ស្ថាបនិកស្រាបៀ Corona សញ្ជាតិអេស្ប៉ាញ លោក Antonino Fernandez បានធ្វើឲ្យអ្នកភូមិដែលរស់នៅ ភូមិដែលលោកធ្លាប់នៅ និងធំធាត់ឡើង ក្លាយជាសេដ្ឋីគ្រប់គ្នា ដោយផ្ដល់លុយឲ្យពួកគេ ចំនួនជាង២លានដុល្លារ ក្នុងមួយគ្រួសារ។
លោក Antonino Fernandez
លោក Antonino ដែលបានស្លាប់ នៅអាយុ៩៨ឆ្នាំ កាលពីខែសីហា កន្លងទៅនេះ បានផ្ដល់លុយ ចំនួន ១៦៩លានផោន ឬប្រហែល ២១០លានដុល្លារអាមេរិក ឲ្យទៅអ្នកភូមិចំនួន ៨០គ្រួសារ ដែលរស់នៅភូមិតូចមួយ ឈ្មោះ Cerezales del Condado ក្នុងប្រទេសអេស្ប៉ាញ។
ភូមិ Cerezales del Condado
លោក Maximino Sanchez ដែលជាម្ចាស់ហាងបារតែមួយគត់ នៅក្នុងភូមិ បានប្រាប់កាសែតក្នុងស្រុក Diario de León ថា «ខ្ញុំមិនដឹងថា ពួកយើងអាចសម្រេចអ្វីបានខ្លះឡើយ ប្រសិនបើគ្មាន លោក Antonino»។
ជាកូនប្រុសម្នាក់ ក្នុងចំណោមកូនទាំង១៣នាក់ លោក Antonino បានកើត និងនាំយកទៅរស់នៅភូមិតូចខាងលើ ដែលស្ថិតក្នុងខេត្ត Leon ភាគពាយព្យ ប្រទេសអេស្ប៉ាញ។ គ្រួសាររបស់លោកបានតស៊ូ ជាមួយនឹងភាពក្រីក្រខ្លាំងណាស់។ នៅអាយុ ១៤ឆ្នាំ Antonino ត្រូវបង្ខំចិត្តឈប់រៀន ដោយសារតែគ្រួសារទីទាល់ក្រ និងគ្មានលទ្ធភាពបង់ថ្លៃសាលា ហើយត្រូវការឲ្យគាត់ធ្វើការនៅក្នុងចម្ការទៀត។
នៅឆ្នាំ១៩៤៩ Antonino បានផ្លាស់ទៅរស់នៅ ប្រទេសម៉ិកស៊ីកូ នៅអាយុ៣២ឆ្នាំ បន្ទាប់ពីត្រូវបានអញ្ជើញពី ឪពុកមាខាងប្រពន្ធ ដើម្បីទៅធ្វើការឲ្យក្រុមហ៊ុនស្រាបៀរ «Grupo Modelo» របស់ប្រទេសម៉ិកស៊ីកូ។ លោកបានខិតខំធ្វើការ រហូតបានក្លាយជា នាយកប្រតិបត្តិ (CEO) នៅក្នុងឆ្នាំ១៩៧១ និងបានផលិតស្រាបៀ ម៉ាក «Corona» ដែលជាម៉ាកយីហោស្រាបៀដ៏ធំបំផុតមួយ នៅលើពិភពលោក។
ស្រាបៀ Corona
លោក Antonino បានកាន់កាប់ដំណែងជាប្រធានក្រុមហ៊ុន រហូតដល់ឆ្នាំ២០០៥ ទើបប្រគល់ទៅឲ្យក្មួយប្រុសរបស់គាត់។ លោកទទួលបានកិត្តិយស ចំពោះការងារសប្បុរសរបស់លោក និងបានបង្កើតគម្រោង ទាំងនៅក្នុងប្រទេសអេស្ប៉ាញ និងម៉ិកស៊ីកូ ដើម្បីស្វែងរកការងារ ឲ្យជនពិការធ្វើទៀតផង៕
ប្រភព៖ Sabay
No comments:
Post a Comment