នៅពីក្រោយស្នាមញញឹម និងសំឡេងសើចក្អាកក្អាយរបស់ពិធីការិនីឆ្នើម កញ្ញា នាង សុវ៉ាតនា ដែលប្រិយមិត្តបានស្គាល់ថាជា DJ ណាណា គឺជាជិវិតដ៏ហត់នឿយ ទោះបីជាឈឺក៏ត្រូវតែហាមមិនឱ្យឈឺសិនដែរ។
DJ ណាណា គឺជាសិល្បករពូកែវោហារសព្ទ និងពិធីការិនី ២ភាសាដ៏ជំនាញ។ កញ្ញាមានស្រុកកំណើតក្នុង ភូមិព្រៃទទឹង ឃុំជ្រៃរៀន ស្រុកព្រៃឈ ខេត្ត កំពង់ចាម នៅក្នុងគ្រួសារ ដែល លោកឪពុកជាគ្រូបង្រៀន និងម្តាយជាស្រ្តីមេផ្ទះ មានប្អូនស្រី ៣នាក់ក្នុងបន្ទុក។ ក្នុងនោះបញ្ហាគ្រួសារដ៏ធំ គឺការជាប់បំណុលយ៉ាងច្រើន ដែលមិនគួរឱ្យជឿ នោះក៏ដោយសារតែការធ្វេសប្រហែស បញ្ហាក្រពះ ជម្រកស្នាក់នៅ និងការសិក្សា។
ណាណា បានប្រាប់ថា៖ «យើងនៅមានបំណុលជាច្រើនទៀតដែលខ្ញុំត្រូវបង្វិលសងជាប្រចាំ ហើយពេលធ្វើការបានលុយមកមិនទាន់ឃើញលុយស្រួលបួលផង ត្រូវសងគេអស់ទៀតហើយ»។ ក៏ប៉ុន្តែបំណុលទាំងអស់ គឺដើម្បីគ្រួសារបានប្រសើរ វាបានជួយធ្វើឱ្យគ្រួសារ កញ្ញា ណាណា មានជម្រក មានដីចំការ និងបានជួយដល់ប្អូនទាំង ៣នាក់ រៀនសូត្ររហូតដល់ចប់សាកលវិទ្យាល័យទាំងអស់គ្នា ដែលនេះជាមោទនភាពមួយសម្រាប់ខ្លួនណាណា ដែលជាកូនស្រីច្បងក្នុងគ្រួសារ។
ដើម្បីគ្រួសារ Dj ណាណា ត្រូវខិតខំធ្វើការងារគ្រប់បែបយ៉ាង ឥតទំនេរតាំងពីអាយុជាង ១៥ ឆ្នាំ ដែលភាគច្រើនជាការងារតាមអង្គការ។ តែភាពក្រីក្រ និងការខ្វះខាតនេះ បានក្លាយជាភ្លើងជំរុញនារីស្រុកស្រែ ខេត្តកំពង់ចាម ឱ្យខិតខំរៀនសូត្រភាសាអង់គ្លេស និងយកភាសានេះជាយាន ឈោងចាប់ឱកាសការងារជាច្រើន ពិសេសការងារជាពិធីករដោះស្រាយវិបត្តិស្នេហាក្នុងកម្មវិធីវិទ្យុនៅឆ្នាំ ២០១៣។ ណាណា ប្រាប់ថា៖ «កាលហ្នឹងក៏មិនដឹងថាមានគេចាប់អារម្មណ៍ច្រើនដែរ ឬមាន Fan អីណាណីដែរ គ្រាន់តែដឹងថាមានប្រិយមិត្ត call ចូលមកច្រើន លើកសឹងមិនទាន់»។
កញ្ញា ណាណា ដែលមានវ័យ ៣១ឆ្នាំហើយ ទទួលភាពជោគជ័យលើការនិយាយតាមវិទ្យុ ហើយក៏បន្តអាជីព អ្នកពិធីការិនីទូរទស្សន៍ រួចក៏ក្លាយជាតារាមានប្រជាប្រិយម្នាក់លើបណ្តាញសង្គមហ្វេសប៊ុក ដែលជំរុញឱកាសបង្ហាញទេពកោសល្យសិល្បៈនិយាយជាសាធារណៈនេះ ប្រកបដោយទំនុកចិត្ត ព្រមទាំងបញ្ចូលសារអប់រំជាច្រើនផងដែរ។ ណាណា ប្រាប់ Sabay ថា៖ «កាលដែលពូកែនិយាយហ្នឹងអាចថាមកពីយើងហ៊ាន និងធ្លាប់មានរឿងកើតឡើងខ្លួនឯងដែរ ហើយមានប្រិយមិត្ត ពិសេសប្រិយមិត្តស្រីៗគាំទ្រច្រើន ដោយសារយើងនិយាយត្រង់ និយាយអ្វីដែលលើកទឹកចិត្ត មិនមែនជាអ្នកប្រដៅគាត់»។
បច្ចុប្បន្ន DJ ណាណា តែងតែបង្ហាញវត្តមានលើបណ្តាញសង្គមហ្វេសប៊ុកជាមួយ page ផ្លូវការមួយ គឺ DJ NanaTips ដែលរៀបរាប់ និងបង្ហាញជាគំនិត ដំណោះស្រាយថ្មីៗ លើវិបត្តិការងារ សិក្សា និងស្នេហា។ DJ ក៏ទទួលបានការងារជាពិធីការិនីជាច្រើនកម្មវិធី ដោយសារជំនាញលើភាសាអង់គ្លេស និងវោហារសព្ទ ដ៏គួរឱ្យទាក់ទាញ។
ប្រឈមនឹងបញ្ហាជាច្រើន ទើបបណ្តាលឱ្យ DJ ណាណា រីកចម្រើនដល់សព្វថ្ងៃ ហើយកញ្ញាក៏លើកឡើងដែរថា៖ «បើមិនក្រ មិនលំបាក ប្រហែលខ្ញុំក៏អាចក្លាយខ្លួនជាអ្វីផ្សេងមិនដឹង ប្អូនក៏មិនខិតខំរៀនដែរមើលទៅ បើមិនឆ្លងកាត់ការលំបាកបែបនេះ»។ ជាចុងក្រោយ សិល្បករវោហារលើកដាក់ឱ្យអារម្មណ៍អ្នកបានស្បើយ លើកទឹកចិត្តថា ត្រូវតែខិតខំធ្វើអីដែលខ្លួនស្រលាញ់ និងចូលចិត្តរួចហើយអភិវឌ្ឍចំណេះជំនាញនោះឱ្យពូកែលើសគេ។ សូមកុំព្យាយាមធ្វើអ្វីដែលតាមៗគេ ត្រូវចេះបង្កើតអ្វីដែលជារបស់អ្នក ហើយអ្នកនឹងក្លាយជាម្ចាស់ និងគ្រប់គ្រងលើវាបាន។
No comments:
Post a Comment