ប្រជាជនបច្ចុប្បន្ន កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព បន្ទាប់ពីបន្លែ-ផ្លែឈើភាគច្រើន ប្រើជាតិគីមី ដើម្បីពន្លឿនការលូតលាស់ ដើម្បីប្រជែងតម្លៃលើទីផ្សារ។ ពេលខ្លះ បន្លែ-ផ្លែឈើគីមីទាំងនោះ បានបន្លំថារបស់ធម្មជាតិដែរ ធ្វើឲ្យអ្នកទិញពិបាកទុកចិត្ត។ យ៉ាងណាក្ដី មានវិធីសាស្ត្រខ្លីៗមួយចំនួន ដែលអ្នកអាចសម្គាល់បាន ថាបន្លែ-ផ្លែឈើទាំងនោះ មានប្រើគីមី ឬអត់។
១. រូបរាងខាងក្រៅ៖ ជាទូទៅ បន្លែ-ផ្លែឈើធម្មជាតិ រូបរាងមិនល្អមើលទេ មិនគួរឲ្យចង់ទទួលទាន ហើយទំហំខុសៗគ្នា មានតូចមានធំ មិនងាយរកបាន២ ប៉ុនគ្នាឡើយ ព្រោះវាបានលូតលាស់តាមបែបធម្មជាតិ។ ចំណែក បន្លែ-ផ្លែឈើដែលប្រើជាត់គីមី ភាគច្រើន មើលទៅរូបរាងស្អាត គួរឲ្យចង់ទទួលទាន ហើយមានលក្ខណៈមិនសូវខុសប្លែកគ្នា។
២. ទំហំ៖ បន្លែ-ផ្លែឈើធម្មជាតិ ភាគច្រើន មានទំហំតូច មិនងាយលូតលាស់ដល់ធំល្អឡើយ។ សាឡាត់ធម្មជាតិ មានស្លឹកតូចៗ មិនបានរីកធំល្អ ដូចអ្នកឃើញសព្វថ្ងៃឡើយ ប៉ុន្តែមានករណីខ្លះ វាអាចធំតាមបែបធម្មជាតិដែរ គ្រាន់តែមិនងាយប្រទះ។ ចំណែករបស់ប្រើគីមី អាចលូតលាស់បានធំល្អជាងធម្មតា ព្រោះតែសារជាតិដែលប្រើប្រាស់អាចពន្លឿនការលូតលាស់។
៣. ក្លិន និងរសជាតិ៖ ប្រសិនបើវាជា បន្លែ-ផ្លែឈើធម្មជាតិ ពេលហិតក្លិនទៅ មានចំហាយបែបធម្មជាតិម្យ៉ាង ដែលទាក់ទាញច្រមុះ ជាងបន្លែ-ផ្លែឈើគីមី។ ពេលសាកភ្លក់បន្តិច អ្នកនឹងចាប់អារម្មណ៍ថា បន្លែ-ផ្លែឈើធម្មជាតិ មានឱជារសជាង មិនហាងក្នុងមាត់ ហើយពេលចម្អិន មិនបាច់ប្រើគ្រឿងច្រើន ក៏មានជាតិដែរ។
៤. គ្រាប់៖ ជាធម្មតា បន្លែ-ផ្លែឈើធម្មជាតិ មានគ្រាប់តូចៗ មិនធំដូច បន្លែ-ផ្លែឈើគីមីឡើយ។
៥. មើលលើសត្វល្អិត និងដង្កូវ៖ ប្រសិនបើអ្នកបានឃើញ ដង្កូវ និងសត្វល្អិត លើបន្លែ-ផ្លែឈើដែលអ្នកទិញ នោះវាជាសញ្ញាល្អមួយ ព្រោះសត្វល្អិត និងដង្កូវទាំងនោះ មានវត្តមានតែលើបន្លែ-ផ្លែឈើធម្មជាតិទេ។ ប្រសិនបើប្រើគីមី ដង្កូវ និងសត្វល្អិត មិនអាចនៅទ្រាំទ្រនៅបានឡើយ។
៦. មើលលើសម្បក៖ សម្បកផ្លែឈើ និងបន្លែធម្មជាតិ ឆាប់ប្រែពណ៌ទៅជាជាំខ្មៅ និងមិនអាចរក្សាទុកបានយូរដូចរបស់ប្រើគីមីឡើយ។
៧. រយៈពេលចម្អិន៖ ជាធម្មតា បន្លែធម្មជាតិ អាចចម្អិន ឆ្អិនលឿនជាង បន្លែដែលប្រើគីមី។
៨. មើលតម្លៃ៖ បន្លែ-ផ្លែឈើធម្មជាតិ តែងដាក់លក់ថ្លៃជាង បន្លែ-ផ្លែឈើ ប្រើជាតិគីមី ព្រោះការដាំដុះតាមបែបធម្មជាតិ ប្រើពេលយូរ ប្រមូលផលបានតិច ពិបាកថែទាំ។
៩. មើលការបញ្ជាក់៖ ជាទូទៅ បន្លែ-ផ្លែឈើ ធម្មជាតិ តែងមានការបញ្ជាក់ពីស្ថាប័នចំណីអាហារ ឬសហគមន៍ដាំដុះដែលមានការទទួលស្គាល់ណាមួយ។ ដូចនេះ ត្រូវពិនិត្យឲ្យបានច្បាស់ រកមើលការបញ្ជាក់ដ៏គួរឲ្យទុកចិត្តមួយ ដែលមានបិតលើផលិតផល៕
ទស្សនាវីដេអូបង្ហាញ៖
No comments:
Post a Comment