ធ្លាប់សង្កេតអត់ថា មនុស្សស្រីដែលមនុស្សប្រុសប៉ុនប៉ង ច្រើនតែជាមនុស្សស្រីស្អាតបាត មើលទៅថ្លៃថ្នូរ ទោះបីពួកនាងមិនតុបតែងអ្វីច្រើនក៏ដោយ។ ប៉ុន្តែបើទោះបីយើងមិនបានកើតមកស្អាតលេចធ្លោដូចគេ តែក៏មិនមែនមានន័យថាយើងតែងខ្លួនឲ្យ High Class មិនបាននោះដែរ។ ថ្ងៃនេះ កញ្ញា នឹងបង្ហាញល្បិចខ្លះៗដែលនឹងជួយបន្ថែមភាពទាក់ទាញឲ្យនារីៗ ដោយមិនចាំបាច់ចំណាយលុយច្រើននោះឡើយ។
១. លាបក្រែមមុនចេញពីផ្ទះគ្រប់ពេល
បើចង់ឲ្យមើលទៅស្អាត លេចធ្លោ ជំហានដំបូងគេគឺមិនត្រូវបណ្ដោយឲ្យមុខទទេ ស្លេកស្លាំងឡើយ តែក៏មិនបាច់លាបអ្វីគ្រប់យ៉ាងនោះដែរ ព្រោះបុរសៗចូលចិត្តមនុស្សស្រីដែលមើលទៅធម្មជាតិច្រើនជាង។ ដូច្នេះហើយគួរផាត់មុខស្ដើងៗ ហើយលាបក្រែមពណ៌ស្អាតៗឲ្យបានគ្រប់ពេល។ ប៉ុន្តែកុំភ្លេចថែរក្សាបបូរមាត់ផង ដោយអាចខាត់បបូរមាត់ជាមួយស្ករសលាយជាមួយទឹកឃ្មុំ មួយអាទិត្យម្ដងឬពីរដង នោះបបូរមាត់អ្នកនឹងទន់ហើយមានពណ៌ស្រស់ល្អ។
២. រៀបសក់ឲ្យបានស្អាតជានិច្ច
ការរៀបចំម៉ូដសក់ឲ្យស្អាត មានរបៀបរៀបរយគឺជារឿងសំខាន់ ហើយអ្វីដែលសំខាន់មិនអាចខ្វះបានដែរនោះ គឺអ្នកត្រូវថែរក្សាស្បែកឲ្យមានសុខភាពល្អ មិនស្ងួត មិនបែកចុង នោះនឹងអាចធ្វើម៉ូដឆាប់ស្អាត។
៣. ទិញខោអាវល្អៗស្លៀកពាក់
ខោអាវល្អៗនេះមិនសំដៅតែលើខោអាវប្រ៊េនថ្លៃៗនោះទេ តែសំដៅលើគុណភាពដូចជាសាច់ក្រណាត់ ថ្នេរ ឬស្តង់ដារទំហំ។
៤. កុំមើលរំលងរបស់ Discount
បើចង់បានរបស់ល្អៗប្រើ តែមិនចង់ចំណាយប្រាក់ច្រើននោះ មានតែត្រូវរង់ចាំដល់រដូវកាលបញ្ចុះតម្លៃនេះហើយ។ ប្រិយមិត្តខ្លះអាចគិតថារបស់ Discount អាចជារបស់គ្មានគុណភាព ប៉ុន្តែវាមិនដូច្នោះទេ។ បច្ចុប្បន្នទីផ្សារ Fashion មានការប្រណាំងប្រជែងច្រើន ដូច្នេះហាងធំៗភាគច្រើនតែងមានកម្មវិធីលក់លាងឃ្លាំងទំនិញចាស់ៗដើម្បីនាំម៉ូដថ្មីចូលមកទៀត។
៥. មានអាវក្រៅទុកប្រើមួយ ឬពីរ
អាវក្រៅនេះសំខាន់ណាស់សម្រាប់នារីៗ ព្រោះក្រៅពីអាចការពារស្បែករបស់យើងពីកម្ដៅថ្ងៃហើយ វាក៏ជារបស់ជំនួយ Fashion របស់យើងបានយ៉ាងល្អដែរ។
៦. ធ្វើក្រចកឲ្យស្អាត
ចង់ស្អាតតែមិនហ៊ានផ្លាស់ប្ដូរខ្លួនឯងច្រើនគួរចាប់ផ្ដើមពីការធ្វើក្រចកខ្លួនឯងឲ្យបានស្អាត។ កាត់ក្រចកដៃឲ្យនៅខ្លីល្មម ឧស្សាហ៍សម្អាតកុំឲ្យជាប់មេរោគ ហើយលាបពណ៌ឲ្យបានស្អាត នោះនឹងជួយបន្ថែមភាព High Class ឲ្យអ្នកបានភ្លាមៗ។
៧. ស្លៀកសំលៀកបំពាក់ពណ៌ស្រគាំៗ ម៉ូដសាមញ្ញ
សំលៀកបំពាក់ពណ៌ស្រគាំៗនឹងជួយបន្ថែមភាពគួរឲ្យជឿទុកចិត្តសម្រាប់នារីៗកាន់តែច្រើន ជាពិសេសពណ៌ខៀវ និងពណ៌ខ្មៅ។ មិនតែប៉ុណ្ណោះសំលៀកបំពាក់ពណ៌បែបនេះក៏អាចជួយលាក់រាងសម្រាប់អ្នកមានរាងធាត់បានមួយចំណែកដែរ។ តែគួរជ្រើសរើសម៉ូដណាដែលសាមញ្ញៗ ព្រោះបើចង់មើលទៅ High Class ក៏កុំតែងខ្លួនឲ្យរញ៉េរញ៉ៃច្រើនពេក ៕
No comments:
Post a Comment