ពេលមានពិធីសែនក្បាលទឹករាល់ឆ្នាំ ជ្រូកខ្វៃបានក្លាយជាសំណែនដែលគ្រប់គ្នាសម្រុកទិញ ប៉ុន្តែពិបាកសម្រេចរើសយកជ្រូកខ្វៃដែលមានសាច់ល្អណាស់។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនសម្រាប់រើសជ្រូកខ្វៃដែលមានសាច់ល្អ និងឆ្ងាញ់បំផុត គ្រាន់ទុកពិសាពេលសែនរួច៖
១ ស្បែករលោងតឹង
បើតាមសំដីរបស់អ្នកស្រី សាង៉ួន ដែលជាអាជីវករនៅផ្សារបឹងទំពុនបានឲ្យដឹងថា បើជ្រូកណាដែលមានស្បែកជ្រួញ គឺមានន័យថាជាជ្រូកចាស់។ វាត្រូវបានអ្នកលក់យកទៅកម្ដៅម្ដងហើយម្ដងទៀត។ យល់ល្អគឺទិញជ្រូកខ្វៃដែលមានស្បែកតឹង រលោង ព្រោះវាជាជ្រូកខ្វៃថ្មី។
២ ចុចលើស្បែក
តាមបទពិសោធទិញសែនរាល់ឆ្នាំ អ្នកស្រី សាង៉ួន បានផ្តាំថា ពេលទៅទិញជ្រូកខ្វៃត្រូវចុចស្បែករបស់វាមើល។ បើចុចទៅធ្លុះ នោះមានន័យថាសាច់របស់វាផុយ។ តែបើចុចមិនធ្លុះវិញគឺច្បាស់ណាស់ដែលថាសាច់របស់វាស្វិតជាមិនខាន។
៣ គីឡូរបស់ជ្រូក
ចំណែកអ្នកស្រី អ៊ី ម៉េង ជាអ្នកលក់ចាប់ហួយមួយរូបដែលតែងសែនជ្រូកខ្វៃជារៀងរាល់ឆ្នាំបានលើកឡើងថា ប្រសិនបើជ្រូកកាន់តែតូច នោះមានន័យថាសាច់វាក៏កាន់តែឆ្ងាញ់ដែរ គឺចន្លោះពី៥ ទៅ ១៥គីឡូក្រាមជាដើម ព្រោះថាជ្រូកតូចសាច់របស់វាច្រើន ហើយមិនសូវមានខ្លាញ់នោះទេ ដែលផ្ទុយពីជ្រូកធំៗដែលសំបូរខ្លាញ់ច្រើន (២០-២៥ គីឡូក្រាម)។
៤ ឡខ្វៃជ្រូកល្បី
មិនតែប៉ុណ្ណោះ លោក ឡុង សេងលី ជាអ្នកលក់ទូរសព្ទដៃមួយរូបនៅផ្សារបឹងទំពុនបាននិយាយថា ចំពោះលោកផ្ទាល់គឺគិតទៅលើអ្នកខ្វៃ និង កន្លែងខ្វៃជ្រូក។ លោកបានបន្តថា ចង់បានជ្រូកខ្វៃដែលឆ្ងាញ់គឺត្រូវតែដឹងពីប្រភពរបស់វា តើអ្នកដែលខ្វៃធ្លាប់រកស៊ីយូរឆ្នាំ ឬនៅ? កន្លែងខ្វៃមានអនាម័យ ឬអត់?
No comments:
Post a Comment