loading...

Tuesday, November 29, 2016

យុវវ័យ​មាន​ស្នេហា​ពេល​កំពុង​សិក្សា​មាន​ផលប្រយោជន៍​អ្វីខ្លះ?

អ្នកខ្លះ​តែង​និយាយ​ថា​ពេល​កំពុង​សិក្សា​យុវវ័យ​មិន​គួរ​មាន​ស្នេហា​នោះ​ទេ ដោយសារ​អាច​ប៉ះ​ពាល់​ដល់​ការ​សិក្សា ឬ ធ្វើ​ឱ្យ​យុវវ័យ​ភ្លេច​ការ​រៀន​សូត្រ​ជា​ដើម។ ប៉ុន្តែ​ក៏​មាន​យុវវ័យ​មួយ​ចំនួន​មិន​យល់​ស្រប​ ចំពោះ​ការ​លើក​ឡើង​បែបនេះ​ដែរ ដោយ​ពួកគាត់​សំអាង​លើ​ហេតុ​ផល​មួយ​ចំនួន​ ដែល​បង្ហាញ​ថា ស្នេហា​ក៏​មាន​ផលប្រយោជន៍​ពេល​កំពុង​សិក្សា។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់ៗ​ដែល​ជា​ការ​លើក​ឡើង​របស់​យុវវ័យ​មួយ​ចំនួន​៖
១. ជួយ​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ជាង​មុន​៖
ទាក់ទង​នឹង​ចំណុច​នេះ កញ្ញា រស្មី ដែល​ជា​និស្សិត​ឆ្នាំ​ទី​បី ជំនាញ International business បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖ នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា កាល​ណា​យុវវ័យ​មាន​ស្នេហា​អាច​ឱ្យ​គាត់​ខិតខំ​រៀន​សូត្រ​ជាង​ពី​មុន ដើម្បី​ឱ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់​មើល​ឃើញ​ ពី​ការ​ខិតខំ​របស់​គាត់។ ជា​ពិសេស​ដោយសារតែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់ ទើប​ធ្វើ​ឱ្យ​គាត់​កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​សិក្សា​រៀន​សូត្រ ដោយ​ដៃ​គូរ​របស់​គាត់​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​។ ដូចនេះ ស្នេហា​ក៏​អាច​ធ្វើ​ឱ្យ​យុវវ័យ​ទទួល​ផលប្រយោជន៍​តាមរយៈ​រូបភាព​នេះ​ផង​ដែរ​។
​ ២. បង្រៀន​ឱ្យ​យុវវ័យ​ចេះ​ផ្លាស់ប្ដូរ​អត្តចរិត៖
រស្មី​ដដែល​បាន​បន្ត​ទៀត​ថា៖ "មួយ​វិញ​ទៀត​ស្នេហា​អាច​ធ្វើ​ឱ្យ យើង​ផ្លាស់​ប្ដូរ​អត្តចរិត ពី​ចរិត​ក្មេង ទៅ​ជា​មនុស្ស​ចេះ​គិតគូរ​ និង​ចាស់​ទុំ​ជាង​មុន។ ព្រោះ​ដើម្បី​មនុស្ស​ដែល​យើង​ស្រឡាញ់ យើង​តែង​ចង់​ឱ្យ​គេ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​យើង​មាន ដូច​ថា ពី​មុន​យើង​គ្រាន់​តែ​ជា​ក្មេង​អាឡិអាឡក់​ម្នាក់​ តែ​ពេល​យើង​មាន​ស្នេហា យើង​ចេះ​រៀន​ធ្វើ​ម្ហូប ធ្វើ​ការងារ​ផ្ទះ និង​ការងារ​ស្រ្ដី​ផ្សេងៗ​ទៀត​ដើម្បី​បង្ហាញ​ឱ្យ​ដៃ​គូរ​របស់​យើង​គាត់​ពេញ​ចិត្ត​"។
បន្ថែម​លើ​ចំណុច​នេះ​ទៀត​ ណារដ្ឋ ជា​សិស្ស​កំពុង​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​យល់​ឃើញ​ថា៖ "ជួន​កាល​អ្នក​ខ្លះ​ឪពុកម្ដាយ​ និយាយ​មិន​ស្ដាប់​ទេ តែ​នៅ​ពេល​ដែល​មាន​ស្នេហា​បែរ​ជា​ខិតខំ​រៀន ព្រោះ​ស្រឡាញ់​នារី​ម្នាក់​នឹង​ខ្លាំង គេ​ឱ្យ​ធ្វើ​អី​ក៏​ព្រម​ដែរ​ ដូចជា​ប្រាប់​ឱ្យ​ខំ​រៀន ឈប់​ដើរលេង អីចឹង​ទៅ។ ដូចនេះ​ខ្ញុំ​គិត​ថា​ស្នេហា​ក៏​មាន​ចំណុច​ល្អ​ដែរ​ចំពោះ​យុវវ័យ​ពេល​កំពុង​សិក្សា"​។
