អ្នកណាដែលមិនចូលចិត្តស្ដាប់ចម្រៀង? ពិតណាស់តន្ត្រី ឬចម្រៀងគឺជាផ្នែកដ៏សំខាន់នៃជីវិតរបស់យើង។ មិនថាជាបទចម្រៀងដែលយើងបាននៅទីណានោះទេវាសុទ្ធតែមានប្រយោជន៍តាំងអស់សម្រាប់យើង។ ការស្ដាប់ចម្រៀងមិនមែនមានន័យថាយើងចូលចិត្ត Drama អត់ន័យនោះទេ តែវាអាចឲ្យយើងទទួលបានប្រយោជន៍នឹកស្មានមិនដល់ ៖
១. បន្ថយកម្រិតការប៉ះទង្គិចផ្លូវចិត្ត
ចម្រៀងដូចជាវេទមន្តមួយអីចឹងក្នុងការជួយសម្រួលផ្លូវចិត្តមនុស្សដែលមានជំងឺផ្លូវចិត្តច្រើន។ នៅពេលដែលអ្នកស្ដាប់បទចម្រៀងដែលអ្នកចូលចិត្តនោះអារម្មណ៍អ្នកនឹងចាប់ផ្ដើមធូរស្រាល និងរីករាយឡើងវិញ។
២. កាត់បន្ថយភាពស្មុគស្មាញ
ចេញពីធ្វើការក្នុងសម្ពាធដ៏គួរឲ្យធុញមួយ ឬក៏ចេញពីរៀនឈឺក្បាលស្មុគស្មាញ ការស្ដាប់ចម្រៀងគឺជាវិធីដ៏ល្អបំផុតសម្រាប់ជម្រុះរឿងមិនសប្បាយចិត្តទាំងនោះ។ ចម្រៀងអាចជួយឲ្យអារម្មណ៍របស់យើងបណ្ដែតទៅជាមួយភ្លេង និងអត្ថន័យដែលកាត់បន្ថយអារម្មណ៍ហត់នឿយទាំងនោះយ៉ាងមានប្រសិទ្ធភាព។
៣. ជំនួយបេះដូង និងឲ្យសរសៃឈាមរត់បានស្រួល
ការសិក្សាបានបង្ហាញថាចម្រៀងជួយពង្រឹងសុខភាពបេះដូង និងសម្រួលស្ថានភាពអ្នកដែលមានជំងឺបេះដូងឲ្យកាន់តែប្រសើរទៀតផង។
ម្យ៉ាងទៀតនៅពេលដែលបទចម្រៀងដែលអ្នកស្រឡាញ់បានជ្រាបចូលក្នុងខួរក្បាលវាបានជួយធ្វើឲ្យសុខភាពសរសៃឈាមកាន់តែប្រសើរឡើង។ វាត្រូវបានគេមើលឃើញថាបុរសនិងស្ត្រីដែលស្តាប់តន្ត្រីភ្លាមៗបន្ទាប់ពីការវះកាត់បេះដូងមិនសូវព្រួយបារម្ភហើយថែមទាំងបានរាយការណ៍ថាមានការឈឺចាប់តិចជាងអ្នកដែលសម្រាកដោយស្ងៀមស្ងាត់។
៤. បង្កើនគុណភាពនៃការគេង
បញ្ហាមួយចំនួនដែលរំខានដល់ការគេងគឺភាពតានតឹងនិងការថប់បារម្ភ (ដោយសារអត្រាចង្វាក់បេះដូង) ។ ការស្រាវជ្រាវបានរកឃើញថាការស្តាប់ចម្រៀងនៅតាមពេលវេលាផ្សេងៗជំរុញអោយមានទម្លាប់គេងល្អសម្រាប់មនុស្សនិងសូម្បីតែ បានបង្កើតការគេងកាន់តែច្រើន។ ក្នុងករណីខ្លះចម្រៀងអាចត្រូវបានគេប្រើដើម្បីព្យាបាលជំងឺគេងមិនលក់។
៥.ថែរក្សាសុខភាពខួរក្បាលវ័យពេលចំណាស់
ការស្រាវជ្រាវបានបង្ហាញថាការមានការហ្វឹកហាត់តន្ត្រីនិងការស្តាប់ចម្រៀងក្នុងវ័យចំណាស់អាចជួយថែរក្សាខួរក្បាលឲ្យមានសុខភាពល្អជាពិសេសនៅពេលចាស់តែម្ដង។ ដោយសារការស្តាប់តន្ត្រី ឬចម្រៀងគឺដូចជាការធ្វើលំហាត់ប្រាណខួរក្បាលអ្នកអាចរំពឹងថានឹងទទួលបានអត្ថប្រយោជន៍នៃការចងចាំនិងភាពច្បាស់លាស់នៅពេលដែលពួកគេមានអាយុច្រើន៕
No comments:
Post a Comment