ការភូតកុហកតែងតែកើតមានលើមនុស្សគ្រប់វ័យ ពិសេសមនុស្សធំ ព្រោះដើម្បីការពារខ្លួនឲ្យរួចផុតពីការសួរដេញដោលមួយគ្រាពីមនុស្សជុំវិញ។
ឪពុកម្ដាយមួយចំនួនបានបង្រៀនឲ្យកូនចេះកុហកតាំងពីតូចដោយប្រយោល តាមរយៈការគំរាមកំហែងកូន ឬតឹងរ៉ឹងពេកចំពោះកូន។ តែការតឹងរ៉ឹងនោះ ត្រូវគេមើលឃើញថា ព្រោះឪពុកម្ដាយមានការព្រួយបារម្ភ និងមិនចង់ឲ្យកូនដើរផ្លូវខុសពីតូច។
ងាកមកមើលតាមការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមស្រាវជ្រាវ Victoria Talwar នៅទីក្រុងកេប៊ិច ប្រទេសកាណាដាវិញ បានរកឃើញថាឪពុកម្ដាយដែលតឹងរ៉ឹងចំពោះកូនមានលទ្ធភាពធ្វើឲ្យកូនចេះកុហកបោកប្រាស់ច្រើន។ ការសិក្សាស្ទង់មតិបានធ្វើឡើងនៅសាលាអាហ្វ្រិកខាងលិចចំនួន២ ដោយប្រៀបធៀបកូនដែលមានវិន័យក្នុងគ្រួសារតឹងតែងខ្លាំង និងគ្រួសារមានវិន័យធូរល្មម។
ជាលទ្ធផល ឪពុកម្ដាយដែលតែងតែប្រដៅកូននឹងពាក្យសម្លុតគំរាមកំហែងពេលពួកគេធ្វើខុស កូនទាំងនោះកាន់តែមានជំនាញកុហកច្រើនឡើងៗ ព្រោះដើម្បីគេចចេញពីការស្ដីបន្ទោសមុខក្រោយ ឬឈឺសាច់។
ទោះជាយ៉ាងណា អ្នកជំនាញជាច្រើនបានស្នើឲ្យឪពុកម្ដាយចៀសវាងការសម្លុតគំរាមគំហកខ្លាំងៗ ឬវាយដំចំពោះកូន ដែលធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ក្មេង រួចគួរប្រើសម្ដីថ្នមៗ អប់រំ និងប្រាប់ហេតុផលច្បាស់លាស់ដល់កូនបើពួកគេធ្វើខុស៕
No comments:
Post a Comment