ក្នុងការបំពេញការងារសំខាន់ អ្នកច្រើនគេចវេសនិងជួបបញ្ហាមួយចំនួនដូចជា ការពន្យារពេល ខ្លាចលំបាក គ្មានភាពជាក់លាក់ ហើយបញ្ហាទាំងនេះ មិនអាចដោះស្រាយដោយការព្យាយាមរៀបផែនការថ្មីៗទេ ព្រោះបញ្ហាពិតមិនបានឋិតលើបញ្ជីការងារអ្នក។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗក្នុងការដោះស្រាយបញ្ហាទាំងនេះ៖
១. ថយមួយជំហាន៖ អ្នកត្រូវថយឆ្ងាយពីអ្វីដែលធ្វើឲ្យអារម្មណ៍រាំងស្ទះ និងការងារតូចតាច ពិសេសគឺថយចេញពីកុំព្យូទ័រ ហើយចេញដើរទៅក្រៅឬទៅងូតទឹក ឬក៏អង្គុយស្ងៀមមិនធ្វើអ្វីប្រហែលមួយនាទី ដើម្បីជាឱកាសឱ្យអ្នកត្រលប់មកគិតថាអ្វីដែលអ្នកគួរធ្វើឥលូវនេះជំនួសឱ្យអ្វីដែលងាយស្រួល និងបង្វក់អារម្មណ៍។
២. រំឭកពីបុគ្គលដែលអ្នកធ្វើដើម្បី៖ ទន្ទឹមនឹងថយមួយជំហាន ចូររំឭកដល់បុគ្គលដែលទទួលបានប្រយោជន៍ពីការងារនេះ។ តើវានឹងធ្វើឱ្យជីវិតពួកគេប្រសើរឡើងដូចម្ដេច? អ្នកអាចនឹងពន្យារពេល នៅពេលធ្វើការងារដើម្បីតែខ្លួនឯង ប៉ុន្ដែនឹងជម្នះការពន្យារពេលបានពេលធ្វើដើម្បីអ្នកដទៃ។
៣. ជម្នះការលំបាក៖ កយកពាក្យថាលំបាកដាក់មុខ និងអនុញ្ញាតឱ្យខ្លួនលំបាកប៉ុន្មាននាទី ជាមួយកិច្ចការនោះ។ ពិតណាស់វាលំបាក ប៉ុន្ដែវានឹងមិនលំបាកដូចពេលចាប់ផ្ដើមទេ ហើយនៅពេលអ្នកស្លុងអារម្មណ៍នឹងការងារ អ្នកក៏ធូរស្បើយ និងឃើញថាវាមិនលំបាកដូចដែលខ្លាចទេ។
៤. ក្រសោបភាពមិនជាក់លាក់៖ ការភ័យខ្លាច ភាពមិនជាក់លាក់ អាចធ្វើឱ្យអ្នកស្ទាក់ស្ទើរ ព្រោះអ្នកមិនដឹងរបៀបធ្វើអ្វីមួយ និងមិនដឹងថាលទ្ធផលយ៉ាងណា។ មិនត្រឹមតែមិនធ្វើទេ អ្នកនឹងមិនចង់សូម្បីតែគិតពីវា អ្នកនឹងគេចវេស ហើយពន្យារពេលដោយព្យាយាមរកលេស។ ផ្ទុយទៅវិញ សូមមើលភាពមិនជាក់លាក់ជាផ្នែកដ៏គួរឱ្យរំភើបនៃជីវិត ដែលពេញដោយភាពអស្ចារ្យ គួរឱ្យចង់ដឹង សិក្សាស្វែងយល់ និងផ្សងព្រេង។ សូមក្រសោបភាពមិនជាក់លាក់នេះ និងចាំមើលថាតើអ្នកអាចសិក្សាពីវាបានល្អដែរទេ។
៥. ធ្វើបន្ដិចម្ដងៗ៖ ភាពមិនជាក់លាក់ និងភាពមិនស្រណុក ជាអ្វីដែលលំបាកប្រឈម ដូច្នេះសូមកុំព្យាយាមគ្រប់គ្រងពួកវា ពោលគឺត្រូវធ្វើបន្ដិចម្ដងៗ។ ចូរធ្វើការងារប៉ុន្មាននាទីសិន រួចចេញទៅសម្រាកខាងក្រៅ។ បន្ទាប់មកក៏ត្រលប់មកវិញ និងសមាធិធ្វើការម្ដងទៀតដោយបន្ធូរអារម្មណ៍ជាមួយភាពលំបាកនិងមិនជាក់លាក់ រួចអនុវត្តសារឡើងវិញ។
No comments:
Post a Comment