបក៏ត្រូវតម្រូវចិត្តសមាជិកទាំងអស់មុនខ្លួនឯងដែរ។ វាពិតជារឿងខូចចិត្តណាស់ ដែលត្រូវគិតដល់ចំណង់ចំណូលចិត្ត សុំការសម្រេចចិត្តអ្នកដទៃមុនខ្លួនឯង។
៣. ការរំពឹងខ្ពស់
នៅពេលអ្នករៀបការហើយ អ្នកទើបដឹងខ្លួនថាអ្នកត្រូវបានក្លាយជាមនុស្សចាស់ទុំ ហើយអ្នកនៅជុំវិញអ្នកក៏រំពឹងខ្ពស់ពីអ្នក។ អ្នកត្រូវពូកែធ្វើម្ហូប ធ្វើការងារផ្ទះ មើលថែកូន យកចិត្តប្ដី ម្ដាយក្មេក ព្រមទាំងត្រូវមានចិត្តអត់ធ្មត់ តស៊ូព្យាយាមគ្រប់រឿង។ ទាំងអស់នេះជាអ្វីដែលប្រពន្ធដែលមានចរិតចាស់ទុំត្រូវធ្វើ។ អ្នកចាប់ផ្ដើមដឹងថាជីវិតអាពាហ៍ពិពាហ៍ដែលអ្នកតែងស្រមៃចង់បាននោះពិតជាមិនងាយស្រួលទេ តែបន្ទុក និងភាពតានតឹងពិតជាគួរឲ្យខ្លាចពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះបីជាយ៉ាងណា នេះគ្រាន់តែជាឧបសគ្គខ្លះៗដែលមនុស្សស្រីភាគច្រើនបានជួបនៅក្នុងឆ្នាំដំបូង ដោយសារតែពួកគេមិនទាន់សម្របខ្លួនបានជាមួយជីវិតបែបថ្មី។ ពេលវេលារស់នៅជាមួយគ្នាយូរៗទៅ អ្នកប្រាកដជាទទួលបានភាពប្រសើរឡើងដោយការសម្របសម្រួលគ្នា ព្រមទាំងការយល់គ្នាជាមិនខាន។ ប្រសិនបើអារម្មណ៍ស្រឡាញ់នៅតែមាន ទោះឧបសគ្គច្រើនយ៉ាងណាក៏ត្រូវបានដោះស្រាយដោយជោគជ័យដែរ ព្រោះមនុស្សស្រីត្រូវបានបង្កើតមកជាមួយនិងអនុភាពដែលអាចសម្របខ្លួនបានគ្រប់ស្ថានការណ៍ ៕
No comments:
Post a Comment