ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា គ្រុនផ្ដាសាយបក្សី H5N6 បានផ្ទុះឡើងក្នុងកសិដ្ឋានចិញ្ចឹមទាមួយនៅភាគនិរតីនៃប្រទេសនិងបង្កើនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ។
ក្រសួងកសិកម្មបាននិយាយថា គេបានរកឃើញសត្វទាចំនួន ១២០០០ ក្បាលមានផ្ទុកនូវមេរោគនេះកាលពីថ្ងៃសៅរ៍នៅកសិដ្ឋានមួយក្នុងភូមិ Gochang ចម្ងាយជាង ២៧០គីឡូម៉ែត្រភាគនិរតីទីក្រុងសេអ៊ូល។ បន្ទាប់ពីការរកឃើញហើយ សត្វទាទាំង ១២០០០ក្បាលនោះត្រូវបានគេសម្លាប់។ នេះជាការផ្ទុះឡើងជាលើកដំបូងរបស់ប្រទេសចាប់តាំងពីខែមិថុនាឆ្នាំនេះ។
ក្រសួងបានបង្កើនវិធានការកម្ចាត់មេរោគដើម្បីទប់ស្កាត់ការរីករាលដាលនៃគ្រុនផ្ដាសាយបក្សី និងបានចេញការហាមឃាត់ការដឹកជញ្ជូនបក្សីទូទាំងប្រទេសរយៈពេល ៤៨ ម៉ោងគិតចាប់ពីយប់ថ្ងៃអាទិត្យទៅក្នុងទីក្រុង សេអ៊ូល។
គួរបញ្ជាក់ថា កាលពីឆ្នាំមុនប្រទេសកូរ៉េខាងត្បូងក៏ធ្លាប់ផ្ទុះឡើងនូវគ្រុនផ្ដាសាយបក្សីអស់រយៈពេល៦ខែផងដែរ ដែលធ្វើឲ្យចំនួនសត្វបក្សីចិញ្ចឹមមានការធ្លាក់ចុះ និងកង្វះខាតស៊ុតនៅទូទាំងប្រទេស។ ប៉ុន្តែមិនមានករណីមនុស្សឆ្លងជំងឺនេះក្នុងប្រទេស ត្រូវបានរាយការណ៍នោះទេ៕
No comments:
Post a Comment