ថ្វីបើ iPhone 6s បង្ហាញខ្លួនអស់រយៈកាល ២ ឆ្នាំមកហើយក្ដី តែម៉ូដែលនេះមិនទាន់បាត់ឈ្មោះពីទីផ្សារ Online នៃ Apple Store នៅឡើយ។ Sabay បង្ហាញនូវហេតុផល ១១ យ៉ាង ដែលអ្នកគួរងាកមកចាប់អារម្មណ៍លើ iPhone 6s ឬ 6s Plus ជាជាងចំណាយលុយលើ iPhone 8 ឬ iPhone X។
១.តម្លៃ:
ជាស្មាតហ្វូនដែលមិនហួសសម័យពេក ហើយក៏បង្កប់ទៅដោយគុណភាពកាមេរ៉ា និងមុខងារប្រើប្រាស់ជាច្រើន។ តម្លៃ iPhone 6s ខុសគ្នាប្រហែល ២៥០ ដុល្លារធៀបនឹង iPhone 8 និងខុសគ្នាដល់ជាង ៥៥០ ដុល្លារធៀបនឹង iPhone X។
តម្លៃ iPhone ម៉ូដែលថ្មី: (ទីផ្សារក្រៅស្រុក)
- iPhone 8 ទំហំ 64 GB ថ្លៃ ៧០០ ដុល្លារ
- iPhone 8 Plus ទំហំ 64 GB ថ្លៃ ៨០០ ដុល្លារ
- iPhone X ទំហំ 64 GB ថ្លៃ ១ ០០០ ដុល្លារ
តម្លៃ iPhone ម៉ូដែលចាស់: (ទីផ្សារក្រៅស្រុក)
- iPhone 6S ទំហំ 32 GB ថ្លៃ ៤៥០ ដុល្លារ
- iPhone 6S Plus ទំហំ 32 GB ថ្លៃ ៥៥០ ដុល្លារ
២.មានជម្រើសពណ៌ដែល iPhone 8 និង iPhone X មិនមាន:
ការជ្រើសរើសពណ៌នៃស្មាតហ្វូន ជាចំណង់ចំណូលចិត្តដ៏សំខាន់នៃការប្រើប្រាស់របស់បុគ្គលម្នាក់ៗ។ ខណៈ iPhone 8 មានត្រឹម ៣ ពណ៌ រួមមាន Silver, Gold និង Space Gray ហើយ iPhone X មាន ២ ពណ៌គត់ រវាង Silver និង Space Gray។
ក្រឡេកទៅ iPhone ឆ្នាំ ២០១៥ មានដល់ទៅ ៤ ពណ៌ឯណោះ រួមមាន Silver, Gold, Space Gray និង Rose Gold ដែលនារីភាគច្រើនបេតីលើពណ៌នេះ។
៣.គ្មានផ្លាស់ប្ដូរការរចនា:
បើអ្នកផ្ដោតលើការរចនាជាធំ អ្នកអាចចំណាយថវិកា ១ ពាន់ដុល្លារទិញយក iPhone X ប៉ុន្តែបើមិនដូច្នោះទេ ត្រឹម iPhone 6s/6s Plus គឺល្អបំផុត ទាំងកម្រិតបង្ហាញនៃអេក្រង់, ទំហំអេក្រង់, កម្រាស់ខ្លួន និងរូបរាង សឹងតែដូច iPhone 8/8 Plus ១០០% ទៅហើយ។
៤.មិនបារម្ភបញ្ហានៃខ្នងក្រោយ:
iPhone 8 និង iPhone X បានវិវត្តខ្លួនត្រឡប់មកកាត់តាម iPhone 4 ដែលមានកញ្ចក់ស្រោបខ្នងក្រោយ ព្រោះធ្វើបែបនេះ ដើម្បីគាំទ្រមុខងារសាកថ្មឥតខ្សែ Qi Wireless។ ប៉ុន្តែអ្នកត្រូវដឹងថាតួខ្លួនអាលុយមីញ៉ូមលើ iPhone 6s មិនងាយប្រេះស្រាំ ដូចស្រោបកញ្ចក់ឡើយ ណាមួយបើប្ដូរក៏មិនអស់ថ្លៃ ដូចប្ដូរកញ្ចក់ជាង ១០០ ដុល្លារដែរ។
៥.សាកថ្មបានលឿនដូចគ្នា:
បើនិយាយពីល្បឿនសាកនៃដុំធម្មតាចេញពីប្រអប់ គ្រប់ស្មាតហ្វូនទាំង iPhone 7/8/X សាកបានលឿនដូចគ្នា នេះមិនរាប់បញ្ចូលមុខងារសាកថ្មរហ័ស។ បើអ្នកចង់ប្រើមុខងារនោះ លុះត្រាតែអ្នកហ៊ានចំណាយខ្ទង់ ៧០ ដុល្លារ លើការទិញដុំមានកម្លាំងអំពែធំ និងខ្សែសាក USB-C ក៏មិនខុសពីមុខងារសាកថ្មឥតខ្សែ ត្រូវទិញឧបករណ៍ពីក្រៅថ្លៃប្រហែល ៥០ ដុល្លារ។
៦.នៅដំណើរការបានរលូន:
ម៉ាស៊ីន iPhone 6s បំពាក់ឈីប A9 មិនធ្វើឲ្យដំណើរការយឺត លើ iOS 11 ដូចម៉ាស៊ីន iPhone 5s ឡើយ។ ទៀតសោតវាមានទ្រនាប់ស្កេនខ្ចៅដៃ មុខងារនេះបន្តពេញនិយមខ្លាំងពីសំណាក់អ្នកប្រើភាគច្រើន ដែលមិនចង់ទម្លាប់វែងឆ្ងាយលើការប្រើមុខងារស្កេនផ្ទៃមុខ FaceID។
