loading...

Wednesday, February 21, 2018

ស្នាដៃភាពយន្តធំៗក្នុងទស្សវត្សរ៍ឆ្នាំ ៦០

ស្នាដៃផលិតភាពយន្តក្នុងសម័យសង្គមរាស្រ្តនិយម ត្បិតតែមិនទំនើបដូចសម័យនេះ តែក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍គឺមានតែមួយប៉ុណ្ណោះ។ តែរយៈពេលជាង ១០ឆ្នាំ ស្នាដៃភាពយន្តខ្មែរ មានប្រមាណជាងរយចំណងជើង និងថែមទាំងល្បីល្បាញដល់បរទេសទៀតផង។ ខាងក្រោមនេះ Sabay សូមលើកយកប្រវត្តិភាពយន្តខ្មែរ ៥ ចំណងជើងដែលល្បីល្បាញខ្លាំងក្នុងទសវត្សរ៍ឆ្នាំ៦០៖
Poster រឿង «ទិព្វសូដាច័ន្ទ»
១. រឿង «ទិព្វសូដាច័ន្ទ» ជាប្រភេទរឿងព្រេងនិទានខ្មែរដ៏ល្បីតាំងពីយូរយារណាស់មកហើយ ហើយរឿងប្រលោមប្រភេទទេវកថាមួយនេះ ត្រូវបានថតចេញជាភាពយន្ត ចាក់ផ្សាយលើផ្ទាំងសំពត់ស តាមបណ្តារោងកុនខ្មែរជាង ៧០កន្លែងទូទាំងប្រទេសកម្ពុជា។
រឿងនេះ ផលិតឡើងដោយ ផលិតកម្ម វណ្ណ ច័ន្ទ ភាពយន្ត ដឹកនាំដោយ លោក ឡាយ ងួនហេង និងសម្តែងដោយ លោកស្រី វីរៈតារា លោក គង់ សំអឿន លោកស្រី សាក់ ស៊ីស្បោង។ ភាពយន្តនេះជារឿងដែលផ្ទុះខ្លាំងជាងគេក្នុងទសវត្សរ៍ឆ្នាំ៦០។ ឆ្នាំនោះ។
រឿង «ពុទ្ធិសែន នាងកង្រី»
២. រឿង «ពុទ្ធិសែន នាងកង្រី» ជាតំណាលនៃរឿងព្រេង «នាង ១២» ដែលជារឿងព្រេងនិទានខ្មែរដ៏ពេញនិយម និងចំណារជាភ្នំនាងកង្រី មកដល់បច្ចុប្បន្ន នៅក្នុងខេត្តកំពង់ឆ្នាំង។ រឿងនេះ ត្រូវបានផលិតជាភាពយន្តក្នុងឆ្នាំ ១៩៦៨ ដោយលោកព្រឹទ្ធាចារ្យ លី ប៊ុនយីម និងដឹកនាំដោយរូបលោកផ្ទាល់ ដោយចំណាយពេលវេលារៀបចំ និងថតជិត១ឆ្នាំ។ ភាពយន្តបែបអាភិនិហានេះ សម្តែងដោយ លោកស្រី វីរៈ តារា លោក គង់ សំអឿន លោកស្រី សាក់ ស៊ីស្បោង និងតារាកិត្តិយសជាច្រើនទៀតក្នុងសម័យនោះ។
រឿង «កងកម្មកងកែវ»
៣. រឿង «កងកម្មកងកែវ» ជាប្រភេទរឿងមនោសញ្ចេតនា កម្សត់ទាំងសាច់រឿង កម្សត់ទាំងរឿងពិត ត្បិតតួឯកសម្តែងកងកែវ នៅក្នុងសាច់រឿងទទួលមរណៈភាពភ្លាមបន្ទាប់ពីថតរឿងនេះក្នុងឈុតបញ្ចប់ ដោយជំងឺភ្នែកធ្ងន់ធ្ងរ។ ដំណឹងមរណៈភាពរបស់តួឯកឈ្មោះ អីុ គឹមសួ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ ហើយធ្វើឱ្យអ្នកដឹកនាំរឿង លោក ប៊ុវ ឆៃលាង ចាងហ្វាងផលិតកម្ម តន្រ្ទទេវី សម្រេចមិនបញ្ចាំងរឿងនេះឡើយ។ តែរូបលោក បានយករឿង «កងកម្មកងកែវ» បោះពុម្ពជារឿងប្រលោមលោក ហើយលក់ដាច់ខ្លាំងបំផុតក្នុងឆ្នាំនោះ។
រឿង «ផ្កាយដុះកន្ទុយ»
៤. រឿង «ផ្កាយដុះកន្ទុយ» ជាប្រភេទរឿងពិជ័យសង្គ្រាម បែបអាភិនិហា ដែលនិយាយអំពីល្បិចកិច្ចកលក្នុងសង្គ្រាម ហើយរឿងនេះដឹកនាំសម្តែង និងផលិតដោយ លោក ណុប ណែម ក្នុងឆ្នាំ ១៩៦៨ និងមានគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំនោះ។ ភាពយន្តរឿង «ផ្កាយដុះកន្ទុយ» ចូលរួមសម្តែងដោយ លោក គង់ សំអឿន និងលោកស្រី គឹម ណូវ៉ា លោក ណុប ណែម ផងដែរ។ ភាពយន្តនេះអាចជាស្នាដៃដំបូង របស់តារាសម្តែង ណុប ណែម ដែលតែងតែមានវត្តមានសម្តែងជាមួយលោក គង់ សំអឿន ជាញឹកញយ។
រឿង «ចំប៉ាថោង»
៥. រឿង «ចំប៉ាថោង» ជារឿងរន្ធត់ និងអាភិនិហា ដែលរៀបរាប់ពីពងក្រពើមួួយដែលកើតជាមនុស្សក្រពើ ហើយបានចាប់យកបុត្រីរបស់ស្តេចផែនដីយកទៅបាតទន្លេ ហើយរឿងនេះជាភាពយន្តមួយដែលផលិត ចេញពីស្នាព្រះហត្ថកំណាព្យតែងនិពន្ធដោយ ព្រះបាទ អង្គឌួង។ រឿង «ចំប៉ាថោង» ត្រូវបានផលិតដោយ ផលិតករ លីម ប៊ុនលន ក្នុងផលិតកម្ម ព្រះទិត្ថករ ភាពយន្ត តួឯកប្រុសសម្តែងដោយ លោក គង់ សំអឿន និងតួឯកស្រី សម្តែងដោយ លោកស្រី ឌី សាវ៉េត។
ក្រៅពីភាពយន្តទាំង ៥ ខាងលើក៏មានបណ្តាខ្សែភាពយន្តពិសេសៗ ដែលផលិតដោយអ្នកដឹកនាំរឿងខ្មែរក្នុងសតវត្សរ៍ ១៩៦០ រហូតដល់ឆ្នាំ ១៩៧០៕

No comments:

Post a Comment