loading...

Wednesday, October 4, 2017

ខ្មាន់កាំភ្លើង Las Vegas លួចបង្កប់​កាមេរ៉ា​ជុំវិញ​បន្ទប់សណ្ឋាគារ ពេល​បាញ់​ប្រហារ

ខ្មាន់​កាំ​ភ្លើង​លោក​ Stephen Paddock ដែល​បាន​បាញ់​​សម្លាប់​មនុស្ស ៥៩​នាក់ និង​របួស​ជាង ៥០០​នាក់​​ នៅ​ទីក្រុង​ Las Vegas កាល​ពី​​រាត្រី​ថ្ងៃ​អាទិត្យ បាន​លួច​បង្កប់​កាមេរ៉ា​​ជា​ច្រើន​ទាំង​ក្នុង និង​ជុំវិញ​បន្ទប់​សណ្ឋាគារ​របស់​ខ្លួន។
ការ​បង្កប់​នេះ​ត្រូវ​អាជ្ញាធរ​ចាត់​ទុក​ថា គឺ​​សម្រាប់​​មើល​ប៉ូលិស ​ក្នុង​នោះ​ក៏​មាន​បំពាក់​លើ​រទេះ​រុញ​មួយ​ដែរ។ ដំបូង​ប៉ូលិស​រក​ឃើញ​កាំ​ភ្លើង​ប្រមាណ ១០​ដើម​ ប៉ុន្តែ​ពេល​នេះ​គេ​រក​ឃើញ​បន្ថែម​ទៀត​ដល់​ទៅ​ ២៣​ដើម​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្មាន់​កាំ​ភ្លើង​។
ក្រៅ​ពី​នេះ​នៅ​មាន​គ្រាប់​កាំ​ភ្លើង​ត្រៀម​​រាប់​ពាន់​គ្រាប់​ទៀត រួម​ទាំង​គ្រឿង​ផ្សំ​សម្រាប់​ប្រើ​បំផ្ទុះ​ផង​នៅ​ផ្ទះ និង​ក្នុង​រថយន្ត​រ​បស់​ឃាតក។ នៅ​រសៀល​ថ្ងៃ​អង្គារ ​ប៉ូលិស​បាន​រក​ឃើញ​កាមេរ៉ា​បង្កប់​​ទាំង​ក្នុង​បន្ទប់ និង​ច្រក​ផ្លូវ​ចូល ​ប៉ុន្តែ​ប៉ូលិស​​មិន​ដឹង​​ថា សម្ភារៈ​ទាំង​នោះ​ត្រូវ​បាន​នាំ​ចូល​សណ្ឋាគារ​​បាន​យ៉ាង​ម៉េច​ឡើយ។ ភ្នាក់​ងារ FBI កំពុង​ស៊ើប​សង្កេត។
គ្មាន​នរណា​ម្នាក់​ដឹង​ហេតុ​អ្វី Paddock ​ដែល​ជា​គណនេយ្យករ​ចូល​និវត្តន៍​ម្នាក់ ក្លាយ​​ទៅ​ជា​ឃាតក​សាហាវ​ព្រៃ​ផ្សៃ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ដូច្នេះ​ទេ​។ ​ប៉ូលិស​រក​ឃើញ​ទៀត​ថា ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ​រយៈ​ពេល​ ៩​នាទី មក​លើ​ហ្វូង​មនុស្ស​ឈរ​មើល​ការ​ប្រគំ​តន្រ្តី​ជាង ២២ ០០០​នាក់ មុន​​ពេល​បាញ់​សម្លាប់​ខ្លួន​។ មក​ទល់​ពេល​នេះ​ អ្នក​ជំនាញ​ជឿ​ថា ​ខ្មាន់​កាំ​ភ្លើង​ប្រព្រឹត្ត​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ៕
ចុចអាន៖

No comments:

Post a Comment