loading...

Wednesday, August 23, 2017

មាន​កាយ​សម្បទា​គ្រប់គ្រាន់បែរ​ជា​មិន​ខំ​រៀន សូម​មក​ស្គាល់​សិស្ស​ពិការ​៣​រូប​ ស៊ូប្រឡងទាំងលំបាក

ការ​សិក្សា​ក្រេប​យក​ចំណេះ​វិជ្ជា គឺ​ជា​ស្ពាន​ចម្លង​ជីវិត​ឱ្យ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ក្នុង​ជីវិត តែ​មនុស្ស​ខ្លះ​មាន​កាយ​សម្បទា​គ្រប់គ្រាន់ មាន​លទ្ធភាព មាន​គ្រួសារ​ជួយ​ជ្រោមជ្រែង​តែ​បែរ​ជា​មិន​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា ហើយ​ចំណាយ​ពេល​លើ​រឿង​មិន​សូវ​មាន​ប្រយោជន៍​ទៅ​វិញ។ ដូច្នេះ​សូម​មក​ស្គាល់​យុវសិស្ស​ ៣​រូប​ខាង​ក្រោម​នេះ ថ្វី​ត្បិត​មាន​កាយ​សម្បទា​មិន​គ្រប់គ្រាន់ មាន​ជីវភាព​ខ្វះខាត តែ​ពួក​គេ ខិតខំ​តស៊ូ​ក្នុង​ជីវិត តាម​រយៈ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិទាំង​លំបាក​គួរ​ឱ្យ​សរសើរ។
១. យុវជន រ័ត្ន​ តុលា
ថ្វី​ត្បិត​ពិការ​ដៃ និង​ជើង​ទាំងសងខាង​តែ​យុវជន​រូប​នេះ នៅ​តែ​ប្រឹង​ប្រឡង​បាក់ឌុប​ទោះ​បី​ធ្លាប់​ធ្លាក់​ម្ដង​រួច​មក​ហើយ ព្រោះ​ចង់​សម្រេច​គោល​បំណង​ធំ​ក្នុង​ជីវិត។ តុលា​ប្រាប់ Sabay ថា​រូប​គេ​មាន​គោល​បំណង​ចង់​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា នៅ​សាកលវិទ្យាល័យ ប្រសិន​បើ​មាន​អ្នក​ជួយ​ជ្រោមជ្រែង។ តុលា ជា​កូន​កំព្រា​មិន​ដែល​ស្គាល់​មុខ​ឪពុក​ម្ដាយ​ឡើយ តែ​រូប​គេ​មិន​អស់​សង្ឃឹម​ក្នុង​ជីវិត តែ​មាន​ការ​តស៊ូ​ពុះពារ ទោះ​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​ដូច​អ្នក​ដទៃ​ក៏​ដោយ។
២. យុវតី ឌុក ឆវី
យុវតី​កម្សត់​រូប​នេះ​ពិការ​ដៃ​ទាំង​សងខាង ហើយ​សរសេរ​វិញ្ញាសា​ដោយ​ជើង​ទាំង​ពីរ​របស់​ខ្លួន នៅ​មណ្ឌល​ នេត យ៉ង់ ក្នុង​ខេត្ត​បាត់ដំបង។ ទោះ​ជា​លំបាក​យ៉ាង​ណា​ក្ដី​តែ​យុវតី​រូប​នេះ បាន​ខិតខំ​ប្រឡង​រហូត​ដល់​ថ្ងៃ​បញ្ចប់ ប្រកប​ដោយ​ស្នាម​ញញឹម​ និង​ភាព​ជឿជាក់។
រូបភាព៖ ក្រសួងអប់រំ
៣. យុវជនពិការភ្នែកទាំងសងខាង
ដោយ​ឡែក​យុវជន​ម្នាក់​នេះ ​ពិការ​ភ្នែក​ទាំង​សងខាង តែ​តស៊ូ​ខិតខំ​រៀន​រៀន​សូត្រ រហូត​មាន​ឈ្មោះ​ទៅ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នឹង​គេ នៅ​មណ្ឌល​សាលា​បឋម​សិក្សា នរោត្ដម​ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​អប់រំ៕
រូបភាព៖ ក្រសួងអប់រំ
ប្រភព៖ Sabay

No comments:

Post a Comment