ជីវិតគូក្រោយរៀបការមិនមែនងាយស្រួលដូចដែលយើងគិតនោះទេ ជម្លោះ ការប៉ះទង្គិចទាំងពាក្យសម្ដី និងផ្លូវចិត្តគង់តែកើតមានដោយចៀសមិនផុត ដូច្នេះហើយតាំងពីបុរាណមក គេបានចាត់ទុកភរិយាជាអ្នករក្សាភ្នក់ភ្លើងក្នុងផ្ទះដើម្បីឱ្យក្រុមគ្រួសាររស់នៅដោយសុភមង្គល។ ចង់ដឹងកាន់តែច្បាស់សូមតាមដានខាងក្រោម៖
១- ចេះឱ្យតម្លៃនិងលើកទឹកចិត្តប្ដី៖
បុរស ទោះបីចាត់ទុកជាភេទរឹងមាំ ប៉ុន្តែអ្នកណាៗក៏ធ្លាប់ជួបថ្ងៃស៊យ ការបាក់ទឹកចិត្ត ឬធ្វើកំហុសឆ្គងដែរ។ ដូច្នេះបើនៅខាងក្រៅ មានរឿងមិនសប្បាយចិត្តហើយ ចូលដល់ផ្ទះ ប្រពន្ធធ្វើមុខក្រូចសើច ឬព្រងើយកន្តើយទៀត យូរនិងឆាប់នឹងធ្វើឱ្យបុរសនោះលែងចង់ចូលផ្ទះ។ ពាក្យសម្ដីលួងលោម លើកទឹកចិត្ត គឺជាថ្នាំត្រជាក់ដែលធ្វើឱ្យអារម្មណ៍ស្មុគស្មាញទាំងប៉ុន្មានរលាយបាត់បានដោយងាយ។
២- ចេះរក្សាទំនាក់ទំនងរវាងឪពុកម្ដាយខ្លួននិងស្វាមី៖
ចំណុចនេះសំខាន់ខ្លាំង ព្រោះបើទោះបីអ្នករៀបការរួចរស់នៅជាមួយឪពុកម្ដាយក្ដី ឬរស់នៅបែកតែពីរនាក់ក្ដី ក៏គង់តែមានលេចឮពាក្យពេចន៍ក្នក់ចិត្តពីឪពុកម្ដាយរបស់អ្នកចំពោះស្វាមី ឬពីស្វាមីចំពោះឪពុកម្ដាយយើងដូចគ្នា។ ដូចពាក្យថា គ្មានទេមនុស្សឥតខ្ចោះក្នុងលោកនេះ ហេតុនេះពាក្យមិនសប្បាយចិត្តទាំងនោះអាចនឹងកើតឡើងនៅថ្ងៃណាមួយ។ ភរិយាឆ្លាតត្រូវចេះថ្លឹងថ្លែងថា ពាក្យណាគួរឱ្យភាគីទាំងសងខាងដឹង ពាក្យណាគួរសម្របសម្រួល និងលាក់ទុកដើម្បីទំនាក់ទំនងល្អក្នុងក្រុមគ្រួសារ។
៣- ចេះចាត់ចែងការងារផ្ទះ៖
ទោះសម័យនេះ ភរិយាភាគច្រើនត្រូវចេញទៅក្រៅរកលុយដូចស្វាមីក៏ដោយ ប៉ុន្តែរឿងចានក្បាន ថែទាំងផ្ទះសម្បែង នៅតែត្រូវការនារីជាចាំបាច់។ ការជួយរំលែកបន្ទុកក្នុងផ្ទះរបស់ស្វាមី អាចជួយសម្រាលបានមួយចំនួន តែប្រពន្ធល្អមិនអាចភ្លេចគិតពីរឿងផ្ទះសម្បែង បណ្ដោយឱ្យរប៉ាត់រប៉ាយ ហើយលើកឡើងថា គ្មានពេលសម្អាតនោះទេ។
៤- ចេះជួយស្វាមីរឿងលើគ្រែ៖
អាចជារឿងមិនគួរនិយាយ ប៉ុន្តែវាជាការពិត។ តាមធម្មជាតិ បុរសមានអារម្មណ៍ផ្លូវភេទច្រើនជាងស្ត្រី ហេតុនេះមូលហេតុធំដែលស្វាមីភាគច្រើនហ៊ានទៅមានស្រីក្រៅ ព្រោះតែភរិយាមិនសូវផ្ដល់ពេលវេលាសម្រាប់រឿងលើគ្រែ ឬព្រងើយកន្តើយចំពោះរឿងនេះញឹកញាប់ពេក។ ជួនកាល អ្នកទាំងពីរអាចនិយាយគ្នា បើសិនភរិយាមិនស្រួលខ្លួន ឬមានផ្ទៃពោះ ឬសរសៃខ្ចី ភរិយាអាចជួយសម្រួលរឿងនេះតាមវិធីណាមួយដែលល្អ មិនចាំបាច់ទាល់តែបម្រើដោយប្រើខ្លួនប្រាណទាំងស្រុងតែម្ដងក៏បាន។
No comments:
Post a Comment