មិត្តភ័ក្ដិរបស់ខ្ញុំម្នាក់បានក្លាយជាមនុស្សបាក់ទឹកចិត្តព្រោះក្រោយពេលឡើងគ្រែជាមួយសង្សារគេហើយ ក៏ត្រូវបានគេបោះបង់ចោល។ កុំទាន់គិតដល់សីលធម៌សង្គមក៏ដូចជាទម្លាប់មាត់អ្នកផងរបស់ជនជាតិអាស៊ី មានរឿងមួយទៀតដែលយើងត្រូវគិតនោះគឺការឈឺចាប់។
ពេលខ្លះខ្ញុំគិតថាវប្បធម៌ខាងអឺរ៉ុបពិតជាធ្វើឲ្យជីវិតអ្នកដែលរស់នៅទីនោះធូរស្រាលខ្លាំងណាស់ ព្រោះការគេងជាមួយគ្នាគឺជារឿងធម្មតា តែវប្បធម៌យើងគឺមិនអាចនោះឡើយ។ ពួកយើងគិតថាការគេងជាមួយគ្នាគឺជាចំណងមួយជីវិត។ តែជីវិតនេះមិនមែនដូចយើងគិតនោះឡើយ មនុស្សដែលយើងជឿជាក់ថានឹងដើរជាមួយគ្នាយូរអង្វែង បែរជាអាចបោះបង់ចោលយើងនៅថ្ងៃស្អែកក៏ថាបាន។
មិត្តភ័ក្ដិខ្ញុំសួរទាំងភ័យខ្លាចថា៖ "អញដេកជាមួយគាត់ហើយៗ តើគាត់អាចនឹងបោះបង់អញចោលទេ?”។ បើសិនជាយើងខ្លាចគេបោះបង់យ៉ាងហ្នឹង ហេតុអ្វីក៏លះបង់ទាំងអស់ឲ្យទៅគេ? ពួកយើងមិនមែនក្មេងបៀមដៃឯណា សុទ្ធតែជាមនុស្សអស់ធំ អាចសម្រេចចិត្តដោយខ្លួនឯងបានអស់ហើយ។ ដូច្នេះត្រូវត្រៀមខ្លួនឈឺចាប់ជាមុននៅពេលយល់ព្រមឡើងគ្រែជាមួយគេហើយ។ ឈឺចាប់ដោយសារបែកបាក់ស្នេហា ឈឺចាប់ដោយសារ សង្គមយើងនៅវាយតម្លៃរឿងព្រហ្មចារីខ្ពស់ពេក ហើយក៏អាចនឹងត្រូវសង្សារក្រោយពេបជ្រាយដោយសាររឿងនេះ។
មួយគឺកុំធ្វើបាបខ្លួនឯងដោយសារតែសម្ដីផ្អែមល្ហែមគេមួយភ្លែតរឹតតែល្អ ឬក៏ក្លាហានជាន់ពន្លិចសីលធម៌សង្គម ក៏ដូចជាសម្ដីអ្នកផងទាំងអស់ហើយធ្វើនូវអ្វីដែលខ្លួនសម្រេច។ បើអាល័យតែគិតពីមាត់ចាបមាត់ព្រាបគឺគ្មានថ្ងៃចប់ឡើយ តែបើសម្រេចចិត្តហើយកុំខ្លាចឈឺចាប់ទៅថ្ងៃក្រោយ៕
No comments:
Post a Comment