៧.កាមេរ៉ានៅតែខ្លាំង:
ទទួលស្គាល់ iPhone 6s/6s Plus មិនមានមុខងារថត Portrait Mode ដូច iPhone 8 Plus ឬ iPhone X ឡើយ ប៉ុន្តែគុណភាពកាមេរ៉ាប៉ុននេះ យើងនៅតែទទួលស្គាល់ថាល្អ ទោះមានអាយុកាល ២ ឆ្នាំមកហើយក្ដី។ ទៀតសោតការថតរូប ក៏មិនប្រាកដថាតម្រូវទាល់តែរូបប្រភេទ Depth Effects ទើបស្រស់ស្អាតនោះឡើយ។
៨.មានរន្ធដោតកាស:
តម្រូវការនៃរន្ធដោតកាសទំហំ 3.5mm សម្រាប់មនុស្សភាគច្រើន អាចថាចាំបាច់ ព្រោះពួកគេមិនចូលចិត្តប្រើកាស Bluetooth រញ៉េរញ៉ៃឡើយ។ ចាប់ពី iPhone 7 ឡើងទៅ Apple បានដកចោលនូវរន្ធដោតកាសទាំងអស់។
៩.គុណភាពអេក្រង់នៅល្អ:
មិនចាញ់ iPhone 8 ទូរសព្ទ iPhone 6s រក្សាគុណភាពអេក្រង់ កម្រិតច្បាស់នៃរូបភាព ស្មើគ្នា លុះត្រាតែយើងមិនធៀបជាមួយ iPhone X ដែលពង្រឹងទាំងទំហំអេក្រង់ឡើងដល់ ៥.៨ អ៊ីញ និងគុណភាពបង្ហាញខ្ពស់ជាង។ ទៀតសោតលើ iPhone ជំនាន់ថ្មី មានមុខងារពិសេសម្យ៉ាង True Tone Display អាចប្ដូរពណ៌អេក្រង់ ផ្អែកលើបរិយាកាសខាងក្រៅ ស្រដៀងនឹងមុខងារ Auto-Brightness អ៊ីចឹងដែរ។ ប៉ុន្តែបើអ្នកកាន់ iPhone 6s នៅក្នុងដៃ អ្នកសឹងតែមិនចាប់អារម្មណ៍ពីចំណុចខ្សោយនៃអេក្រង់របស់វាឡើយ។
១០.ប្រើ iOS ជំនាន់ខ្ពស់ដូច iPhone 8:
ក្រៅពីមុខងារ Portrait Mode ដែលបញ្ចូលលើ iPhone X បើយើងគិតឲ្យដល់មុខងារថ្មីនៃ iOS 11 អ្វីដែលមានលើ iPhone ឆ្នាំ ២០១៧ ក៏មានលើ iPhone ឆ្នាំ ២០១៥ ដូចគ្នា។ សម្រាប់ 6s យើងគួរទទួលស្គាល់ មិនទាន់ហួសស៊េរីដូច iPhone 5s ឡើយ ដោយយ៉ាងហោចណាស់អាចប្រើបានជាង ២ ឆ្នាំទៀតឯណោះ។
១១.មុខងារ AR មិនជាពិសេសខ្លាំង:
AR ជាមុខងារថ្មី ដែល Apple ខំផ្សព្វផ្សាយយ៉ាងចាស់ដៃ ប៉ុន្តែមិនប្រាកដថា iPhone ស៊េរីចាស់ប្រើមិនបានឯណា បច្ចុប្បន្នមានដូចជា SnapChat ក៏ខំប្រឹងពង្រឹងបច្ចេកវិទ្យា AR ទៅក្នុងកម្មវិធីខ្លួន ដែលនេះអាចផ្ដល់សិទ្ធឲ្យ iPhone ស៊េរីចាស់ អាចសាកល្បងមុខងារមួយចំនួនបានមិនចាញ់ iPhone ឆ្នាំ ២០១៧។
សរុបជារួមសូមពិចារណាលើ ៦ ចំណុចដ៏ប្រសើរខាងក្រោម:
- ល្បឿនលឿនជាងមុន
- កាមេរ៉ាល្អជាងមុន
- រចនាអេក្រង់ថ្មីលើ iPhone X
- មុខងារថ្មីដូចជាសាកថ្មរហ័ស, សាកថ្មឥតខ្សែ ប៉ុន្តែត្រូវចំណាយថែម
- មុខងារ AR
- មុខងារការពារទឹក។
បើអ្នកគិតថា ៦ ចំណុចខាងលើនេះ ពិតជាចាំបាច់សម្រាប់អ្នក នោះអ្នកអាចបោះបង់ iPhone 6s ហើយចំណាយថវិកាបន្ថែមខ្ទង់ ២៥០ ដុល្លារ ដល់ជាង ៦៥០ ដុល្លារ (បូកការទិញឧបករណ៍ក្រៅ) សម្រាប់បំពេញសេចក្ដីត្រូវការនៃទូរសព្ទ iPhone 8 ឬ iPhone X។ ប៉ុន្តែបើអ្នកទិញត្រឹម iPhone 6s ធម្មតា ម្ល៉ោះអ្នកអាចសល់លុយជាង ៦០០ ដុល្លារទៅទិញកាមេរ៉ា DSLR កម្រិតមធ្យមមួយ ឬទិញកុំព្យូទ័រម៉ាស៊ីនខ្លាំងមួយ និងចុងក្រោយអាចទិញស្មាតហ្វូនម៉ូដែលផ្សេងបានមួយគ្រឿងប្រើថែមទៀតផង៕
No comments:
Post a Comment