កម្រងរូបថត Pre-Wedding របស់អ្នកពន្លត់អគ្គិភ័យជនជាតិចិន បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ រំជួលចិត្ត ពេលឃើញអនាគតកូនកំលោះស្លៀកពាក់ជាអ្នកពន្លត់អគ្គិភ័យដូចពេលកំពុងបំពេញមុខងារជួយសង្គ្រោះ ឯកូនក្រមុំស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌សធម្មតានៅស្ថានីយ៍ពន្លត់អគ្គិភ័យ។
តាមប្រពៃណីជនជាតិចិន គូអនាគតប្ដីប្រពន្ធតែងតែថតរូបស្លៀកឈុតអាពាហ៍ពិពាហ៍ទុកជាអនុស្សាវរីយ៍ (Pre-wedding) មុនថ្ងៃចូលរោងផ្ទឹមពិតប្រាកដមកដល់។ ជាធម្មតាកូនកំលោះ កូនក្រមុំត្រូវស្លៀកឈុតអាពាហ៍ពិពាហ៍នៅថ្ងៃនោះ តែលោក Li Baogang ចង់ធ្វើឲ្យប្លែកគេបន្តិច។
លោក Li រស់នៅទីក្រុង Xingtai ខេត្តហេបេ ភាគខាងជើងប្រទេសចិន ត្រូវគេឃើញស្លៀកពាក់ឯកសណ្ឋានអ្នកពន្លត់អគ្គិភ័យពណ៌ទឹកក្រូច នៅពីមុខរថយន្តបាញ់ទឹក ចូលរួមដោយមិត្តរួមការងារជាច្រើននាក់ទៀត។ កម្រងរូបថតរបស់គាត់ត្រូវគេឃើញមានសកម្មភាពច្រើនបែបដូចជាកូនកំលោះទម្លាក់ខ្លួនពីជញ្ជាំងខ្ពស់ជូនផ្កាកូនក្រមុំជាដើម។
លោក Li និយាយ “ខ្ញុំសង្ឃឹមថារូបថតទាំងអស់នេះមិនត្រឹមតែរក្សាចំណងស្នេហ៍ពួកយើងទេ ថែមទាំងអាជីពជាទីពេញចិត្តរបស់ខ្ញុំទៀតផង។ ខ្ញុំរំពឹងថា Pre-Wedding នេះអាចនឹងជួយឲ្យអនាគតភរិយាយល់បន្ថែមពីភាពលំបាកខ្លះៗក្នុងអាជីពជាអ្នកពន្លត់អគ្គិភ័យ”៕
ប្រភព៖ Sabay
No comments:
Post a Comment