មនុស្សយើងមើលពីសម្បកក្រៅមិនអាចទាយដល់ចិត្តបានទេ។ ម៉្យាងទៀតដូចពាក្យទូន្មានដែលថាកុំវាយតម្លៃមនុស្សតាមសម្បកខាងក្រៅពិតជាមិនខុសនោះទេ។ វប្បធម៌ប្រទេសយើង រមែងឲ្យតម្លៃទៅមនុស្សស្រីដែលមានឥរិយាបថស្រគត់ស្រគំ, ទន់ភ្លន់ និងនិយាយពីរោះពិសា តែផ្ទុយទៅវិញស្រីៗមានចរិតឆ្នាសឆ្នើម គឺមិនជាប់ចំណាត់ថ្នាក់ឡើយ។ ដូច្នេះហើយ កញ្ញាសូមលើកយកបទពិសោធន៍ខ្លះៗដែលបានកើតឡើងនិងជាការពិតមួយអំពី មនុស្សស្រីចរិតឆ្នាសឆ្នើមនេះ ហើយក្នុងនោះផងដែរនិងអប់រំឲ្យអ្នកប្ដូរទស្សនឡើងវិញដោយស្គាល់ពីនាងច្បាស់សិនសឹមវាយតម្លៃ៖
១. មនុស្សស្រីកាចឆ្នាសឆ្នើមរមែងជាមនុស្សជោគជ័យ
អ្នកមានចរិតឆ្នាសជាទូទៅមានលក្ខណៈច្បាស់លាស់ ទើបនាងមានទំនុកចិត្តខ្ពស់ថាបានសម្រេចក្នុងកិច្ចការផ្សេងៗ ដូច្នេះហើយទើបនាងមិនចុះញ៉មនឹងគំនិតអ្នកណាឡើយ។ នាងជាទូទៅត្រូវបានគេស្អប់ព្រោះតែភាពជាម្ចាស់ការនិយាយបញ្ចេញយោបល់របស់ខ្លួនទៅលើរឿងអ្វីមួយដែលខុសឆ្គងរបស់អ្នកផ្សេងនោះ។ ប៉ុន្តែការងារភាគច្រើនដែលដឹកនាំដោយស្រីឆ្នាសនេះតែងបានជោគជ័យ។
២. មាត់អាក្រក់តែចិត្តបរិសុទ្ធ
មនុស្សស្រីកាចភាគច្រើនណាស់ដែលគ្មានសម្ដីសំដៅទន់ភ្លន់ទេ។ តែឃើញយ៉ាងណាគឺថាឲ្យចំៗកណ្ដាលមុខតែម្ដង។ប៉ុន្តែគេក៏ជាមនុស្សតែម្នាក់ដែលចេញមុខមកជួយយើង និងតតាំងឧបសគ្គបើនាងយល់ថាម្នាក់នោះគ្មានកំហុស។ ម៉្យាងទៀតស្រីឆ្នាសចូលចិត្តតែអាណិតគេ និងធ្វើបុណ្យដាក់ទៀនដោយសុទ្ធចិត្ត ហើយមិនចង់បានអ្វីមកវិញឡើយ។
៣. ស្រីឆ្នាសចូលចិត្តធ្វើអ្វីទាល់តែប្រណិត
ដោយសារតែជាមនុស្សឆ្នាសនិងតឹងរ៉ឹង ដូច្នេះហើយក៏ចូលចិត្តធ្វើអ្វីឲ្យបានលំអិតផ្ចិតផ្ចង់បំផុត។ ដូចនេះក្រុមហ៊ុនណាមានមនុស្សស្រីប្រភេទនោះហើយគួរតែក្ដាប់នាងឲ្យជាប់កុំឲ្យរបូតចេញ ព្រោះនាងនិងធ្វើឲ្យអ្នកនៅជុំវិញខ្លួនរីកចម្រើន។
៤. ម្ដាយឆ្នាសកូនឆ្លាត
ដឹងទេប្រុសៗ បើថ្ងៃក្រោយបានប្រពន្ធឆ្នាស អ្នកនិងមានកូនស្ដាប់ដំបូន្មាននិងឆ្លាតវាងវៃផងដែរ។ ដោយសារមានម្ដាយអ្នកមើលថែប្រិតប្រៀង ប្រដៅអប់រំបានដិតដល់នោះ ធ្វើឲ្យកូនដើរត្រង់ផ្លូវនិងមានអនាគតល្អផងដែរ។
ដូច្នេះសូមកុំវាយតម្លៃមនុស្សតាមសម្បកខាងក្រៅ គួរស្វែងយល់ពីហេតុផល និងគោលបំណងរបស់មនុស្សនោះសិន។ គំនិតនេះដែរមិនសម្រាប់តែស្រីកាចឆ្នាសទេ ប៉ុន្តែគឺសម្រាប់មនុស្សទាំងអស់គ្នាពិចារណាតាមការគួរ ៕
No comments:
Post a Comment