ជារឿងធម្មតាទេ ដែលអ្នកលក់តែងនិយាយល្អ ព្រមទាំងធានាសេវាកម្មរបស់ខ្លួន នៅពេលមានភ្ញៀវចាប់អារម្មណ៍ទិញ។ ជាក់ស្ដែង បើអ្នកត្រៀមរៀបការ ប្រាកដជាឮសម្ដីផ្អែម និងការធានាផ្សេងៗ នៅពេលទៅជួបសាកសួរព័ត៌មានពីសម្អាងការ។ សម្អាងការមួយចំនួន ផ្ដល់សេវាកម្មល្អមែន ឯមួយចំនួនទៀត ក៏ចេះតែធានាឲ្យផុតតែពីមាត់។ សូមលើកយកពាក្យធានាឲ្យផុតតែពីមាត់ ៣ យ៉ាង របស់សម្អាងការ ដើម្បីជាការប្រយ័ត្នប្រយែងសម្រាប់អ្នកត្រៀមរៀបការ៖
១. «កុំភ័យ រឿងសម្លៀកបំពាក់ បងធានារៀបចំម៉ាស្អាតនៅថ្ងៃការ»
មុនចរចាត្រូវតម្លៃគ្នា កូនកំលោះកូនក្រមុំ ប្រាកដជាសួរជីកឫសជីកគល់បញ្ជាក់រឿងខោអាវ ទាំងឈុតប្រពៃណី និងសម័យ។ សម្អាងនឹងធានារៀបចំមិនឲ្យខុស នៅថ្ងៃការ ព្រមទាំងឲ្យកូនកំលោះកូនក្រមុំមកជ្រើសរើសម៉ូដ និងល មុនជិតដល់ថ្ងៃរៀបការ។ ប៉ុន្តែ បញ្ហាមួយចំនួនដែលអ្នករៀបការរួច បង្ហើបប្រាប់ Sabay គឺពេលដល់ថ្ងៃការ សម្អាងការ ដាក់ខោអាវមកត្រូវមែន ប៉ុន្តែអត់ថ្មីដូចពេលទៅមើល ហើយសំពត់សម្រាប់ប្រើក្នុងឈុតប្រពៃណី ឡើងទក់ចេញផ្នត់ៗ ដូចគេទើបស្លៀករួច។ ករណីខ្លះ យកខោអាវមក ច្រឡំម៉ូដទៀត។
២. «បងដាក់គ្រឿងអលង្ការណាថ្មីៗទាំងអស់»
ពេលមើល គឺមើលគ្រឿងអលង្ការប្រាក់អ៊ីតាលី និងមានក្រូមេពណ៌មាសស្អាតថ្មីឆ្អិនឆ្អៅ ហើយសម្អាងការនឹងប្រាប់ថា រៀបចំរបស់ទាំងនេះឲ្យម៉ាស្អាត។ ប៉ុន្តែ អ្នកឆ្លងកាត់រួច បង្ហើបថា បើអត់ម៉ត់ចត់ follow up ជាប្រចាំទេ សម្អាងការ អាចធ្វើស៊ីយកគ្រឿងអលង្ការចាស់ខុសពីកាលនិយាយគ្នា ព្រោះគេត្រូវរត់ច្រើនរោង ចឹងរបស់ដាក់មក ជួនកាលវល់។
៣. «ចាំបងដាក់អ្នក Makeup ពូកែឲ្យ»
មុនត្រូវរ៉ូវគ្នាជាមួយសម្អាងការ កូនក្រមុំប្រាកដជាមើល Album រូបគំរូ និងសួររកអ្នក Makeup ស្អាត។ ខាងសម្អាងការ នឹងណែនាំ និងកក់អ្នក Makeup ម្នាក់នោះឲ្យ។ ប៉ុន្តែ ដល់ថ្ងៃការ អ្នក Makeup បញ្ជូនមក អាចជាអ្នកផ្សេងវិញ ដោយសារហេតុផលផ្សេងៗ។
អ្នកត្រូវបញ្ជាក់រឿង Makeup ម្ដងទៀត មុនដល់ថ្ងៃការតែម្ដង ព្រោះបង្ការក្រែងលោអ្នក Makeup ដែលយើងពេញចិត្តរវល់ជាប់អ្នកផ្សេងវិញ ឬឈឺ ដោយសាររត់ច្រើនរោង ក្នុងរដូវការ។
ជាធម្មតា រដូវរៀបការ សម្អាងការត្រូវរត់ច្រើនរោង មានខ្លះរត់ដល់ បួន ប្រាំ រោងឯណោះ។ អ៊ីចឹង ការរៀបចំសម្រាប់ភ្ញៀវ ប្រាកដជាវល់ដូចខ្ទឹមលីងជាមិនខាន បើសម្អាងការនោះ មិនចេះវិធីគ្រប់គ្រងឲ្យបានត្រឹមត្រូវ និងគិតតែចង់បានភ្ញៀវច្រើនហួសប្រមាណ។ អ្នកត្រូវសួរបញ្ជាក់ហើយបញ្ជាក់ទៀត និងបញ្ជាក់រហូតដល់ជិតដល់ថ្ងៃការមែនទែន និងដល់ថ្ងៃការតែម្ដង ដើម្បីចៀសវាងបញ្ហាទាំងនេះ៕
No comments:
Post a Comment