loading...

Tuesday, November 29, 2016

បាក់​ស្រុត​រណ្ដៅ​យក្ស​នៅ​ជប៉ុន​សារ​ជា​ថ្មី ក្រោយ​ជួសជុល​រយៈ​ពេល​ខ្លី

រណ្ដៅ​យក្ស​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ទើប​តែ​បាន​ជួស​ជុល​រួច​រាល់ កាល​ពី​ពាក់​កណ្ដាល​ខែ​កន្លង​ទៅ​នេះ កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​បាក់​ស្រុត​ម្ដង​ទៀត។
ចរាចរណ៍​ត្រូវ​បាន​បញ្ឈប់ នៅ​ចំណុច​ប្រសព្វ​មួយ ក្នុង​ទីក្រុង Fukuoka កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ផ្លូវ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បាក់​ស្រុត​ជម្រៅ ៧​សង់ទីម៉ែត្រ។
គួរ​រំលឹក​ថា កាល​ពី​ដើម​ខែ កន្លង​ទៅ​នេះ រណ្ដៅ​យក្ស​មួយ​បាន​បាក់​ស្រុត​កណ្ដាល​​ផ្លូវ​ជាតិ ទំហំ​មុខកាត់​ ៣០​ម៉ែត្រ និង​ជម្រៅ​ ១៥​ម៉ែត្រ​នៅ​ទីក្រុង Fukuoka ប្រទេស​ជប៉ុន តែ​ត្រូវ​បាន​​ក្រុម​អ្នក​ជំនាញ​ជួស​ជុល​ឡើង​វិញ​រួច​រាល់ ត្រឹម​តែ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។
ផ្លូវ​ក្រោយ​ពេល​ជួស​ជុល​រួច
បើ​តាម​ការ​​រាយ​ការណ៍ បាន​ឲ្យ​ដឹង​​ថា ការ​បាក់​ស្រុត​​ (លើកមុន) បង្ក​ឡើង​ដោយ​សំណង់​​ក្រោម​ដី។ ​ក្រោយ​​ឃើញ​បែប​នេះ ​ក្រុម​ការងារ​​បាន​សិក្សា​វាស់វែង​ រួច​ចាប់​ផ្ដើម​ប្រតិបត្តិការ​ជួស​ជុល​​ ដោយ​ចាក់​បំពេញ​​ខ្សាច់ ​ស៊ីម៉ង់​សើម​ ជួស​ជុល​ប្រព័ន្ធ​​ភ្លើង ​ហ្គាស ​និង​ទុយយោ​ទឹក​ជា​ដើម។ អភិបាល​ក្រុង ​​លោក Soichiro Takashima ​​មាន​ប្រសាសន៍​ថា ផ្លូវ​នោះ​រឹង​មាំ​​ជាង​​មុន​ ៣០​ដង​ឯណោះ និង​​មិន​មាន​ការ​បាក់​ស្រុត​កើត​ឡើង​​ជា​ថ្មី​ទៀត​​ឡើយ។
វីដេអូ​នៃ​ការ​ជួសជុល​រណ្តៅ​យក្ស
ទោះ​បី​ជា​យ៉ាង​ណា ក្រោយ​ពី​មាន​សញ្ញា​ថា ផ្លូវ​អាច​នឹង​បាក់​ស្រុត​ម្តង​ទៀត លោក Takashima បាន​ធ្វើ​ការ​សុំទោស នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចំពោះ​ការ​ដែល​មិន​បាន​ផ្ដល់​ដំណឹង ជូន​ប្រជាពលរដ្ឋ​ថា ផ្លូវ​នោះ​អាច​នឹង​បាក់​ស្រុត​ម្តង​ទៀត៕
ប្រភព៖ CNN

No comments:

Post a Comment