loading...

Friday, October 13, 2017

"បាល់ទាត់​ជំពាក់​ពាន​ World Cup ដល់​ Ronaldo”



Football owes Cristiano Ronaldo a World Cup ឬ​ បាល់ទាត់​ជំពាក់​ពាន​ World Cup ដល់​ Ronaldo គឺ​ជា​ចំណង​ជើង​ដែល​បាន​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​ Marca។
សារព័ត៌មាន​ដ៏​ល្បី​របស់​អេស្ប៉ាញ​បាន​សរសេរ​ថា វីរបុរស​បាល់​ទាត់​ដែល​មាន​ប្រភព​មក​ពី ទីក្រុង​ Funchal ប្រទេស​ព័រទុយហ្គាល់​នឹង​ឈាន​ជើង​ជាន់​ដី​រុស្ស៊ី​លេង​​ World Cup ក្នុង​វ័យ​៣៣​ឆ្នាំ​ ហើយ​វា​ក៏​អាច​ជា​លើក​ចុង​ក្រោយ​ដែរ​សម្រាប់​ Ronaldo ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​របស់​ពិភពលោក​។
ខ្សែ​បម្រើ​ដែល​ល្បីល្បាញ​ខ្លាំង​ចាប់​តាំង​ពី​លេង​នៅ​ Manchester United នឹង​ឈាន​ដល់​វ័យ​៣៧​ឆ្នាំ​សម្រាប់​ World Cup លើកក្រោយ​ឆ្នាំ ២០២២ ហើយ​គ្មាន​នរណា​ដឹង​នោះ​ទេ​ថា​រូបគេ​នឹង​លេង​បាល់​ដល់​ពេល​នោះ​​ឬ​អត់។ Ronaldo ជា​មនុស្ស​ស្រឡាញ់​បាល់ទាត់​ ជា​ជន​ដែល​កើត​មក​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង​ និង​មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន​រហូត​ធ្វើ​ឲ្យ​រូប​គេ​ព្យាយាម​​ផ្លាស់​ប្ដូរ​ជីវិត​ឥត​ឈប់ឈរ។
Ronaldo បាន​ក្លាយ​ជា​និមិត្តរូប​ប្រជាជន​រាប់​លាន​នាក់​លើ​ពិភពលោក​ និង​កំពុង​លេង​ឲ្យ​ក្លឹប​ធំ​បំផុត​មួយ​ក្នុង​ពិភព​បាល់ទាត់។ តារា​ជើង​ស៊ុត​ជំនាញ​ជើង​ស្ដាំ​ក៏​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ និង​ធ្លាប់​រួម​ចំណែក​ជួយ​ក្រុម​លើក​ពាន​ Euro ឆ្នាំ​២០១៦។
ខុស​ពី​កីឡាករ​កំពូល​ៗ​មួយ​ចំនួន​​មាន​មិត្ត​រួម​ក្រុម​ពោរពេញ​ដោយ​សមត្ថភាព​ តែ​ Ronaldo សឹង​​ជា​កីឡាករ​ខ្លាំង​តែ​ម្នាក់​ឯង​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ដែល​ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​គេ​នៅ​រាល់​ប្រកួត​ម្ដងៗ។ ការ​ឈ្នះ​ពាន​ World Cup គឺ​ជា​ក្ដី​ស្រមៃ​របស់​បុរស​កំព្រា​ឪពុក​រូប​នេះ​ ហើយ​អ្នក​គាំទ្រ​គួរ​តែ​រីករាយ​បើ​សិន​រូប​គេ​បញ្ចប់​អាជីព​បាល់ទាត់​ជាមួយ​ពាន​ World Cup នៅ​ក្នុង​ដៃ៕

No comments:

Post a Comment