អ្នកដែលមានគូស្នេហ៍នៅសែនឆ្ងាយពីគ្នា ប្រហែលជាធ្លាប់ទទួលអារម្មណ៍ឯកោដោយសារតែគ្មានមនុស្សពិសេសនៅក្បែររាល់ថ្ងៃដូចគេ។ ពាក្យមួយឃ្លាដែលចាស់ៗតែងនិយាយ“ឃ្លាតកាយណាយចិត្ត” អ្នកក៏ចាប់ផ្តើមយល់ច្បាស់។ មនុស្សដែលអ្នកស្រឡាញ់ចាប់ផ្ដើមឃ្លាតឆ្ងាយពីអ្នក មិនសូវអើពើជាមួយអ្នកដូចពីមុន។ បើអ្នកពិបាកទ្រាំ និងមិនអាចទទួលយកបានតទៅទៀតបាន ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីដោះស្រាយជាមួយសម្ពន្ធភាពដែលនៅទ្រឹងមួយនេះ៖
១. ព្យាយាមយល់ពីមនុស្សប្រុស
មនុស្សប្រុសមិនងាយបញ្ចេញអារម្មណ៍ទន់ជ្រាយដូចមនុស្សស្រីឡើយ។ ទោះបីគាត់នៅតែស្រឡាញ់ និងនឹកអ្នកខ្លាំង ក៏គាត់មិនអាចសម្ដែងចេញឲ្យអ្នកដឹងដោយស្រួលដែរ។ សម្បកខាងក្រៅរឹងមាំ មិនប្រាកដថាក្នុងចិត្តគាត់រឹងមាំដូចគ្នាទេ ដូច្នេះអ្នកត្រូវព្យាយាមយល់ពីគាត់ និងកុំគិតច្រើនតែម្នាក់ឯង។
២. ចែករំលែករឿងរ៉ាវជីវិតជាមួយគ្នា
អ្នកត្រូវព្យាយាមឲ្យអស់សមត្ថភាព ក្នុងការរក្សាចំណងស្នេហ៍ ដោយឧស្សាហ៍ទៅលេងគ្នា ឆាត ឬនិយាយទូរស័ព្ទរៀបរាប់រឿងរ៉ាវប្រចាំថ្ងៃប្រាប់គ្នា។ បែបនេះ អ្នកទាំងពីរអាចមានអារម្មណ៍ថានៅតែមានភាពស្និទ្ធស្នាលដដែល។
៣. គ្មានប្រុសណាមិនអើពើចំពោះស្រីដែលខ្លួនស្រឡាញ់ឡើយ
បើគាត់នៅតែមិនអើពើ ទោះអ្នកព្យាយាមប៉ុណ្ណា អ្នកក៏ត្រូវបញ្ចប់ទំនាក់ទំនងនេះមុនដោយខ្លួនឯង។ គាត់អាចនឹងអស់ចិត្តស្រឡាញ់អ្នកពិតប្រាកដមែន ឬគាត់ជួបមនុស្សថ្មីដែលគាត់ពេញចិត្ត ដូច្នេះការចាកចេញរបស់អ្នកគឺជារឿងដែលត្រឹមត្រូវ។
៤. និយាយគ្នាដោយបើកចំហ
សួរគាត់ត្រង់ៗ តើគាត់នៅស្រឡាញ់អ្នកទៀតឬអត់? បើគាត់ស្ទាក់ស្ទើរ មិនប្រាកដចិត្ត សុំឲ្យគាត់ដោះលែងអ្នក ហើយអ្នកក៏ត្រូវដោះលែងគាត់ដូចគ្នា។ ស្នេហាអាត្មានិយមពិតជាមិនអាចរកសុភមង្គលពិតឃើញឡើយ។
៥. ស្វែងរកមនុស្សថ្មី
បើព្យាយាមគ្រប់ចំណុចក៏មិនបានផល គួរឈប់ខ្វល់ពីគាត់ទៀត ដូរលេខទូរស័ព្ទ ហើយណាត់ជួបមនុស្សថ្មី។ ជីវិតមនុស្សខ្លីណាស់ កុំចំណាយពេលលើរឿងទុក្ខសោកច្រើនពេក។ បើគាត់ជាគូរបស់អ្នកមែន គាត់នឹងមិនបោះបង់អ្នក ឬអនុញ្ញាតឲ្យអ្នកទៅស្រឡាញ់អ្នកផ្សេងទេ ៕
No comments:
Post a Comment