មនុស្សស្រីភាគច្រើន បើស្រឡាញ់អ្នកណាហើយក៏តែងចង់ឲ្យមនុស្សម្នាក់នោះក្លាយជាមនុស្សចុងក្រោយដែលអាចរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នារហូតដល់ស្លាប់ ប៉ុន្តែហេតុអ្វីមនុស្សប្រុសធ្វើធម្មតាៗ ហាក់ដូចមិនមានរឿងអ្វីសោះ? ប៉ុន្តែទោះយ៉ាងណាមុននឹងទៅរករឿងស្ដីបន្ទោសខាងប្រុស ស្រីៗយើងត្រូវស្វែងរកដើមហេតុឲ្យបានដឹងជាមុនសិនថាហេតុអ្វីបានជាគេមើលទៅ “មិនចង់រៀបការ” ពុំដូច្នោះទេគេនឹងមានអារម្មណ៍រងសម្ពាធកាន់តែខ្លាំង រហូតដោះដៃពីយើងក៏ថាបាន។ ខាងក្រោមនេះគឺជាមូលហេតុ៖
១. គេនៅស្ដាយភាពនៅលីវ
ពីបុរសម្នាក់ដែលមានសេរីភាព ចង់ទៅណាក៏ទៅហ្នឹង មិត្តភ័ក្ដិបបួលទៅណាក៏ទៅបាន តែបើរៀបការហើយគឺនឹងត្រូវត្រលប់មកផ្ទះឲ្យទាន់ពេលទាន់វេលា លួចមើលស្រីផ្សេងក៏មិនបាន។ គេប្រហែលជាមានគំនិតដូច្នេះ។
២. គេមិនប្រាកដប្រជាជាមួយយើង
ស្ដាប់ទៅគួរឲ្យឈឺចិត្ត ប៉ុន្តែវាគឺជារឿងពិតណាស្រីៗ។ រវាងយើងនិងគេប្រហែលជាអាចមានអ្វីម្យ៉ាងដែលនៅមិនទាន់ចូលគ្នា១០០% ដែលធ្វើឲ្យគេនៅស្ទាក់ស្ទើរថាទំនាក់ទំនងលើកនេះអាចឈានដល់ការរៀបការដែរឬក៏អត់។
៣. គេខ្លាចការផ្លាស់ប្ដូរ
មិនមែនគេមិនស្រឡាញ់យើងទេ គ្រាន់តែគេអាចនឹងមិនទាន់ច្បាស់ក្នុងចិត្តថាការរៀបការវានឹងល្អដូចក្នុងរឿងដែរឬក៏អត់ ហើយមិត្តស្រីដែលគួរឲ្យស្រឡាញ់ដូចយើង តើអាចក្លាយជាពូកែរអ៊ូ ឬកាចដែរឬអត់ពេលក្លាយជាប្រពន្ធ។
៤. អត់លុយ
នេះជាបញ្ហាធំសម្រាប់ជីវិតគូតែម្ដង។ ជួនកាលមនុស្សស្រី នៅពេលនិយាយដល់រឿងរៀបការអាចនឹងនឹកឃើញមុនគេដល់ការតុបតែងស្អាតៗក្នុងពិធី ប៉ុន្តែខាងប្រុសអាចនឹងមានសម្ពាធមួយថ្លៃបណ្ណាការ ហើយអ្វីដែលសំខាន់ជាងនេះគឺជីវិតក្រោយមង្គលការទៅជាយ៉ាងណា តើគេអាចចិញ្ចឹមយើងបានដែរឬក៏អត់។
៥. គេមានបទពិសោធន៍មិនល្អកន្លងមក
បុរសដែលមានឪពុកម្ដាយលែងលះគ្នា ឬធ្លាប់ឃើញប្ដីប្រពន្ធគេបែកបាក់គ្នា អាចនឹងមានចិត្តភ័យខ្លាចក្នុងការកសាងគ្រួសារ ព្រោះខ្លាចជួបប្រទះបញ្ហានេះដែរ។ អ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ គឺធ្វើយ៉ាងណាឲ្យគាត់ជឿជាក់លើស្នេហារបស់យើងបំផុត។
៦. គេនៅជាប់រវល់ការងារខ្លាំង
មនុស្សប្រុសភាគច្រើនរមែងចាត់ទុកការងារជាអាទិភាពទីមួយដែលត្រូវជោគជ័យស្រាប់ទៅហើយ ព្រោះគេត្រូវការស្ថិរភាពផ្នែកសេដ្ឋកិច្ច និងភាពជោគជ័យក្នុងជីវិតឲ្យបានឆាប់បំផុត។ ដូច្នេះហើយទើបគេលះបង់ខ្លាំងជាមួយការងារ។ បើគេមានគំនិតបែបនេះ អ្នកគួររង់ចាំ ព្រោះគ្រប់យ៉ាងដែលគេធ្វើគឺដើម្បីអនាគតរបស់អ្នកទាំងពីរ។
៧. សម្ពាធឪពុកម្ដាយ
ក្នុងជីវិតពិត ជីវិតគូមិនមែនជារឿងរបស់មនុស្សតែពីរនាក់ទេ មិនថាឪពុកម្ដាយយើងមិនពេញចិត្តគាត់ ឬឪពុកម្ដាយរបស់គាត់មិនពេញចិត្តយើង គឺសុទ្ធតែធ្វើឲ្យស្នេហារបស់យើងមិនរលូនដូចគ្នា។
៨. មិនឲ្យតម្លៃលើការរៀបការ
មនុស្សប្រុសខ្លះពេញចិត្តនឹងការរស់នៅជាមួយគ្នាធម្មតាៗ ខ្លះក៏គិតថាសំបុត្រអាពាហ៍ពិពាហ៍ក៏គ្រាន់តែជាក្រដាសមួយសន្លឹក ឬការរៀបចំពិធីមង្គលការក៏គ្រាន់តែជាការចំណាយលុយចោលឥតប្រយោជន៍។ បើគេមានគំនិតបែបនេះ អ្នកត្រូវមកនិយាយគ្នាឲ្យបានច្បាស់ថាការគិតរបស់យើង និងការគិតរបស់គាត់ដូចគ្នាឬអត់។
បើយើងពិតជាចង់រៀបការពិតមែន ប៉ុន្តែខាងប្រុសមិនទាន់ត្រៀមខ្លួនល្អ អ្នកគួរតែនិយាយគ្នាតាមសម្រួល ចិត្តត្រជាក់ ស្ដាប់ហេតុផលគ្នាទៅវិញទៅមក និងអត់ធ្មត់រង់ចាំ។ ជម្រើសល្អគឺគួរតែដាក់គោលដៅតែម្ដងថាគ្រោងរៀបការក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត បើដល់ពេលកំណត់ហើយគេនៅតែព្រងើយៗ អ្នកប្រហែលជាត្រូវពិចារណាតែម្ដងថាត្រូវដើរចេញ ឬសុខចិត្តរង់ចាំរហូតដល់ខកខ្លួន ៕
No comments:
Post a Comment