ជំនាញជួសជុលរថយន្ត ជាជំនាញមួយដែលកំពុងមានសក្ដានុពល។ នេះបើតាមប្រសាសន៍របស់លោក គ្រូ សិម សុរិន្ទ ជានាយកសាលាបច្ចេកទេសជួសជុលរថយន្ត JVC។
លោកប្រាប់ Sabay ថា ជំនាញជួសជុលរថយន្តពុំសូវមានសិស្សរៀនច្រើនទេ ពីព្រោះវាជាជំនាញត្រូវការតស៊ូ ប្រើកម្លាំងប្រឡាក់ដៃប្រឡាក់ជើង។
យ៉ាងណា លោកគ្រូបានលើកហេតុផលដែលសិស្សទាំងអស់គួរពិចារណា ជ្រើសរើសជំនាញសិក្សាផ្នែកជួសជុលរថយន្ត។
តម្រូវការការងារ
ខុសពីជំនាញដទៃ ដែលសិស្សពិបាករកការងារធ្វើ ហើយត្រូវប្រកួតប្រជែងគ្នា ជំនាញផ្នែករថយន្តមិនខ្វះការងារធ្វើ សិស្សខ្លះរៀនចប់មិនទាន់មានគេមករកដល់សាលា។ និយាយរួមទីផ្សារការងារផ្នែករថយន្តទូលំទូលាយ ស្របពេលកំណើនការប្រើប្រាស់រថយន្តរបស់ពលរដ្ឋកើនឡើង តម្រូវឲ្យអ្នកមានចំណេះជំនាញច្រើន។
អាចបើកជាមុខរបរផ្ទាល់ខ្លួនបាន
ក្រោយពីបញ្ចប់ការសិក្សារួច អ្នកដែលមានជំនាញច្បាស់លាស់ មានលទ្ធភាពគ្រប់គ្រាន់ អាចបើកការ៉ាស់ខ្លួនឯង មិនបាច់ធ្វើការឲ្យគេ អាចដេកផ្ទះរកចំណូលបានយ៉ាងរំភើយ។
ក្លាយជាគ្រូជំនាញផ្នែករថយន្តពិតប្រាកដ
បើមានជំនាញផ្នែករថយន្ត អាចមានឱកាសក្លាយជាគ្រូបណ្ដុះបណ្ដាលនៅតាមសាលា ឬវិទ្យាស្ថាននានា។
មិនចាំបាច់រៀនចប់ថ្នាក់ ក៏អាចរៀនបាន
រៀនជំនាញជួសជុលរថយន្ត មិនចាំបាច់ចេះអក្សរឬរៀនចប់ថ្នាក់ទី១២ ក៏អាចរៀនបានដែរគឺអាស្រ័យទៅលើចំណង់ចំណូលចិត្ត ទេពកោសល្យ គួបផ្សំការព្យាយាមដាក់ចិត្តដាក់កាយកុំខ្លាចលំបាក។
មានឱកាសធ្វើការក្នុងក្រុមហ៊ុនធំៗទទួលបានប្រាក់ខែច្រើន
ក្រៅពីធ្វើការតាមការ៉ាស ឬបើកជាមុខរបររកស៊ីផ្ទាល់ខ្លួនក៏អាចក្លាយជាបុគ្គលិកក្រុមហ៊ុនរថយន្តធំៗ ដែលទទួលបានប្រាក់ខែខ្ពស់ លើសពីនេះក៏មានឱកាសទៅធ្វើការនៅក្រៅប្រទេសទៀត។
No comments:
Post a Comment