ទាក់ទងគ្នាមករាប់ឆ្នាំ តែបែជាភាគីខាងប្រុសមិនធ្លាប់បង្ហាញសញ្ញាថាចង់រៀបការជាមួយអ្នកសោះនោះ គួរតែមិនបាច់រងចាំទៀតទេ។ ព្រោះអាចនឹងចំណាយពេលឥតប្រយោជន៍ទៅលើបុរសម្នាក់នោះ ដោយគ្មានបានអីត្រឡប់មកវិញ។ សញ្ញាទាំងនោះមានដូចជា៖
១.មិនធ្លាប់បង្ហើបពីគម្រោងរៀបការ
បើទោះជាទាក់ទងគ្នាយូរហើយក៏ដោយ តែបើជាខាងប្រុសមិនធ្លាប់រំលឹកពីរឿងដឹកដៃគ្នាសាងអនាគតជាប្ដីប្រពន្ធ ហើយពេលខ្លះមានតែអ្នកជាស្រីទៅនិយាយមុនហើយគេបែរជារកលេសដោះសារមិនឈប់ទៅវិញ។ នោះបញ្ជាក់ថាគេដែលគិតថាចង់បានអ្នកជាភរិយាឡើយ បើទោះជាមានការងារល្អ ប្រាក់គ្រប់គ្រាន់ក្នុងដៃ ក៏គេមិនរៀបការដែរ។ បើបុរសគេចង់មែន ទោះមិនទាន់មានលទ្ធភាពរៀបចំពិធីមង្គលនេះ ក៏គេផែនការច្បាស់លាស់ និងយ៉ាងហោចណាស់ធ្លាប់ពោលពាក្យចង់រៀបការឲ្យមនុស្សស្រីឮដែរ។
២.បញ្ជារឲ្យខាងស្រីមិនឲ្យប្រាប់ទំនាក់ទំនងខ្លួនទៅអ្នកដទៃ
ជាសង្សារនឹងគ្នារាប់ឆ្នាំតែបែរជាមិនធ្លាប់បង្ហាញរូបភាពទៅដើរលេង ទៅញ៉ាំអី ឬទៅណាមកណាតែពីរនាក់ ព្រោះខ្លាចអ្នកដទៃដឹងថា ជាអ្វីនឹងគ្នា។ បែបនេះបញ្ជាក់យ៉ាងច្បាស់ថា មនុស្សប្រុសម្នាក់នោះគ្មានចិត្តចង់បានអ្នកជាគូអនាគតឡើយ ដោយសារតែអ្វីៗទាំងអស់ស្ថិតនៅជាអាថ៌កំបាំង។ ទំនាក់ទំនងបែបនេះ មានន័យអ្វីសម្រាប់មនុស្សស្រី បែរលាក់លៀមដោយគ្មានមូលហេតុអ៊ីចឹងនោះ។
៣.មិនធ្លាប់រំលឹកឲ្យគ្រួសារខាងគេដឹងពីអ្នកសូម្បីឈ្មោះ
មនុស្សប្រុសតែស្រលាញ់ស្រីណាម្នាក់ច្បាស់លាស់ និងប្រាកដប្រជាជាមួយ គេនឹងយករឿងនេះទៅប្រាប់ដល់គ្រួសារគេដែរ។ ត្រូវចាំថាពេលមានកម្មវិធីណាមួយក្នុងគ្រួសារដូចជារៀបការបងប្អូន បុណ្យទាន គេពិតជាបបួលមនុស្សស្រីដែលគេស្រលាញ់ទៅលេង ដើម្បីជាការបង្ហាញមុខ ទោះមិនសូវផ្លូវការក៏ដោយ។ តែបើមិនដែលហៅអ្នកទៅឲ្យស្គាល់ក្រុមគ្រួសារគេទេ ឬសូម្បីឈ្មោះក៏មិនធ្លាប់ប្រាប់ទៀត គួរតែឈប់ចាំគេទៅ ព្រោះប្រហែលគ្មានផ្លូវអ្នកបានក្លាយជាសមាជិកគ្រួសារគេទេ។
៤.សោះកក្រោះគ្រប់ពេលនៅជាមួយគ្នា
ឲ្យតែពេលនៅជាមួយអ្នក គេមិនដែលមានទឹកមុខរីករាយនោះទេ។ ចំណុចនេះបញ្ជាក់ថាខាងប្រិសគេមិនពេញចិត្តនឹងនៅក្បែរ តែគ្រាន់មិនហ៊ានហាមាត់បដិសេធប៉ុណ្ណោះ។ មនុស្សស្រីមិនមែនចង់បង្ខំឲ្យមនុស្សប្រុសញញឹម ឬសើចដាក់គ្រប់ពេលទេ តែចង់ឃើញទឹកមុខសប្បាយរីករាយដូចអ្នកមានស្នេហាដទៃទៀត មិនមែនមុខក្រញូវរហូតនោះឡើយ៕
No comments:
Post a Comment