ការប្រកួតពានរង្វាន់ Hun Sen Cup នៅរសៀលនេះ នឹងរកឃើញក្រុម៣ទៀត ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ខណៈដែល៥ក្រុមផ្សេងទៀតរង់ចាំរួចជាស្រេច។
ខេត្តកំពតនឹងត្រូវលេងជាមួយព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានរបស់កំពតវេលាម៉ោង៣រសៀលនេះ។ ដោយកាលពីជើងទី១កន្លងទៅ ក្រុមរបស់លោក សំ វ៉ាន់ដេត បានយកឈ្នះក្នុងលទ្ធផល៨-០ រួចទៅហើយ។ នេះមានន័យថាជើងទី២នេះ ក្រុមស្វាយរៀងហាក់មិនពិបាកក្នុងការយកកៅអីឡើងវគ្គបន្ដនោះទេ។
សូលទីឡូអង្គរ នឹងត្រូវធ្វើការធ្ងន់ក្នុងដីខ្លួនឯងនាខេត្តសៀមរាបនៅម៉ោង៣រសៀលនេះ ព្រោះថាការប៉ះប៉ូលិសជើងទី២នេះ នឹងកាន់តែពិបាកបន្ថែមទៀត ព្រោះកាលពីជើងទី១កន្លងទៅ ពួកគេចាញ់ ៤-១ ទៅហើយ។ សូលទីឡូអង្គរ មានឱកាសបានឡើង លុះត្រាតែរកគ្រាប់បាល់ចំណេញឱ្យបានច្រើនគ្រាប់ ស្របពេលប៉ូលិសឯណោះក៏មិនងាយឱ្យរបូតងាយៗដែរ។ មួយគូទៀតដែលត្រូវប្រកួតគឺក្រុមគីរីវង់សុខសែនជ័យ ត្រូវប៉ះជាមួយអាស៊ីអឺរ៉ូប នៅកីឡដ្ឋានខេត្តតាកែវ វេលាម៉ោង៣រសៀលដែរ។ គូនេះកាលពីជើងទី១កន្លងទៅ ស្មើគ្នា ០-០ ដូច្នេះជើងទី២នេះ នឹងកាន់តែល្អមើលថែមទៀត។

៥ក្រុមដែលឈរចាំនៅវគ្គ៨ក្រុមចុងក្រោយហើយនោះរួមមាន ភ្នំពេញក្រោន អគ្គិសនីកម្ពុជា ក្រសួងការពារជាតិ ណាហ្គាវើល និងបឹងកេតអង្គរ៕
No comments:
Post a Comment