- រាជបុត្រ George តែងតែស្លៀកខោជើងខ្លីជានិច្ច
- ខ្សែរាជវង្សមិនចង់ឲ្យគេចាត់ទុកខ្លួនជាវណ្ណៈកណ្ដាលឡើយ
បុត្រារបស់ព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ក្សត្រី Kate Middleton កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះទ្រង់តែងតែបង្ហាញព្រះភ័ក្រ្ត ជាមួយព្រះមាតាបិតារបស់ទ្រង់ជានិច្ច។
ជាមួយគ្នានេះដែរ គេសម្គាល់ឃើញថា បើទោះបីជាអាកាសធាតុបែបណាក៏ដោយ ក៏រាជបុត្រព្រះជន្ម ៤ វង្សាអង្គនេះ តែងតែស្លៀកខោជើងខ្លីដែរ។ ដោយសារតែហេតុនេះហើយ ទើបធ្វើមានការងឿងឆ្ងល់ និងចង់ដឹងថា ហេតុអ្វីបានជារាជបុត្រ George តែងតែស្លៀកខោជើងខ្លីបែបនេះ?
អ្នកជំនាញម្នាក់មានឈ្មោះថា William Hanson បានប្រាប់ឲ្យដឹងថា ការស្លៀកខោជើងខ្លីឲ្យក្មេងប្រុស គឺជារឿងរ៉ាវទំនៀមទម្លាប់មួយរបស់ជនជាតិអង់គ្លេស។
«ខោជើងវែង គឺសម្រាប់ក្មេងប្រុសអាយុច្រើន និងបុរស ខណៈខោជើងខ្លី គឺសម្រាប់ក្មេងប្រុស។ ថ្វីបើពេលវេលាកំពុងផ្លាស់ប្ដូរ ប៉ុន្តែក្មេងប្រុសស្លៀកខោជើងវែង ត្រូវបានគេចាត់ទុកថាជា វណ្ណៈកណ្ដាល ឬ អ្នកជាយក្រុង។ គ្មានសមាជិកនៃវណ្ណៈអភិជន ឬខ្សែរាជវង្សណា ចង់ឲ្យគេចាត់ទុកខ្លួនជា វណ្ណៈកណ្ដាល ឬ អ្នកជាយក្រុងឡើយ»។ លោក Hanson បានពន្យល់ប្រាប់យ៉ាងដូច្នេះ។
លោក Hanson បានឲ្យដឹងទៀតថា បើតាមទំនៀមទម្លាប់ ក្មេងប្រុសអាចផ្លាស់ទៅស្លៀកខោជើងវែងវិញបាន គឺនៅអាយុប្រហែល ៨ ឆ្នាំ៕
ប្រភព៖ Sabay
No comments:
Post a Comment