សំងំៗ មិនសូវចេញឈ្មោះឲ្យគេស្គាល់ អ្នកជំនាញផាត់មុខរបៀបរបួសស្នាម និងបែបរន្ធត់ អ្នកនាង គឿម កុឡាប ដែលមានស្រុកកំណើតនៅឯខេត្តបាត់ដំបង សប្តាហ៍កន្លងទៅបានលេងភ្នំពេញចូលរួមក្នុងកម្មវិធីមហោស្រព ហើយក៏បានចូលមកជួបជាមួយក្រុមសារពត៌មាន Sabay បង្ហាញពីសមត្ថភាពផាត់មុខរបួសឡើងដូចពិតៗតែម្តង។
អ្នកនាង គឿម កុឡាប ក៏ជាសិល្បករផ្នែកគំនូរ និងអ្នកឌីហ្សាញរូបភាពសិល្បៈលើភាពយន្តគំនូរជីវចល បែប Animation របស់ក្រុមហ៊ុនសិល្បៈ Phare Creative Studio នៅខេត្តបាត់ដំបង និងជាគ្រូបង្រៀនផ្នែកគំនូរផាត់ពណ៌ នៅអង្គការ ហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង។
អ្នកជំនាញលើការផាត់មុខបែបរន្ធត់ របួស របៀបជាខ្មោច ប្រាប់ថា នេះជាជំនាញបន្ទាប់បន្សំដែលរៀនសូត្រដោយខ្លួនឯងបន្ថែមពី យូធូប និងស្រាវជ្រាវ ដោយយោងតាមមូលដ្ឋានគ្រឹះនៃចំណេះដឹងលាយពណ៌ ផាត់ពណ៌ និងសង្កេតមើលរបួសស្នាមពិតៗ និងរៀនអនុវត្តដោយខ្លួនឯងផ្ទាល់។
កាលពីឆ្នាំ ២០១១ សិល្បកររូបនេះ មានឱកាសទទួលអាហារូបករណ៍ រយៈពេល ៣ឆ្នាំ ដើម្បីទៅរៀនឲ្យបានលម្អិត កាន់តែច្បាស់ និងស្វែងយល់កាន់តែស៊ីជម្រៅទៅលើការប្រើប្រាស់ពណ៌លើរូបភាពគំនូរ ឬ Illusion Painting នៅសាលវិទ្យាល័យ Ecole Pivaut University នៅប្រទេសបារាំង។
មុនត្រលប់មកកម្ពុជាកាលពីឆ្នាំ ២០១៤ សិល្បករ វ័យ ៣០ឆ្នាំរូបនេះ បានទៅធ្វើទស្សនៈកិច្ចក្នុងសារៈមន្ទីរ និងជារោងសិប្បកម្មផលិតសម្ភារៈកុនខ្នាតអន្តរជាតិមួយដែលមានឧបករណ៍គ្រប់ប្រភេទសម្រាប់ជួល និងលក់ជាសេវាកម្មដល់ផលិតករភាពយន្តផ្សេងៗ ដែលបទពិសោធន៍ទាំងនេះបានជំរុញទឹកចិត្តអ្នកនាងឲ្យចូលចិត្តលើការងារសិល្បៈតុបតែង ផាត់មុខរបៀបភ័យញាប់ញ័របែបនេះ។
កាលពីក្មេងសិល្បករដើមកំណើតអ្នកខេត្តបាត់ដំបងរូបនេះ ចូលចិត្តផាត់ពណ៌ និងការគូររូបជាខ្លាំង រហូតសុំឪពុកឈប់រៀនពីសាលារដ្ឋ ដែលរឿងនេះធ្វើឲ្យលោកឪពុករបស់អ្នកនាង មិនសប្បាយចិត្ត តែអ្នកនាងក៏មិនបោះបង់ក្តីស្រមៃ ដោយឈប់ទៅសាលាដោយខ្លួនឯង និងគិតតែរឿងគូររូបតែមួយមុខមិនខ្វល់ជួយធ្វើការងារផ្ទះអ្វីទាំងអស់។
ដោយមានដុង ឬទេពកោលស្យពីកំណើតលើផ្នែកសិល្បៈគំនូរ បានធ្វើឲ្យអ្នកនាងទទួលបានប្រាក់កម្រៃខ្លះៗពីគំនូរ រហូតដល់ថ្ងៃមួយដែលក្តីសុបិនរបស់ខ្លួនបានមកដល់ ដោយបានស្គាល់សាលាបង្រៀនសិល្បៈ ហ្វាពន្លឺសិល្បៈដោយចៃដន្យតាមរយៈការជជែកគ្នាពីអ្នកផ្សារ។
អ្នកនាង កុឡាប ក៏ផ្តើមរៀនសូត្រពីសិល្បៈនេះតាមរយៈគ្រូមានជំនាញ ហើយស្នាដៃរបស់អ្នកនាង ក៏ត្រូវបានបរទេស ក៏ដូចជាលោកគ្រូអ្នកគ្រូនៅសាលាហ្វាពន្លឺសិល្បៈបង្ហាញដល់ គ្រូម្នាក់មកពីប្រទេសបារាំង ហើយអ្នកនាងក៏ទទួលបានអាហារូបករណ៍ទៅរៀនជំនាញនេះបន្តនៅសាលារបស់ជនជាតិបារាំងម្នាក់នោះរហូតដល់ទៅ ៣ឆ្នាំដោយជោគជ័យ។
ក្រោយត្រលប់មកពីរៀនវិញ ក្រៅតែពីជួយបង្រៀនបន្តនៅសាលាហ្វាពន្លឺសិល្បៈ រូបនាងក៏បានចែករំលែកស្នាដៃ ទាំងសិល្បៈគំនូរ ទាំងសិល្បៈនៃការផាត់មុខបែបរបួសស្នាមនេះក្នុងសិក្ខាសាលានានា នៅប្រទេសឥណ្ឌា បារាំង និងជាពិសេសនៅខេត្តបាត់ដំបង ទឹកដីកំណើតរបស់ខ្លួន។
ថ្ងៃអនាគត អ្នកនាង កុឡាបចង់ត្រលប់ទៅប្រទេសបារាំងវិញដើម្បីរៀនបន្ថែមពីរបៀបធ្វើ Prop និងការ Make up តួបែបខ្មោច ឬរបួសស្នាមនានា ហើយអ្នកនាងក៏មានបំណងចែករំលែកចំណេះដឹងរបស់ខ្លួនជួនដល់យុវជនជំនាន់ក្រោយ និងបើកក្រុមហ៊ុនផ្ទាល់ខ្លួនដើម្បីផ្តល់ជាសេវាកម្មនានានៅក្នុងវិស័យផលិតភាពយន្ត។
No comments:
Post a Comment