(ប្លង់គំរូរបស់បណ្ណាល័យជាតិ)
បណ្ណាល័យដ៏ចំណាស់ជាងគេនៅកណ្ដាលរាជធានីភ្នំពេញខាងលិចវត្តភ្នំ ដែលបានសង់ឡើងតាំងពីសម័យអាណានិគមបារាំង នឹងត្រូវកែលម្អមុខមាត់ថ្មី ដើម្បីប្រែក្លាយជាកន្លែងស្រាវជ្រាវដ៏មានសារៈប្រយោជន៍សម្រាប់សាធារណជនទូទៅ។
លោកស្រី ខ្លូត វិបុឡា ប្រធានបណ្ណាល័យជាតិដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួងវប្បធម៌បានដាក់គោលការណ៍ជួសជុលបណ្ណាល័យជាតិទាំងមូល ដែលគម្រោងកែលម្អនេះនឹងចាប់ផ្ដើមនៅឆ្នាំ ២០១៨ ខាងមុខនេះ។ លោកស្រីថាៈ« យើងត្រូវរៀបចំបណ្ដាញប្រព័ន្ធ Network បំពាក់សម្ភារៈទំនើប កុំព្យូទ័រ ម៉ាស៊ីនត្រជាក់... ហើយយើងនឹងពង្រីកអគារបន្ថែម ដើម្បីតម្រូវការរបស់បណ្ណាល័យជាតិ»។
(លោកស្រី ខ្លូត វិបុឡា ប្រធានបណ្ណាល័យជាតិ)
លោកស្រីបន្តថា ដោយសារបច្ចប្បន្ន បណ្ណាល័យជាតិមិនទាន់បានរៀបចំឲ្យបានល្អពេញលេញនៅឡើយទេ ពោលគឺនៅលាយឡំគ្នានៅឡើយ ដោយសារទំហំអគារតូច ហេតុនេះការពង្រីកអគារនេះ ត្រូវការចាំបាច់ដើម្បីបែងចែកជាផ្នែកៗផ្សេងគ្នា ដូចជាកន្លែងសម្រាប់ក្មេងអាន កន្លែងស្រាវជ្រាវ កន្លែងទុកដាក់សៀវភៅបានទូលាយ ជាពិសេស ការរៀបចំសួនច្បារនៅខាងមុខបណ្ណាល័យ សម្រាប់អ្នកអានសៀវភៅជាដើម។ បច្ចុប្បន្ន ការអភិវឌ្ឍសួនច្បារខាងមុខបណ្ណាល័យ បានចាប់ផ្ដើមរៀបចំបណ្ដើរៗ ដើម្បីឲ្យទាន់ការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិចាប់ថ្ងៃទី ០៨ ដល់ ១០ ខែធ្នូ ខាងមុខនេះ។ លោកស្រីបន្ថែម។ យ៉ាងណាលោកស្រី មិនទាន់បញ្ជាក់ពីការចំណាយជួសជុលកែលម្អនេះបានឡើយ។
ដោយឡែក លោកស្រីបានលើកឡើងថា កង្វះសៀវភៅនៅតែបញ្ហាប្រឈម។ ជារៀងរាល់ឆ្នាំ ក្រសួងអប់រំបានផ្ដល់ជំនួយ ១៥ លានរៀល ដើម្បីទិញសៀវភៅថ្មីបន្ថែម ប៉ុន្តែតម្លៃសៀវភៅខ្លះថ្លៃរហូតដល់ជាង ១០០ដុល្លារក៏មាន ដូច្នេះបណ្ណាល័យចាំបាច់ត្រូវលៃលកតាមលទ្ធភាព។
(យុវជនម្នាក់កំពុងរកមើលសៀវភៅអានក្នុងបណ្ណាល័យជាតិ)
លោកស្រីឲ្យដឹងថា បន្ទាប់ពីការកែលម្អអគារបណ្ណាល័យរួច លោកស្រីក៏គ្រោងរៀបចំពិព័រណ៍សៀវភៅចាស់ៗ ដែលសល់តាំងពីសតវត្សទី១៨ ជាស្នាដៃបុព្វបុរសសរសេរ ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយ ខណៈសៀវភៅចាស់ៗទាំងនោះ លែងតម្រូវឲ្យខ្ចីអាន និងត្រូវបានស្កេនចូលក្នុងប្រព័ន្ធឌីជីថល។ មកដល់សព្វថ្ងៃ ឯកសារប្រមាណ ២៣ ០០០ក្បាល នៅសេសសល់ពីសម័យអាណានិគមបារាំង។ លោកស្រីបញ្ជាក់។
ដើម្បីលើកទឹកចិត្តដល់អ្នកបោះពុម្ពទាំងឡាយ ប្រធានបណ្ណាល័យជាតិ ក៏បានស្នើដល់អ្នកនិពន្ធសៀវភៅថ្មី ឲ្យមកទទួលលេខកូដ I.S.B.N មិនគិតថ្លៃ សម្រាប់ធ្វើការចុះបញ្ជីរាល់សៀវភៅទាំងឡាយ ដែលលេខកូដនេះ ត្រូវបានទទួលស្គាល់អន្តរជាតិជុំវិញពិភពលោក៕
No comments:
Post a Comment