ក្រុមបាល់ទាត់ជម្រើសជាតិវែលបានអស់ឱកាសទៅលេងជុំផ្ដាច់ព្រ័ត្រការប្រកួត World Cup នៅរុស្ស៊ីហើយក្រោយភ្លាត់ស្នៀតចាញ់សាធារណរដ្ឋអៀរឡង់ ១-០ នៅទឹកដីខ្លួនឯង។
ការប្រកួតដែលគ្មានវត្តមានតារាឆ្នើម Gareth Bale កាលពីយប់មិញ នៅក្នុងវគ្គទីមួយម្ចាស់ផ្ទះបានធ្វើការគ្រប់គ្រងបាល់យ៉ាងច្រើនលើសលប់តែគ្មានឱកាសស៊ុតទម្លុះរនាំងការពារយ៉ាងល្អរបស់អៀរឡង់បាន។
នៅវគ្គទីពីរ ខ្សែបម្រើ James McClean មកពី West Bromwich បានក្លាយជាពេជ្ឈឃាដស៊ុតទម្លាក់វែលនៅនាទី៥៧ បើទោះជាម្ចាស់ផ្ទះប្រឹងវាយបកយ៉ាងណាក៏មិនបានសម្រេចដែរ។ យោងតាមលទ្ធផលនេះ ក្នុងពូល D ក្រុមជម្រើសជាតិស៊ែបបានកក់កៅអីស្វ័យប្រវត្តិទៅ World Cup ហើយសាធារណរដ្ឋអៀរឡង់ត្រូវលេង Play-off ជាមួយលេខ២ពូលផ្សេងទៀត។
ដោយឡែកក្រូអាតនៅសង្ឃឹមលេង World Cup ក្រោយយកឈ្នះអ៊ុយក្រែន ២-០ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងតារាងពូល I៕
No comments:
Post a Comment