គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានទទួលនូវវិញ្ញាបនបត្រស្តីអំពីការអនុវត្តយ៉ាងពេញលេញ នូវគោលការណ៍ការពារអតិថិជន ពី SMART CAMPAIGN ដែលជាស្ថាប័នអន្តរជាតិក្នុងការបង្រួបបង្រួមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជុំវិញពិភពលោកឲ្យមានគោលដៅរួមមួយ គឺចាត់ទុកអតិថិជនជាកម្លាំងដែលជំរុញឲ្យមានភាពរីកចម្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល និងធ្វើការវាយតម្លៃទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន។
ក្នុងការទទួលបានវិញ្ញាបនបត្រនេះ អេ អឹម ខេ ទទួលបានការសម្របសម្រួល និងការគាំទ្រផ្នែកបច្ចេកទេសពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។
គោលការណ៍ការពារអតិថិជននេះ បានបង្កើតឡើងក្នុងគោលបំណងដើម្បីជួយទ្រទ្រង់ដល់វិស័យហិរញ្ញវត្ថុទាំងមូល ដោយផ្តោតភាពសំខាន់ទៅលើការចួលរួមចំណែកក្នុងកិច្ចការងារសង្គម និងស្ថិរភាពហិរញ្ញវត្ថុ។ គោលការណ៍ការពារអតិថិជន គឺជាលក្ខខណ្ឌស្តង់ដារអប្បបរមា ដែលអតិថិជនរំពឹងថានឹងទទួលបាននៅពេលដែលពួកគាត់ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ការការពារអតិថិជនរបស់ខ្លួនមិនត្រឹមតែជាការងារត្រឹមត្រូវដែលយើងកំពុងធ្វើទេ តែវាគឺជាការងារដែលឆ្លាតវៃបំផុតដែលយើងត្រូវតែធ្វើ។
លោកស្រី អ៊ីសាប៊ែល បារេស (Isabelle Barrès) ជានាយិកាប្រតិបត្តិ SMART CAMPAIGN បានលើកឡើងថា “ខ្ញុំសូមអបអរសាទរ ដ៏ស្មោះអស់ពីចិត្ដដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់នេះ។ អេ អឹម ខេ ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារ ដើម្បីបម្រើដល់អតិថិជនក្រីក្ររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ហើយនេះបានបង្ហាញឲ្យឃើញថា អេ អឹម ខេ ពិតជាសមនឹងទទួលបាននូវពានរង្វាន់ដ៏ធំនេះ ដែលជាឧទារណ៍ជាក់ស្តែង នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលនៅប្រទេសកម្ពុជា”។
គោលការណ៍ការការពារ អតិថិជន ដែលរៀបចំឡើងដោយ SMART CAMPAIGN នេះបានប្រកាសជាសាធារណៈដល់ស្ថាប័នណាដែលបានផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនរបស់ខ្លួន ដោយបានអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍នៃការការពារអតិថិជនទាំង៧ចំណុចដូចជា៖
១. ការអភិវឌ្ឍ និងការចែកចាយផលិតផលដែលសមស្រប (Appropriate product design and delivery)
២. ការការពារពីបំណុលវណ្ឌក (Prevention of Over-indebtedness)
៣. តម្លាភាព(Transparency)
៤. ការកំណត់ថ្លៃដែលមានការទទួលខុសត្រូវ (Responsible Pricing)
៥. ប្រព្រឹត្តទៅលើអតិថិជនដោយការគោរព និងស្មើភាពគ្នា (Fair and respectful treatment of clients)
៦. យន្តការឆ្លើយតបចំពោះមតិយោបល់អតិថិជន (Mechanisms for complaint resolution) និង
៧. ការរក្សាព័ត៌មានឯកជនរបស់អតិថិជន (Privacy of client data)។
សូមបញ្ចាក់ដែរថា តាមការអនុវត្តជាក់ស្តែង អេ អឹម ខេ បានបន្ថែមមួយចំណុចទៀត លើគោលការណ៍ទាំងប្រាំពីររបស់ SMART CAMPAIGN គឺសេរីភាពនៃការជ្រើសរើស (ផលិតផល និងសេវាកម្ម)។ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានមានប្រសាសន៍ថា “អតិថិជនជោគជ័យ អេ អឹម ខេ ក៏ជោគជ័យដែរ ដូច្នេះហើយបានជាយើងតែងតែធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងាររបស់យើង ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង
ខិតខំប្រឹងប្រែងរបស់ អេ អឹម ខេ ក្នុងការអនុវត្តកិច្ចការងារសង្គមក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ដល់អតិថិជន។ ក្នុងនោះផងដែរ យើងក៏បានអនុវត្តយ៉ាងពេញលេញ ទៅតាមលក្ខខណ្ឌនៃគោលការណ៍ការពារអតិថិជនទាំង៧ចំណុច ដើម្បីធានាឲ្យអតិថិជនទទួលបាននូវកិច្ចការពារពី អេ អឹម ខេ។
ដើម្បីទទួលបានវិញ្ញាបនបត្រនៃការការពារអតិថិជននេះ អេ អឹម ខេ បានធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយមានការសហការពីបុគ្គលិក អេ អឹម ខេ គ្រប់លំដាប់ថ្នាក់ និងក្រោមការសម្របសម្រួល និងការគាំទ្រផ្នែកបច្ចេកទេសពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)៕
No comments:
Post a Comment