៣. មាន​គោល​ដៅ​ច្បាស់លាស់​ក្នុង​ជីវិត៖
នៅ​ត្រង់​ចំណុច​នេះ​ដែរ​ ណារដ្ឋ​ បាន​និយាយ​ថា៖ "បាទ​បង​ស្នេហា​បង្រៀន​យើង​ឱ្យ​ចេះ​ កំណត់​គោលដៅ​ច្បាស់លាស់ ឧទាហរណ៍​ថា យើង​ស្រឡាញ់​គ្នា​ជា​សិស្ស​ដូចគ្នា ចឹង​យើង​ចាប់​ផ្ដើម​ចេះ​គិត​ថា តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​ ស្រឡាញ់​គ្នា មាន​អនាគត​ល្អ មាន​ការ​គាំទ្រ​ពី​គ្រួសារ ដូច្នេះ​យើង​គួរ​រៀបចំ​ផែនការ​យ៉ាង​ណា​ខ្លះ​ក្នុង​ជីវិត។ ដូចនេះ​មាន​តែ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ឱ្យ​ចប់​ចុង​ចប់​ដើម ស្វែង​រក​ការងារ​ធ្វើ​ទាំង​ពីរ​នាក់ ឬ​រួម​គ្នា​បង្កើត​អាជីវកម្ម​អ្វី​មួយ​។ កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​ជួយ​ជំរុញ​ឱ្យ​យើង​មាន​កម្លាំង​ចិត្ត​ត្រូវ​តែ​តស៊ូ​ដើម្បី​ឱ្យ​ស្នេហា​មួយ​ទទួល​ជោគជ័យ"​។
៤. មាន​អ្នក​ជួយ​ផ្ដល់​កម្លាំង​ចិត្ត និង​ប្រឹក្សា​យោបល់៖
កណ្ណិកា​ យុវតី​កំពុង​មាន​ស្នេហា​រូប​នេះ​បាន​លើក​ឡើង​ថា៖ "ចា.... ជា​ការ​ពិត​បង​មិន​មែន​អ្នក​មាន​ស្នេហា​ពេល​កំពុង​រៀន​សុទ្ធតែ​មិន​ល្អ​នោះ​ទេ។ ដូចជា​ខ្ញុំ​ជាដើម​នៅ​ពេល​មិន​សប្បាយ​ចិត្ត ឬ ជួប​បញ្ហា​ក្នុង​ការ​សិក្សា ខ្ញុំ​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​​ខ្ញុំ​ជួយ​ផ្ដល់​ជា​កម្លាំង​ចិត្ត​និយាយ​ពាក្យ​ល្អៗ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​តទៅ​ទៀត​។ ហើយ​មួយ​វិញ​ទៀត​បង នៅ​ពេល​ដែល​យើង​ចង់​សម្រេច​ចិត្ត​អ្វី​មួយ​ចឹង​ គាត់​អាច​ជួយ​ប្រឹក្សា​យោបល់​ជូន​យើង ដូចជា​សង្សារ​ខ្ញុំ​ចឹង គាត់​មាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ច្រើន​ជាង​ខ្ញុំ​ដូចនេះ ពេល​ខ្លះ​គាត់​អាច​រក​​ដំណោះ​ស្រាយ​យ៉ាង​ល្អ​ជូន​ខ្ញុំ​ទៀត​ផង"​។
៥. ជៀសវាង​ប្រព្រឹត្តិ​អំពើ​មិន​ល្អ​ក្នុង​សង្គម៖
ណារដ្ឋ​ បាន​លើក​ឡើង​ទាក់ទង​នឹង​ចំណុច​នេះ​ថា​៖ "ចំណុច​នេះ​គឺ​មាន​ន័យ​ថា នៅ​ពេល​ដែល​យើង​មាន​ស្នេហា យើង​ចំណាយ​ពេល​តែ​ជា​មួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​តែ​ប៉ុណ្ណោះ ហើយ​មិត្ត​ភក្ដិ​ដែល​មិន​​ល្អ​ក៏​យើង​គ្មាន​ពេល​ទៅ​ជួប​ពួកគេ​ទៀត​ដែរ។ ជាពិសេស​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង មិន​ចង់​ឃើញ​យើង​ធ្វើ​រឿង​មិន​ល្អ​នោះ​ទេ តែង​នាំ​យើង​ដើរ​ផ្លូវ​ល្អ ដូចនេះ​នៅ​ពេល​យើង​មាន​ស្នេហា​ជាមួយ​បុគ្គល​ដែល​មាន​ចំណេះ​ដឹង​ គឺ​អាច​ជួយ​យើង​ស្វែង​រក​អនាគត​ដ៏​ល្អ​បាន"​។

No comments:

Post a Comment