អ្នកនិពន្ធបីរូបនេះ មិនត្រឹមតែមានភាពប៉ិនប្រសប់ក្នុងការអន្ទងអារម្មណ៍អ្នកស្តាប់ឲ្យទោទន់ទៅតាមទំនុកច្រៀងប៉ុណ្ណោះ តែថែមទាំងមានវ័យក្មេង និងរូបសម្រស់ស្រស់សោភាទៀតផង។
ថ្ងៃនេះ Sabay នឹងបង្ហាញពីស្នាដៃ និងប្រវត្តិខ្លីៗរបស់និពន្ធវ័យក្មេងទាំង៣ រូបនេះ ដែលរួមមាន កញ្ញា ស៊ិន ធារី កញ្ញា លឹម ផាន់ណា និង នី សុគន្ធា។
១.ស៊ិន ធារី៖
ធ្លាប់ជាអ្នកនិពន្ធទំនុកច្រៀង ឲ្យផលិតកម្មសាន់ដេ ក្នុងឆ្នាំ ២០១៤ ស្នាដៃរបស់នាង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ក្នុងនោះមានបទ លើសពី fan បានអត់? ខឹងឬស្អប់អូនអាចជេបងបាន ខឹងឬស្អប់បងអាចជេអូនបាន ជាតិក្រោយសុំធ្វើជាប្រពន្ធបង គេមិនបានស្រលាញ់យើងទេ និង បទ នឹកខ្លួនឯង។
ថ្មីៗនេះនារីតូចស្ដើងម្នាក់នេះ ក៏ទើបតែបង្ហាញស្នាដៃខ្លួនក្នុងទ្រនំថ្មី ផលិតកម្មថោន ដូចជាបទ ថ្ងៃឯកា ពិន្ទុ zero ជាដើម។ ស៊ិន ធារី ជាអ្នកបាត់ដំបង និងកូនពៅ នៅក្នុងគ្រួសារដែលមានឪពុកម្តាយជាអាជីវករ និងមានបងប្អូន ៤នាក់ ឆ្នាំនេះនាងមានអាយុ ២៧ឆ្នាំ ។
២.លឹម ផាន់ណា
ចំណែកកវីដែលមានសម្បុរស កញ្ញា លឹម ផាន់ណា ជាអតីតអ្នកនិពន្ធក្នុងផលិតកម្ម Diamond Music បច្ចុប្បន្នជាអ្នកនិពន្ធ Freelancer ឲ្យបណ្តាផលិតកកម្មផ្សេងៗ ក្នុងប្រទេសកម្ពុជា ។ បទចម្រៀងដំបូង ដែលធ្វើឲ្យនាងទទួលបានការគាំទ្រខ្លាំង គឺ បទ «ពេលណាបងមានឱកាស» នឹកស្រណោះសម័យសង្គមរាស្រ្តនិយម និង ស្រលាញ់បងនឿយហត់ណាស់។ យុវតីវ័យ ២៧ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពជាអ្នកនិពន្ធ តាំងពីឆ្នាំ ២០១១។ នាងជាកូនពៅនៅក្នុងគ្រួសារអាជីវករ ដែលមានបងប្អូន២នាក់។ ផាន់ណា មានស្រុកកំណើតនៅរាជធានីភ្នំពេញ ក្រៅពីមានអាជីពជាអ្នកនិពន្ធ នាងក៏ជាអ្នកប្រឹក្សាបញ្ហាផ្លូវចិត្ត ក្រោយពីបញ្ចប់អនុបណ្ឌិត ផ្នែកចិត្តវិទ្យាតាំងពីឆ្នាំ ២០១៥មក។
៣. នី សុគន្ធា
យុវតីរូបរូបស្រស់សោភានេះជាអ្នកនិពន្ធទំនុកចម្រៀងក្នុងផលិតកម្ម ហង្សមាស។ ស្នាដៃថ្មីរបស់នាងដែលអាចទាក់ទឹកចិត្តអ្នកគាំទ្របានយ៉ាងច្រើននោះគឺបទ ចង់ទៅទៅៗ បើស្រលាញ់ម្តេចទុកអូនចោល ត្រូវការកម្លាំងចិត្ត ជាដើម។ អ្នកនិពន្ធវ័យ ២៥ ឆ្នាំ រូបនេះបានចាប់ផ្តើមអាជីព ជាអ្នកនិពន្ធ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ នាងជាអ្នកភ្នំពេញ មានឪពុកម្តាយជាអាជីវករលក់កូនឈើនៅក្រុងតាខ្មៅ។ សុគន្ធា បានបញ្ចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ឬ English for Communication ក្នុងឆ្នាំ២០១៦។
No comments:
Post a Comment