ដោយសារតែក្ដីស្រឡាញ់ដ៏លើសលប់ចំពោះកូន ឪពុកម្ដាយមួយចំនួនទម្រើស និងតាមចិត្តកូន រហូតមើលលែងឃើញចំណុចខ្វះខាតរបស់ពួកគេ។ ដូច្នេះ អ្នកត្រូវបន្ថែមវិន័យអប់រំអត្តចរិតពួកគេ ខាងក្រោមនេះជាសញ្ញាផ្សេងៗគួរយល់ដឹង នឹងវិធីដោះស្រាយ៖
ទាមទារ
បញ្ហានេះភាគច្រើនកើតឡើងចំពោះកូនៗ ដែលទទួលបានក្ដីស្រឡាញ់ខ្លាំងពីឪពុកម្ដាយ។ មិនថាពួកគេចង់បានអ្វី អ្នកតែងតែផ្ដល់ឲ្យពួកគេជានិច្ច យូរៗទៅពួកគេលែងយល់ពីការដឹងគុណ ត្រេកអរ ឬស្កប់ស្កល់ ហើយចាប់ផ្ដើមរំពឹង ទាមទារគ្រប់យ៉ាង ដោយមិនខ្វល់ពីហេតុផលថាគួរ ឬមិនគួរឡើយ។
រូបតំណាង
វិធីដោះស្រាយ៖ អ្នកត្រូវបង្រៀនកូនឲ្យចេះអរគុណ និងរីករាយចំពោះអំណោយទាំងឡាយដែលពួកគេបានទទួលពីអ្នក ឬមនុស្សជុំវិញ។
ខ្វះសេចក្ដីអាណិតអាសូរ និងចិត្តសប្បុរស
ចំណុចពីរយ៉ាងនេះពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ការរស់នៅក្នុងសង្គម។ ពួកគេមិនអាចរស់នៅជាមួយអ្នកអស់មួយជីវិតឡើយ ដូច្នេះនេះជាទុនសំខាន់សម្រាប់ចម្លងពួកគេឲ្យរកឃើញសេចក្ដីសុខជាមួយអ្នកដទៃនៅថ្ងៃអនាគត។
វិធីដោះស្រាយ៖ បង្រៀនពួកគេឲ្យចេះដាក់ទានចំពោះទុរគតជន។ នៅផ្ទះ អ្នកអាចពន្យល់ឲ្យពួកគេចេះជួយសម្អាតបន្ទប់បងប្អូន ឬជួយលាងចានជំនួសអ្នកជាដើម។
ទម្លាក់កំហុសឲ្យអ្នកដទៃ
ប្រសិនបើកូនរបស់អ្នកមិនទទួលខុសត្រូវចំពោះទង្វើខ្លួនឯង ហើយព្យាយាមទម្លាក់កំហុសឲ្យអ្នកដទៃ មានន័យថាការអប់រំរបស់អ្នកកំពុងជួបបញ្ហាធំហើយ។
វិធីដោះស្រាយ៖ កុំបង្ខំឲ្យពួកគេទទួលស្គាល់កំហុសខ្លាំងពេក។ អ្នកត្រូវបង្រៀនឲ្យពួកគេស្គាល់ពីទំនួលខុសត្រូវខ្លួនឯងបន្តិចម្ដងៗ។ អ្នកអាចដាក់ការងារឲ្យពួកគេធ្វើ រួចសរសេរនៅលើក្រដាស ដើម្បីរំលឹករួចកុំភ្លេចអរគុណពួកគេទុកជាមុន។
មិនខ្វល់ខ្វាយពីសុខទុក្ខអ្នកជុំវិញ
នៅពេលដែលកូនរបស់អ្នកមិនចេះខ្វល់ខ្វាយពីអ្នកដទៃ ជាពិសេសសមាជិកគ្រួសារខ្លួនឯង បញ្ជាក់ថាពួកគេកំពុងវិវត្តខ្លួនជាមនុស្សអាត្មានិយមបណ្ដើរៗហើយ។
វិធីដោះស្រាយ៖ នាំពួកគេទៅចូលរួមកម្មវិធីសប្បុរសធម៌នានា ដើម្បីបង្ហាញពីការចេះជួយទុក្ខធុរៈគ្នា។ ឧស្សាហ៍ប្រាប់ពួកគេថា ជីវិត និងសុខទុក្ខអ្នកដទៃ គឺសំខាន់ខ្លាំងដូចខ្លួនរបស់ពួកគេដែរ។
មិនចេះមានអារម្មណ៍ខុសឆ្គង
ពួកគេបដិសេធមិនព្រមទទួលយកអារម្មណ៍ខុសឆ្គង ឬទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ព្រោះតែគិតថាពួកគេមិនបានធ្វើអ្វីខុស។
វិធីដោះស្រាយ៖ ផ្ដល់នូវលទ្ធផលដែលពួកគេសមនឹងទទួលចំពោះកំហុសឆ្គងទាំងនោះ។ បង្រៀនឲ្យពួកគេបែងចែករវាងរឿងត្រឹមត្រូវ និងរឿងខុសឆ្គង និងឲ្យពួកគេមានភាពក្លាហានគ្រប់គ្រាន់ដើម្បីទទួលខុសត្រូវចំពោះជម្រើសរបស់ខ្លួន៕
No comments:
Post a Comment